ដោយ​:​អង្គា​រ៍​ហេង / ភ្នំពេញ​: លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ បាន​លើកឡើងថា​: ការដាំដុះ ការជួញដូរ ការប្រើប្រាស់ និង​ការដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងកាត់​ផ្សេងៗ នៅតែមាន និង​មិនមាន​ការថយចុះ គិត​ទាំង​ពិភពលោក និង​តំបន់ ក្នុងនោះ ចំណុច​មួយ​ដែល​សំខាន់ គឺពាក់ព័ន្ធ​ហិរញ្ញវត្ថុ ដែល​ហៅថា ហិរញ្ញ​ទាន​គ្រឿងញៀន​។

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​អនុប្រធាន​ក្រុមការងារ​ប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញ​ទាន​ភេ​វរ​កម្ម (​ប​សប ហ​.​ភ​) តំណាង​ដ៏​ខ្ពង់ខ្ពស់ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​មានប្រសាសន៍ នៅពេល​លោក បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សម្អាត​ប្រាក់​ជុំ​ទី​៩ និង​ជុំ​ទី​១០ ផ្សព្វផ្សាយ​ដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ទិន្នន័យ​ថ្មី (Database System) និង​ទិសដៅ​ការងារ​អនុវត្ត​បន្ត កាលពី​ព្រឹក​ថ្ងៃទី​១៣ មិថុនា​នេះ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ បាន​ថ្លែង បន្តថា​: ការបង្ក្រាប​តាមផ្លូវ​ច្បាប់ ការចាប់​ផ្តន្ទាទោស ដោយ​មិនបាន​បំបាត់​ប្រភព​ហិរញ្ញវត្ថុ​នេះ​ទេ គឺ​មិនអាច​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នេះ​បានទេ​។ លោក ក៏បាន​ជំរុញ​ឱ្យ​កងកម្លាំង​នគរបាល​ទាំងអស់ ខិតខំ​បង្កើន​សមត្ថភាព​ក្នុងការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ ជាពិសេស​បទល្មើស​គ្រឿងញៀន និង​បទល្មើស​សម្អាត​ប្រាក់ និង​បានដាក់​ទិសដៅ​ការងារ ចំនួន ៤ ចំណុច ដូចខាងក្រោម ៖

១-​បន្ត​ស៊ើបអង្កេត​ករណី​ដែល​នៅ​ដក់​សល់​នៅ​ជុំ​ទី​៩ ដើម្បី​បិទ​បញ្ចប់​សំណុំរឿង ឬ​បញ្ជូន​សំណុំរឿង ទៅ​តុលាការ ឲ្យ​បាន​ឆាប់រហ័ស​។

២-​បន្ត​ស៊ើបអង្កេត​ករណី​ជុំ​ទី​១០ ដើម្បី​បិទ​បញ្ចប់​សំណុំរឿង ឬ​បញ្ជូន​សំណុំរឿង ទៅ​តុលាការ ឲ្យ​បាន​ឆាប់រហ័ស​។

៣-​ធ្វើ​របាយការណ៍​ទៅ​ប្រធាន​អង្គភាព លើ​ករណី​ដែល​សន្ម​ត់​ថា គ្មាន​សញ្ញាណ​សម្អាត​ប្រាក់ ឲ្យ​បាន​ឆាប់រហ័ស និង​ដាក់​កាលបរិច្ឆេទ តាម​ថ្ងៃ​ដែល​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​។

៤-​ចងក្រង​ស្ថិតិ​ករណី​សម្អាត​ប្រាក់ នៅតាម​បណ្តា​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ដើម្បី​គ្រប់គ្រង​ទិន្នន័យ​ឲ្យ​បានច្បាស់លាស់​។

​បើតាម​របាយការណ៍​ដែល​អាន​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាន សុ​ទ្ធី នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បានឱ្យដឹងថា​: ស្ថិតិ​ក្នុង​របាយការណ៍​ក្នុង​ជុំ​ទី​៩ ករណី​គ្រឿងញៀន​សរុប​ចំនួន ២.១៤៨ ករណី ក្នុងនោះ ករណី​តូចតាច​ចំនួន ១.៨៧៩ ករណី​, ករណី​ធម្មតា​ចំនួន ២៤០ ករណី​, ករណី​ធ្ងន់ធ្ងរ ចំនួន ២៩ ករណី ហើយ​ស្ថិតិ​ដែល​សន្ម​ត់​ថា គ្មាន​សញ្ញាណ​សម្អាត​ប្រាក់​ចំនួន ១២០ ករណី​។

​របាយការណ៍​វឌ្ឍនភាព​ជុំ​ទី​៩​របស់​កម្ពុជា ទទួលបាន​ការកោតសរសើ​រ​ពី​ក្រុមការងារ JG និង​បាន​ដំឡើង​ចំណាត់ថ្នាក់​ឲ្យ I06 , I07 , I011 ទៅជា Largely addresses ប៉ុន្តែ​ត្រូវ​បន្ត​ការរាយការណ៍​។

​ស្ថិតិ​បណ្តោះអាសន្ន​ករណី​សម្អាត​ប្រាក់​ជុំ​ទី​១០ ចាប់ពី​ថ្ងៃទី​២៩ ខែមីនា រហូតដល់​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២២ នេះ ករណី​បង្ក្រាប​គ្រឿងញៀន​សរុប​មាន​ចំនួន ១.០២៨ ករណី ក្នុងនោះ ករណី​តូចតាច​មាន​ចំនួន ៩៦២ ករណី​, ករណី​ធម្មតា​មាន​ចំនួន​៦២ និង​ករណី​ធ្ងន់ធ្ងរ​មាន​ចំនួន ៤​ករណី បាន​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ ចំនួន​៤​ករណី​៕/V​