ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ជនជាតិអាម៉េរិកជាង ១០០ លាននាក់កំពុងត្រូវបានព្រមានឱ្យស្នាក់នៅក្នុងផ្ទះ ប្រសិនបើអាចធ្វើទៅបាន ខណៈសីតុណ្ហភាពខ្ពស់និងសំណើមខ្ពស់កំពុងគ្របដណ្តប់លើរដ្ឋជាច្រើន ដោយលាតសន្ធឹងតាមផ្នែកខ្លះនៃឈូងសមុទ្រអាម៉េរិករហូតដល់បឹងហ្គ្រេតឡេក (Great Lakes) និងរដ្ឋខារ៉ូលីណា (Carolina) នៅភាគខាងកើត។

មជ្ឈមណ្ឌលព្យាករណ៍នៃសេវាកម្មអាកាសធាតុជាតិនៅទីក្រុងខូលិចផាក (College Park) រដ្ឋម៉ារីលែន (Maryland) បានឱ្យដឹងកាលពីថ្ងៃចន្ទទី១៣មិថុនាថា មនុស្ស ១០៧,៥ លាននាក់នឹងរងផលប៉ះពាល់ ដោយរួមបញ្ចូលទាំងការណែនាំអំពីកម្តៅ ការព្រមានអំពីកម្តៅខ្លាំង និងការឃ្លាំមើលកម្តៅហួសប្រមាណរហូតដល់ថ្ងៃពុធ។

សេវាអាកាសធាតុបាននិយាយថា រលកកម្តៅ ដែលបានបំបែកឯតទគ្គកម្មសីតុណ្ហភាពខ្ពស់មួយចំនួននៅភាគខាងលិច ភាគនិរតី និងចូលដល់ទីក្រុងដេនវើ (Denver) កាលពីចុងសប្តាហ៍ បានផ្លាស់ទីទៅកាន់ភាគខាងកើតនៃឈូងសមុទ្រអាម៉េរិក និងប៉ែកកណ្តាលឈៀងខាងលិចកាលពីថ្ងៃចន្ទ ហើយនឹងពង្រីកទៅកាន់បឹងហ្គ្រេតឡេកនិងទៅកាន់រដ្ឋខារ៉ូលីណានៅភាគខាងកើត។

ទីក្រុងសែងល្វីស (St. Louis) ទីក្រុងមេមហ្វីស (Memphis) ទីក្រុងមីននីប៉ូលីស (Minneapolis) និងទីក្រុងទូលសា (Tulsa) គឺស្ថិតក្នុងចំណោមទីក្រុងមួយចំនួនដែលស្ថិតក្រោមការព្រមានអំពីកម្តៅខ្លាំងហួសប្រមាណ ដោយសីតុណ្ហភាពត្រូវបានព្យាករណ៍ថានឹងឡើងដល់ប្រហែល ៣៨ អង្សាសេ អមដោយសំណើមខ្ពស់ ដែលអាចធ្វើឱ្យមានអារម្មណ៍ថាក្តៅជិត ៤៣ អង្សាសេ។

លោក រ៉ូជើ ប្រ៊ីត កំពុងដើររកបន្លែក្រោមកម្តៅថ្ងៃស្ទើរឆេះនៅទីក្រុងជែកសុន

នៅទីក្រុងជែកសុន (Jackson) ក្នុងរដ្ឋមីសស៊ីស៊ីបពី (Mississippi) អ្នកស្រុកបានប្រថុយជាមួយនឹងសីតុណ្ហភាពឡើងដល់ ៣៥ អង្សាសេកាលពីថ្ងៃចន្ទ ដើម្បីបំពេញការងារប្រចាំថ្ងៃរបស់ពួកគេ។ លោក រ៉ូជើ ប្រ៊ីត (Roger Britt) អាយុ ៦៧ ឆ្នាំបានប្រថុយដើរទៅសួនច្បារក្បែរនោះដើម្បីស្វែងរកបន្លែសម្រាប់អាហារពេលល្ងាច។

លោកប្រ៊ីតគិត​ថា​អាកាសធាតុ​នៅទីក្រុងជែកសុនគឺ​មិន​អាច​ទាយ​ទុក​មុនបានទេនៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

លោកបន្តថា “វាត្រជាក់ណាស់នៅរដូវរងាកន្លងទៅនេះ ដូច្នេះខ្ញុំដឹងហើយថាវានឹងក្តៅខ្លាំងនៅរដូវប្រាំង”៕