ដោយ​៖ ឈុំ រ៉ា​,​គាត ស្រី​ឡែ​ន និង​ឡុង ដា​នី​/ភ្នំពេញ៖នៅវេលា​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២២ មជ្ឈមណ្ឌល​ឯកសារ​កោះ​ថ្ម ខេត្ត​ត្បូងឃ្មុំ បាន​បន្ត​បើក​វេទិកា​ថ្នាក់រៀន​ស្ដីអំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)​សម្រាប់​សិស្សានុសិស្ស​ថ្នាក់​ទី​១១ និង​ទី​១២​នៃ​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុល​ផ្សារ​។ សិស្សានុសិស្ស​ចំនួន​៣១​នាក់ និង​មានការ​ចូលរួម​ពី​លោកគ្រូ​ចំនួន​បីនាក់​។

ការរៀបចំ​វេទិកា​ថ្នាក់រៀន​នេះ​ឡើង​ក្នុង​គោលបំណង​ផ្តល់ឱកាស​ដល់​សិស្សានុសិស្ស​ក្នុងការ​ចែករំលែក និង​បង្ហាញ​ពី​ចំណេះដឹង​ផ្ទាល់ខ្លួន​របស់​ពួកគេ​នៅលើ​អ្វីដែល​បានកើត​ឡើង​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩),​លើកទឹកចិត្ត​សិស្ស​ឲ្យ​មានការ​គិតពិចារណា លើ​ផលវិបាក​អន្តរកាល​កេរដំណែល​នេះ​ក្នុងសង្គម​កម្ពុជា​បច្ចុប្បន្ន​,​ជំរុញ​ការពិភាក្សា​អំពី​កេរដំណែល​នេះ​នៅក្នុង​គ្រួសារ និង​សហគមន៍​, ជំរុញ​ការពិភាក្សា​អំពី​ការលើកឡើង​នូវ យុទ្ធសាស្ត្រ​មួយចំនួន​ក្នុងការ​ទប់ស្កាត់​អំពើប្រល័យពូជ សាសន៍​នៅក្នុង​ប្រទេស​។

ជា​កិច្ច​ចាប់ផ្តើម​ក្រុមការងារ​មជ្ឈមណ្ឌល​ឯកសារ​កោះ​ថ្ម​បាន​ចែក​ក្រដាស​វាស់​ស្ទង់​ចំណេះដឹង​ដល់​សិស្ស​មុន​ចាប់ផ្ដើម​វេទិកា​ថ្នាក់រៀន​។ បន្ទាប់មក​ក្រុមការងារ​បាន​ចែក​សៀវភៅ​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដល់​សិស្សានុសិស្ស​។

បន្តមក​លោក ឡុង ដា​នី នាយក​មជ្ឈមណ្ឌល​ឯកសារ​កោះ​ថ្ម ធ្វើការ​ណែនាំ​ខ្លួន និង​ជម្រាប​ដល់​សិស្សានុសិស្ស ទាក់ទង​មជ្ឈមណ្ឌល​ឯកសារ​កោះ​ថ្ម បង្កើតឡើង​ក្រោម​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​រវាង​ក្រសួង​អប់រំ​យុវជន និង​កីឡា ក្រសួងការពារជាតិ និង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។ ម​ជ្ឈ​មណ្ឌល​ឯកសារ​កោះ​ថ្ម​មាន​គោលបំណង ដើម្បី​បង្ហាញ​អំពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​ចាប់ពី​ទសវត្សរ៍​ឆ្នាំ​១៩៦០ រហូតដល់​ទសវត្សរ៍​ឆ្នាំ​១៩៩០,​ពង្រឹង​ដល់​ដំណើរការ​សន្តិភាព និង​ទប់ស្កាត់​ជម្លោះ​នានា​តាមរយៈ​កម្មវិធី​អប់រំ ផ្តល់ឱកាស​ឲ្យ​យុវជន​ជំនាន់​ក្រោយ​ដែល​ភាគច្រើន​រស់នៅ​តាម​ជនបទ​ចូលរួម​រៀនសូត្រ​, លើកទឹកចិត្ត​ដល់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​ក្នុងការ​ចែករំលែក​អំពី​រឿងរ៉ាវ ឬ​បទពិសោធន៍​ផ្ទាល់ខ្លួន​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​។ ប្រមែប្រមូល​រឿងរ៉ាវ​របស់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​និង​ទីតាំង​បទឧក្រិដ្ឋ​ដែល​បន្សល់​ពីរ​បប​ខ្មែរក្រហម​។

កិច្ច​បន្ទាប់ លោក ឡុង ដា​នី បាន​ដឹកនាំ​សិស្សានុសិស្ស​ដើរ​ទស្សនា​ពិព័រណ៍​រូបថត​ដែល​បន្សល់ទុក​ពី​ទសវត្សរ៍​ឆ្នាំ​១៩៦០ ដល់​ទសវត្សរ៍​ឆ្នាំ​១៩៩០​។ រូបថត​ទាំងនោះ​រួមមាន​៖ រូបថត​បង្ហាញ​ពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​ដោយ​ផ្តើមចេញពី​តំបន់​កោះ​ថ្ម ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ និង​ស្រុក​ស្នួល ខេត្តក្រចេះ​។ រូបថត​របប​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥ -១៩៧៩) ដែល​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ប្រមាណ​២​លាន​នាក់​ស្លាប់​។ រូបថត​នៃ​សកម្មភាព​ប្រជាជន​កម្ពុជា​បន្ទាប់ពីរ​បប​ខ្មែរក្រហម​ដួលរលំ​នៅ​ឆ្នាំ​១៩៧៩​។ រូបថត​ភ័​ស្ថុ​តាង​មួយចំនួន​អំពី​បទឧក្រិដ្ឋ​របស់​ខ្មែរក្រហម​មកលើ​ប្រជាជន​កម្ពុជា​។ រូបគំនូរ​បង្ហាញ​អំពី​ដំណើរ​ឆ្ពោះទៅ​ការផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​១៩៧៧ និង​ចុងក្រោយ​គឺ​រូបថត​ស្តីអំពី​ការផ្តួចផ្តើម​បង្កើត​គោលនយោបាយ ឈ្នះ ឈ្នះ របស់​ស​មេ្ត​ច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ និង​ការទទួលបាន​សន្តិភាព​ពេញលេញ​នៅក្នុង​ឆ្នាំ​១៩៩៨​។ កោះ​ថ្ម​គឺជា​ទីតាំង​ប្រវត្តិសាស្ត្រ​នៃ​ដំណើរ​ផ្សងគ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​យុទ្ធ​មិត្ត​បួន​នាក់​រួមមាន​៖ នុ​ច ថន​, ញឹក ហួន​,​ស៊ូ គឹម​ស្រ៊ាង​ហៅ សាញ់ និង វ៉ា ប៉ោ​អ៊ា​ន ដើម្បី​ស្វះ​ស្វែងរក​កិច្ច​អន្តរាគមន៍ និង​កសាង​កម្លាំង​វាយ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត នា​យប់​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​១៩៧៧​។

ជា​កិច្ច​បន្ត​លោក ផេង ពង្ស​រ៉ាស៊ី នាយក​កម្មវិធី​អប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ធ្វើ​បទ​បង្ហាញ​ដល់​សិស្សានុសិស្ស​នូវ​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥ -១៩៧៩)​។ លោក ផេង ពង្ស​រ៉ាស៊ី លើកយក​គោលនយោបាយ​ទាំង​ប្រាំបីចំណុច​ដែល​ខ្មែរក្រហម​អនុវត្តន៍​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥ -១៩៧៩) មក​បកស្រាយ​បង្ហាញ​ដល់​សិស្សានុសិស្ស​មាន​ដូចខាងក្រោម​៖ ១) ការជម្លៀស​ប្រជាជន​ដោយ​បង្ខំ ២)​ការលុបបំបាត់​លុយ ផ្សារ ទ្រព្យសម្បត្តិ​ឯកជន ប្រពៃណី សាសនា​ទំនៀមទម្លាប់ និង​បំផ្លាញ​សាលារៀន វត្ត​អារាម និង​កន្លែង​លក់ដូរ​ផ្សេងៗ ៣)​ការបង្កើត​សហករណ៍ ការដ្ឋាន​ការងារ ៤)​បំបាត់​សិទ្ធិសេរីភាព​ប្រជាជន ៥)​បំបែកបំបាក់​ក្រុមគ្រួសារ និង​បង្ខំ​ឲ្យ​ធ្វើ​ការងារ​ហួសកម្លាំង ៦)​សម្លាប់​អ្នកចេះដឹង អតីត​ទាហាន លន់ នល់ និង​ជនជាតិភាគតិច ចាម វៀតណាម ចិន ៧)​បង្កើត​មន្ទីរឃុំឃាំង​សម្រាប់​ឃុំឃាំង​ប្រជាជន​ដែល​ត្រូវបាន​ចោទថា​ក្បត់ ៨)​ប្រកាសសង្គ្រាម និង​បញ្ជូន​កងទ័ព​ទៅតាម​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​។ ផលប៉ះពាល់​បន្ទាប់ពីរ​បប​ខ្មែរក្រហម​ដួលរលំ​នៅ​ឆ្នាំ​១៩៧៩ គឺ​សង្គម​កម្ពុជា​ទាំងមូល​បាន​បែកបាក់ បន្សល់ទុក ស្ត្រី​មេម៉ាយ និង​ក្មេង​កំព្រា​រាប់សែន​នាក់​។ ប្រជាជន​កម្ពុជា​ដែល​នៅ​រស់រានមានជីវិត​បា​ន​ប៉ះទង្គិច​ផ្លូវចិត្ត​ធ្ងន់ធ្ងរ និង​មាន​គ្រាប់មីន​រាប់ម៉ឺន​គ្រាប់​កប់​ក្នុង​ដី​ក្នុងប្រទេស​កម្ពុជា ។ កត្តា​ទាំងនេះ​បណ្តាល​ឲ្យ​ប្រទេស​កម្ពុជា​ធ្លាក់​ក្នុង​ភាពក្រីក្រ​រហូតមកដល់​សព្វថ្ងៃ​។ បន្ទាប់មក​លោក ផេង ពង្ស​រ៉ាស៊ី ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ឯកសារ​កុមារ​កម្ពុជា​ដល់​សិ​ស្សា​នុ​សិ​ស្សាទ​ស្សនា​។

នៅ​ចុងបញ្ចប់​វេទិកា​ថ្នាក់រៀន ផេង ពង្ស​រ៉ាស៊ី ធ្វើ​បទ​បង្ហាញ​ពី​និយមន័យ និង ហេតុដែល​បង្ក​ឲ្យ​មាន​ឧក្រិដ្ឋកម្ម​ឃោរឃៅ និង​វិធីសាស្ត្រ​ទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍និង​វាស់​ស្ទង់​ចំណេះដឹង​សិស្ស​ក្រោយ​វេទិកា​បញ្ចប់ ដោយ​ប្រើប្រាស់​កម្រង​សំណួរ​វាស់​ស្ទង់​មតិ​។ លោកគ្រូ និង​សិស្សានុសិស្ស​មាន​ចំណាប់អារម្មណ៍​ចំពោះ​វេទិកា​ថ្នាក់រៀន​ដូចខាងក្រោម​៖

«​ខ្ញុំ​ឈ្មោះ ចាន់ សុជាតិ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ គឺជា​គ្រូបង្រៀន​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុល​ផ្សារ​ឯកទេស​ប្រវត្តិវិទ្យា​។ ខ្ញុំ​ពិតជា​អរគុណ​ច្រើន​ដល់​ក្រុមការងារ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​អញ្ជើញ​ខ្ញុំ​ដែលជា​គ្រូបង្រៀន​មក​ទស្សនកិច្ច​សិក្សា​នៅ​មជ្ឈមណ្ឌល​ឯកសារ​កោះ​ថ្ម និង​បាន​បង្រៀន​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩ ) ដល់​សិស្សានុសិស្ស​មិនសូវ​បានដឹង​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​នេះ​ទេ​។ ម្យ៉ាងទៀត​ក្មេងៗ​មួយចំនួន​មិនសូវ​ចាប់អារម្មណ៍​រឿងរ៉ាវ​ដែល​បាន​កើតឡើង​នៅក្នុង​សម័យ​នោះទេ ទោះជា​រឿងរ៉ាវ​ទាំងអស់នេះ​ជាការ​ពិត​ក៏ដោយ​។ បន្ទាប់ពី​បាន​ស្ដាប់​លោកគ្រូ​ឧទ្ទេស​ធ្វើ​បទ​បង្ហាញ​ដោយ​យកចិត្តទុកដាក់​និង​ជក់ចិត្ត​រួចមក ខ្ញុំ​មាន​អារម្មណ៍​ថា ដូចជា​បាន​ត្រឡប់​រៀនសូត្រ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​សារ​ឡើងវិញ​ម្ដងទៀត​។ ការចូលរួម​វគ្គ​សិក្សា​បែបនេះ​ខ្ញុំ​មើលទៅ​សិស្ស​បាន​ស្វែងយល់ និង​ទទួលបាន​ចំណេះដឹង​ជ្រៅជ្រះ​ជាង​មុន​។ ម្យ៉ាងទៀត​ពួកគាត់​មាន​អារម្មណ៍​ចាប់ផ្ដើម​ចង់ដឹង​មេរៀន​ប្រវត្តិសាស្ត្រ​ច្រើនជាង​មុន​។ ជា​ចុងក្រោយ​ខ្ញុំ​សូម​ឲ្យ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ក៏ដូចជា​មជ្ឈមណ្ឌល​ឯកសារ​កោះ​ថ្ម​នេះ​នៅតែមាន​វេទិកា​ថ្នាក់រៀន​សម្រាប់​ផ្ដល់ឱកាស​ដល់​សិស្សានុសិស្ស​ក្រោយៗ​ចូលរួម​វគ្គ​សិក្សា​ជា​បន្តបន្ទាប់​ទៀត​។​»

 

«​ខ្ញុំ​ឈ្មោះ ហ៊​ម ចិន្តា ភេទ​ស្រី អាយុ​១៧​ឆ្នាំ គឺជា​សិស្ស​ថ្នាក់​ទី​១២ វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុល​ផ្សារ​។ បន្ទាប់ពី​លោកគ្រូ​ឧទ្ទេស​បង្រៀន​ចប់​ខ្ញុំ​ទទួលបាន​ចំណេះដឹង​ច្រើនជាង​មុន​។ ខ្ញុំ​មានការ​រីករាយ​ដែល​បាន​សួរ​សំណួរ​ខ្ញុំ​ឆ្ងល់​ទៅកាន់​លោកគ្រូ​ឧទ្ទេស ហើយ​លោកគ្រូ​ក៏​បកស្រាយ​នូវ​សំណួរ​មក​ខ្ញុំ​វិញ​យ៉ាង​ល្អប្រសើរ​។ មុនពេល​ចូលរួម​វេទិកា​ថ្នាក់រៀន​នេះ​ខ្ញុំ​បាន​យល់ដឹង​ពី​របប​ខ្មែរក្រហម​ប្រហែល​តិចជាង​៥០%​។ ក្រោយពេល​លោកគ្រូ​ឧទ្ទេស​ធ្វើ​បទ​បង្ហាញ​រួចមក​ធ្វើ​ឲ្យ​ខ្ញុំ​ទទួល​ចំណេះដឹង​ច្រើន​បន្ថែមទៀត​។ ចំពោះ​រូប ពិព័រណ៍​នៅលើ​ជញ្ជាំង​មជ្ឈមណ្ឌល​ឯកសារ​កោះ​ថ្ម កាលពី​ដំបូង​ខ្ញុំ​មាន​ចម្ងល់​ថា តើ​សម្ដេច ហ៊ុន សែន ធ្វើដំណើរ​ចេញពី​កោះ​ថ្ម​ទៅ​ប្រទេស​វៀតណាម​ដោយ​របៀប​ណា​? សម្តេច​ធ្វើដំណើរ​ទៅដោយ​មធ្យោបាយ​អ្វី​? ក្រោយពេល​លោកគ្រូ​បាន​នាំ​ដើរ​ទស្សនា និង​ពន្យល់​ពី​រូបថត​នីមួយៗ​នៅតាម​ជញ្ជាំង​ធ្វើ​ឲ្យ​ខ្ញុំ​យល់ដឹង​កាន់តែច្បាស់​និង​អាច​ពន្យល់​ប្រាប់​ទៅ​មិត្ត​ភ័ក្តិ​ដទៃទៀត ប្រសិនបើ​ពួកគេ​មាន​ចម្ងល់​។ ជា​ចុងក្រោយ​ខ្ញុំ​សូម​អរគុណ​ដល់​លោកគ្រូ​ដែល​បង្កើត​កម្មវិធី​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​ឯកសារ​កោះ​ថ្ម ជាហេតុ​ធ្វើ​ឲ្យ​ខ្ញុំ​យល់ដឹង​អំពី​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ប្រជាធិបតេយ្យ​បន្ថែម​។ ម្យ៉ាងទៀត​ខ្ញុំ​ចង់​ឲ្យ​សិស្សានុសិស្ស​ក្រោយៗ​មក​សិក្សា​រៀនសូត្រ​ដូចជា​រូបខ្ញុំ​ដែរ​។ »

«​ខ្ញុំ​ឈ្មោះ ជីវ៉ា សារី​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ គឺជា​សិស្ស​ថ្នាក់​ទី​១២​នៃ​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុល​ផ្សារ​។ ចំពោះ​ខ្ញុំ​ពិតជា​រីករាយ​ដែល​ចូលមក​សិក្សា​នៅ​មណ្ឌល​ឯកសារ​កោះ​ថ្ម ជាដំបូង​ខ្ញុំ​ចាប់អារម្មណ៍​ជាងគេ​ទៅលើ​រូបភាព​ដែល​តាំងពិព័រណ៍​នៅលើ​ជញ្ជាំង​។ ចំពោះ​ដំណើរ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន យកអាយុ​ជីវិត​ជាដើម​ទុន​ដើម្បី​រំដោះប្រទេស​កម្ពុជា​ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត​។ ខ្ញុំ​រឹតតែ​ច្បាស់​បន្ថែម ក្រោយពេល​លោក ឡុង ដា​នី បង្ហាញ​ពិព័រណ៍​រូបថត​នៅតាម​ជញ្ជាំង​អំពី​ដំណើរ​របស់​សម្ដេច ហ៊ុន សែន ធ្វើដំណើរ​ទៅ​ប្រទេស​វៀតណាម​ដើម្បី​រំដោះប្រជាជន​កម្ពុជា​ចេញពី​ភាព​ខ្មៅ​ងងឹត​។ ខ្ញុំ​រឹតតែ​ដឹង​ច្បាស់​ពី​ដំណើរ​របស់​សម្ដេច​ទៅ​ប្រទេស​វៀតណាម និង​ផែនទី​មួយចំនួនទៀត​ដែល​ដៅ​ចំណុច​សំខាន់ៗ​នៃ​ដំណើរ​នេះ​។ ចំពោះ​ខ្ញុំ​កាលពីមុន​មាន​ចម្ងល់​ណាស់​ថា​តើ​សម្ដេច​ធ្វើដំណើរ​ទៅ​ប្រទេស​វៀតណាម​ដោយ​របៀប​ណា​? ក្រោយពេល​ខ្ញុំ​បាន​ចូល​មកដល់​មជ្ឈមណ្ឌល​ឯកសារ​កោះ​ថ្ម និង​មើល​ទៅលើ​ជញ្ជាំង ខ្ញុំ​គិតថា​វា​ពិតជា​អស្ចារ្យ​ដែល​បានឃើញ​រូបភាព ការធ្វើដំណើរ​របស់​ស​ម្ដេច​តេ​ជោ ហ៊ុន សែន​។ សម្តេច បាន​ចេញពី​ប្រទេស​ដើម្បី​តស៊ូ​រំដោះប្រទេស​កម្ពុជា​ឲ្យ​រួច​ផុតពី​របប​ខ្មៅ​ងងឹត​។ ការធ្វើដំណើរ​ចេញពី​ភូមិ​កោះ​ថ្ម ទៅកាន់​ប្រទេស​វៀតណាម ដោយ​ពុំ​ដឹងថា​ខ្លួន​ស្លាប់​ឬ​រស់​ឬ​ត្រូវ​ខ្មែរក្រហម​សម្លាប់​ឬ ពេល​ដល់​ប្រទេស​វៀតណាម កងទ័ព​វៀតណាម​ចាប់​បញ្ជូនមក​ប្រទេស​កម្ពុជា​វិញ ឬ​ត្រូវ​វៀតណាម​ដាក់គុក​ធ្វើ​ទារុណកម្ម​បែបណា​នោះទេ​។ ចំពោះ​ចំណុច​ផ្សេង​នៃ​មេរៀន​កម្ពុជា​ប្រជាធិបតេយ្យ​ខ្ញុំ​បាន​យល់​ច្រើនជាង​មុន​។ ចំពោះ​ភាពស្រពេចស្រពិល​មិនទាន់បាន​យល់ច្បាស់​បន្ទាប់ពី​ចូលរួម​វគ្គ​សិក្សា​នេះ​។ ខ្ញុំ​ពិតជា​អរគុណ​ដល់​លោកគ្រូ​ខ្លាំងណាស់​ដែល​អនុញ្ញាត​ឲ្យ​ខ្ញុំ​សួរ​សំណួរ​ទៅកាន់​លោកគ្រូ ហើយ​បាន​ឆ្លើយ​សំណួរ​យ៉ាង​ល្អ​មកកាន់​ខ្ញុំ​វិញ​។​»​៕សរន

វេទិកា​ថ្នាក់រៀន​ស្ដីអំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) នៅ​មជ្ឈមណ្ឌល​ឯកសារ​កោះ​ថ្ម ខេត្ត​ត្បូងឃ្មុំ​(រូបថតមជ្ឈមណ្ឌលឯកសារកម្ពុជា)