ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ រដ្ឋមន្ត្រីការពារជាតិអាម៉េរិកលោក ឡយ អូស្ទីន បានជួបជាមួយនាយករដ្ឋមន្ត្រីថៃកាលពីថ្ងៃចន្ទទី១៣មិថុនា ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងអ្វីដែលលោកអូស្ទីននិយាយថាជា “បណ្តាញសម្ពន្ធភាពនិងភាពជាដៃគូដែលមិនអាចប្រៀបផ្ទឹមបាន” របស់ទីក្រុងវ៉ាស៊ីនតោននៅក្នុងតំបន់។

នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិដែរនោះ ក៏បានជួបជាមួយលោកអូស្ទីនកាលពីខែមុននៅទីក្រុងវ៉ាស៊ីនតោនផងដែរ។ ប្រទេសថៃនិងសហរដ្ឋអាម៉េរិកគឺជាសម្ពន្ធមិត្តយោធាដ៏យូរលង់ បើទោះបីជាទំនាក់ទំនងមានភាពសោះកក្រោះបន្ទាប់ពីរដ្ឋប្រហារយោធាឆ្នាំ ២០១៤ ដែលបាននាំអតីតមេទ័ពប្រាយុទ្ធឡើងកាន់អំណាចក៏ដោយ។ ដំណើរ​ទស្សន​កិច្ច​កាល​ពី​ថ្ងៃ​ចន្ទ​គឺ​ជា​ដំណើរលើក​ដំបូង​របស់លោក​អូស្ទីន​ទៅកាន់​ប្រទេស​ថៃ​ក្នុង​នាម​ជា​រដ្ឋ​មន្ត្រី​ការពារ​ជាតិ។

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិអាម៉េរិកដែលចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំ បាននិយាយថា លោកអូស្ទីននិងលោកប្រាយុទ្ធ “ចែករំលែកទស្សនៈស្តីពីបញ្ហាសន្តិសុខក្នុងតំបន់និងពិភាក្សាអំពីឱកាសដើម្បីពង្រឹងសម្ពន្ធភាពរវាងសហរដ្ឋអាម៉េរិកនិងថៃ”។

លោកប្រាយុទ្ធអមដំណើរលោកអូស្ទីនក្នុងទីក្រុងបាងកកកាលពីថ្ងៃចន្ទទី១៣មិថុនា ឆ្នាំ២០២២

សេចក្តីថ្លែងការណ៍និយាយថា លោកអូស្ទីនបានប្រកាសពីចំណាប់អារម្មណ៍របស់ទីក្រុងវ៉ាស៊ីនតោនក្នុងការពង្រឹង “អន្តរប្រតិបត្តិការរវាងកងកម្លាំងសហរដ្ឋអាម៉េរិកនិងថៃ និងដើម្បីគាំទ្រដល់តម្រូវការទំនើបកម្មរបស់ថៃ”។

សេចក្តីថ្លែងការណ៍បាននិយាយថា បុរសទាំងពីរក៏បានពិភាក្សាអំពីការផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការក្នុងវិស័យបច្ចេកទេសដែលកំពុងរីកចម្រើនផងដែរ ដូចជាវិស័យបច្ចេកវិជ្ជាអ៊ីនធឺណិតនិងអវកាស ក៏ដូចជាបំណងប្រាថ្នារបស់ថៃសម្រាប់ “ការពង្រឹងកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ”។

ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថា លោកប្រាយុទ្ធទំនងជាពិភាក្សាអំពីការទិញសព្វាវុធជាមួយលោកអូស្ទីនរួមទាំងយន្តហោះចម្បាំង F-35 ប៉ុន្តែលោកអូស្ទីនមិនបានធ្វើអត្ថាធិប្បាយជាក់លាក់លើរឿងនេះទេក្នុងការថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ៕