ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ កីឡាការិនី​បាល់បោះ​កូនកាត់​ខ្មែរ​-​អាមេរិក ស៊ី​ម៉ា​សួន អេ​លី​ស៊ី មាន​ជំនឿ​ចិត្ត​ថា សម្រាប់​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​នោះ វិញ្ញាសា​បាល់បោះ​នារី ៣​ទល់​៣ នឹងធ្វើ​បានល្អ តែ​កុំ​ភ្លេច​កែលម្អ​នូវ​ចំណុច​ខ្វះខាត​ខ្លះៗ ។

​កីឡាការិនី​រូបនេះ បាន​និយាយថា​: វា​ជា​បទពិសោធន៍​ដ៏​អស្ចារ្យ និង​ជា​កិត្តិយស​មួយ ដែល​នាង​បាន​ចូលរួម​ជា តំណាង​ប្រទេស​កម្ពុជា ដែលជា​ប្រទេស​កំណើត​របស់​នាង នៅក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ។ វិញ្ញាសា​បាល់បោះ ៣​ទល់​៣ ពិតជា​មានការ​ប្រកួត​ប្រជែង​ខ្លាំង ជាមួយនឹង​កីឡាការិនី​ដ៏​ខ្លាំងៗ មកពី​តំបន់​អាស៊ីអាគ្នេយ៍ ។

​វិញ្ញាសា​បាល់បោះ ៣​ទល់​៣​នេះ លេង​លឿន​ខ្លាំងណាស់ តែ​បន្ទាប់ពី​ទទួលបាន​បទពិសោធន៍ ក្នុង​ព្រឹត្តិការណ៍​នេះ យើង​ពិតជា​រំភើប​ហើយ​អ្នកទស្សនា ក៏មាន​ការជក់​ចិត្ត​ទៀតផង ។

​ក្នុងចំណោម ៧ ប្រទេស បាល់បោះ​នារី ៣​ទល់​៣ កម្ពុជា បានបញ្ចប់​ការប្រកួត ទៅដោយ​ការរង​បរាជ័យ ៦​ប្រកួត ពោលគឺ ប្រកួត​ទី​១ ចាញ់​ម៉ាឡេស៊ី ២​ទល់​២១, ប្រកួត​ទី​២ ចាញ់​ហ្វីលីពីន ៥​ទល់​-២១, ប្រកួត​ទី​៣ ចាញ់​ម្ចាស់ផ្ទះ​វៀតណាម ៧​ទល់​២១, ប្រកួត​ទី​៤ ចាញ់​ថៃ ២​ទល់​២២ ប្រកួត​ទី​៥ ចាញ់​សិង្ហ​បុរី ៦​ទល់​២១ និង​ប្រកួត​ចុងក្រោយ ចាញ់​ឥណ្ឌូនេស៊ី ៧​ទល់​២១​។ ខណៈ​ស៊ី​ម៉ា​សួន​អេ​លី​ស៊ី បាន​បង្ហើប​ឲ្យ​ដឹង​ពី​មូលហេតុ ដោយសារ​កង្វះខាត នៃ​ការហ្វឹកហាត់​ជុំគ្នា អំឡុងពេល​បិទ​ខ្ទប់ នៅ​សហរដ្ឋអាមេរិក​។

​កីឡាការិនី​រូបនេះ បាន​និយាយថា​: ក្រុម​របស់​យើង​ខ្វះ​ភាព​រួមបញ្ចូល​គ្នា​។ ការរៀបចំ​ការប្រកួត ជា​ក្រុម​មានការ​ពិបាក ដោយសារ​កូ​វីដ​។ យើង​រស់នៅ​ឆ្ងាយ​ពីគ្នា​។ យើង​ដឹងថា យើង​នឹងត្រូវ​ហ្វឹកហាត់​រួមគ្នា តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​អភិវឌ្ឍន៍​ការរួមបញ្ចូល​គ្នា​របស់​យើង និង​លេង​ជាមួយគ្នា ប្រកបដោយ​ប្រសិទ្ធភាព​។ វា​ក៏​ជា​លើក​ទី​១ របស់​យើង ដែល​លេង​វិញ្ញាសា ៣​ទល់​៣​។

​វា​មាន​បញ្ហាលំបាក​ច្រើន ទាក់ទង​នឹង​ការ​សម្រប​ជាមួយ​ទម្រង់​លេង​របស់​កីឡាករ​ម្នាក់ៗ ទៅនឹង​ប្រភេទ​នៃ​ការប្រកួត​នោះ​។ ទោះបីជា​ទទួលបាន​លទ្ធ​ផល​បែបណាក៏ដោយ យើង​មាន​អារម្មណ៍​ថា យើង​ទទួលបាន​បទពិសោធន៍ និង​ដឹង​ពីអ្វី​ដែល​យើង​ត្រូវ​កែលម្អ សម្រាប់​ស៊ី​ហ្គេម ឆ្នាំ​២០២៣​។

​ដើម្បី​ត្រៀម​សម្រាប់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ នៅ​កម្ពុជា​កីឡាការិនី វ័យ​២៧​ឆ្នាំ​រូបនេះ បាន​សង្កត់ធ្ងន់ថា​: យើងទាំងអស់គ្នា បាន​ត្រឡប់មកផ្ទះ​វិញ ជាមួយនឹង​បទពិសោធន៍​ជាច្រើន ពី​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២២​។ យើង​នឹង​ឆ្លើយតប​ពីអ្វី​ដែល​យើង​ត្រូវការ​ដើម្បី​កែលម្អ និង​ខិតខំ​ប្រឹងប្រែង​ឲ្យ​កាន់តែខ្លាំង​។

​នៅខាងមុខ​យើង មាន​ផ្លូវ​ដ៏​វែងឆ្ងាយ ប៉ុន្តែ​យើង​បានដាក់​ចិត្ត​ដាក់​កាយ ដើម្បី​ការងារ​នេះ ហើយ​ត្រឡប់មកវិញ កាន់តែខ្លាំង នៅ​ឆ្នាំ​២០២៣​។ យើង​រំភើប​សម្រាប់​ឱកាស​ផ្សេងទៀត ក្នុងការ​ប្រកួតប្រជែង ហើយ​ចង់​ធ្វើ​ឲ្យ​ប្រទេស​របស់​យើង មាន​មោទកភាព​។

​ស៊ី​ម៉ា​សួន អេ​លី​ស៊ី កើត​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​១៩៩៥ នៅ​ទីក្រុង​លូ​វែ​ល រដ្ឋ Massachusetts សហរដ្ឋអាមេរិក ដោយមាន​ឪពុកម្ដាយ ជា​ជនជាតិខ្មែរ ដែល​ទៅ​រស់នៅ​ទីនោះ តាំងពី​សម័យ​សង្គ្រាម​។ ទោះបី​កើត និង​ធំធាត់ នៅ​សហរដ្ឋអាមេរិក ប៉ុន្តែ ស៊ី​ម៉ា​សួន នៅតែ​ភ្ជាប់​ទំនាក់ទំនង យ៉ាង​ស៊ីជម្រៅ ជាមួយ​វប្បធម៌​ខ្មែរ​។

​កីឡាការិនី​រូបនេះ បានចាប់ផ្ដើម​លេង​បាល់បោះ តាំងពី​អាយុ​១០​ឆ្នាំ ជាមួយ​ក្រុម​នៅ​សាលារៀន​របស់ខ្លួន​។ គេ​ក៏​ធ្លាប់ជា​សមាជិក​របស់​ក្លិប AAU ទៀតផង​។ ក្រៅពី​បាល់បោះ ស៊ី​ម៉ា​សួន ក៏​អាច​ប្រកួត​លើ​ប្រភេទ​កីឡាអត្តពលកម្ម វិញ្ញាសា​រត់ប្រណាំង​, លោត​កម្ពស់ និង​ចោល​ស្នរ ថែមទៀត​៕/V​