ដោយ​:​តា​កែវ / តាកែវ​: អភិបាលស្រុក​បាទី បាន​គូសបញ្ជាក់ថា​: ការចុះកិច្ចសន្យា​ជាមួយនឹង​សេវាករ​ប្រមូល​សំរាម នៅក្នុង​ភូមិសាស្ត្រ​ស្រុក​បាទី វា​នឹង​ធ្វើឱ្យ​ស្រុក​បាទី មាន​បរិស្ថាន អនាម័យ កាន់តែ​ល្អ​ស្អាត គ្មាន​សំរាម​ហើរ​តាម​ខ្យល់ និង​បង្កើន​សោភ័ណភាព​ផងដែរ ។

​លោក ភួ​ន ឈី​ម អភិបាលស្រុក​បាទី បាន​គូសបញ្ជាក់​ដូច្នេះ នៅក្នុង​ឱកាសលោក បាន​អញ្ជើញ​ចុះ​កិច្ចព្រមព្រៀង ជាមួយ​សេវាករ លើ​ការប្រមូល​សំរាម និង​សំណល់​រឹង រាវ នៅតាម​ទីប្រជុំជន ក្នុងស្រុក​បាទី នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៣ ខែមិថុនា ឆ្នាំ​២០២២ នេះ នៅ​សាលាស្រុក​។

​លោក ភួ​ន ឈី​ម បាន​មានប្រសាសន៍ថា​: ខណៈពេលដែល​ទីតាំង ស្រុក​បាទី​របស់​ខេត្តតាកែវ មានការ​អភិវឌ្ឍន៍ រីកចម្រើន​ខ្លាំង ដោយសារ​មាន​រោងចក្រ​សហគ្រាស ប្រមាណ ៣០ បាន​បោះ​ទីតាំងនៅ​ក្នុងស្រុក​នេះ រួមទាំង​មាន​ផ្សារ​ចំនួន​៤ នៅ​ទីប្រជុំជន នៅលើ​ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​៣ ដែល​នាំ​ឲ្យ​មានការ​ពិបាក ក្នុងការ​គ្រប់គ្រង​សំរាម ប្រភេទ​កាកសំណល់​រឹង​និង​រាវ ដើម្បី​ធ្វើយ៉ាងណា ឲ្យ​ការប្រមូល​សម្រាម​នៅក្នុង​ស្រុក បាន​ទាន់ពេលវេលា និង​បង្កើន​សោភ័ណភាព​របស់​ស្រុក​។

​លោក ភួ​ន ឈី​ម បាន​ថ្លែង​ឲ្យ​ដឹងថា​: ការគ្រប់គ្រង​សំរាម​របស់​រដ្ឋបាល​ស្រុក ពីមុនមក គឺធ្វើឡើង​មិនមាន​ភាពច្បាស់លាស់ ដោយ​ដោះស្រាយ​បញ្ហា​ឱ្យ​រួច​មួយគ្រាៗ​សិន ក៍​ប៉ុន្តែ​ដោយសារ​ស្ថានភាព​ស្រុក មានការ​រីកចម្រើន​ខ្លាំង ព្រោះ​មាន​រោងចក្រ សហគ្រាស ចំនួន​ជាង ៣០ បាន​បោះទីតាំង​វិនិយោគ នៅក្នុង​ស្រុក​បាទី មាន​ផ្សារ​នៅ​ទីប្រជុំជន ចំនួន​៤ រួម​នឹង​កំណើន​ប្រជាពលរដ្ឋ កើនឡើង ដែល​នាំ​ឲ្យ​ការពិបាក ក្នុងការ​ប្រមូល​សម្រាម និង​ដុត​សម្រាម ដូច្នោះ​ក្រសួងបរិស្ថាន​បានផ្ដល់​ឡ​ដុត​សម្រាម​មួយ មក​រដ្ឋបាល​ស្រុក ហើយ​បាន​រដ្ឋបាល​ស្រុក បាន​ស្វែងរក​សេវាករ ដើម្បី​សហការ​ប្រមូល​សម្រាម យកទៅ​ដុត​ឲ្យ​បាន​ទាន់ពេលវេលា និង​ការគ្រប់គ្រង​សម្រាម ឲ្យ​បានល្អ​ប្រសើរ​។

​បើតាម​ប្រសាសន៍​របស់លោក​អភិបាលស្រុក​បាទី ក្នុង​មួយថ្ងៃៗ ស្រុក​បាទី មាន​សម្រាម​ប្រមាណ ២០ តោន ដែល​ទាមទា​ឲ្យ​អាជ្ញាធរ រួម​នឹង​សេវាករ​ប្រមូល​សម្រាម​សហការ​គ្រប់គ្រង​បញ្ហា​សម្រាម នៅក្នុង​ស្រុក​ឲ្យ​បានល្អ​ប្រសើរ​។

​នៅក្នុង​ឱកាស​នោះដែរ លោក​អភិបាលស្រុក​បាទី ភួ​ន ឈី​ម បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​អាជីវករ​នៅតាម​ផ្សារ និង​រោងចក្រ សហគ្រាស សូម​រក្សា​ទុកដាក់ វេច​ខ្ចប់​សម្រាម ឱ្យបាន​ល្អ កុំ​បោះចោល​ពាសវាល​ពាសកាល ដែល​នាំ​ឲ្យ​ប៉ះពាល់ ដល់​បរិស្ថាន និង​សោភ័ណភាព​ស្រុក ដោយ​រង់ចាំ​សេវាករ​ប្រមូល​សម្រាម ទៅ​ដឹកជញ្ជូន​ដល់​កន្លែង ដើម្បី​យកទៅ​ដុតបំផ្លាញ​ចោល​។

​លោក ឡោ ជំនិត សេវាករ​ប្រមូល​សម្រាម បាន​ថ្លែង​ឲ្យ​ដឹងថា​: ការប្រមូល​សម្រាម នឹង​ចាប់ផ្ដើម​ពី​ខែ​កក្ដ​ដា ឆ្នាំ​២០២២ តទៅ ហើយ​ទីតាំង​ដុត​សម្រាម មាន​ទំហំ​ផ្ទៃដី​ប្រមាណ ២ ហិកតា ដោយ​ដុត​សម្រាម​ប្រមាណ ៧ តោន ក្នុង​មួយថ្ងៃ ហើយ​នៅពេល​ខាងមុខ លោក នឹង​បង្កើន​ទំហំ​ផ្ទៃដី និង​ទិញ​ឡ​ដុត​សម្រាម​បន្ថែមទៀត​ដើម្បី​ឲ្យ​ការដុត​សម្រាម បាន​ទាន់ពេលវេលា​។

​លោក ឡោ ជំនិត បាន​អះអាងថា​: ជា​ទិសដៅ​នៅក្នុង​ការប្រមូល​សម្រាម​ដំបូង គឺ​លោក នឹង​ចាប់ផ្ដើម​ប្រមូល​សម្រាម​នៅតាម​ទីប្រជុំជន និង​នៅតាម​ផ្លូវជាតិ និង​ទីសាធារណៈ មុននឹង​ចាប់ផ្ដើម​ប្រមូល​សម្រាម តាម​រោងចក្រ សហគ្រាស និង​ផ្ទះ​របស់​បងប្អូន​ប្រជាពលរដ្ឋ ហើយ​ក្នុងនាម​សេវាករ លោក​នឹង​ប្រឹងប្រែង​ធ្វើ​កិច្ចការ​នេះ ឲ្យ​បានល្អ​ប្រសើរ ដើម្បី​ធ្វើយ៉ាងណា ឲ្យ​ស្រុក​បាទី ជា​ស្រុក​មួយ​ដែល​គ្រប់គ្រង​សម្រាម​បានល្អ​៕/V​