ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ ក្រសួង​ធ​ង​ធនធានទឹក និង​ឧតុនិយម​នៅ​ថ្ងៃទី​១៤ ខែមិថុនា ជូនដំណឹង​ស្តីពី​ការ​ព្យាករ​ធាតុអាកាស​សម្រាប់​ពីថ្ងៃ​ទី​១៥ ដល់​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២២​ថា​​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​បន្ត​ទទួលរង​ឥទ្ធិពល​ពី​ជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប ដែល​អូសបន្លាយ​កាត់​លើ​ភាគ​ខាងជើង​ប្រទេស​ថៃ ប្រទេស​ឡាវ និង​ប្រទេស​វៀតណាម ជាមួយនឹង​ខ្យល់មូសុង​និរតី​បក់​ក្នុង​ល្បឿន​មធ្យម ធ្វើឱ្យមាន​ភ្លៀង​ធ្លាក់​នៅក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​អំឡុងពេល​ជាមួយគ្នា​នោះ​ក៏​អាចមាន​ផ្នែក​នៃ​បណ្តា​ខេត្ត​ខ្លះ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ដែរ​។​

​ក្នុង​សេចក្តីជូនដំណឹង​បានឱ្យដឹង​ទៀតថា​ស្ថានភាព​បែប​ខាងលើ​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៤​ទៅ​២៦​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣៤​ទៅ​៣៧​អង្សា​សេ ។ បណ្តា​រាជធានី​ខេត្ត​នានា​នឹង​អាចមាន​ភ្លៀង​ធ្លាក់​នៅក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។ ក្នុងអំឡុងពេល​ជាមួយគ្នា​នោះ​ក៏​អាចមាន​ផ្នែក​ខ្លះ​នៃ​បណ្តា​ខេត្ត​មួយចំនួន​មាន​ភ្លៀង​ធ្លាក់​ច្រើន​។​

​សម្រាប់​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក​និង​ខ្ពង់រាប​ភាគ​ឦសាន​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៣​ទៅ​២៥​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី​៣៤​ទៅ​៣៦​អង្សា​។​​អាចមាន​ភ្លៀង​ធ្លាក់​នៅក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​សម្រាប់​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៤​ទៅ​២៦​អង្សា​សេ​និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣៤​ទៅ​៣៦​អង្សា​សេ​។​អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​៕​