ដោយៈ ស​រិ​ទ្ធ​-​សម្បត្តិ / ភ្នំពេញៈ បុរស​ម្នាក់ បាន​បើក​ម៉ូតូ ទាក់​ដៃចង្កូត​ជាមួយ រថយន្ត​ក្រឡុក ស៊ីម៉ងត៍ បណ្ដាលឱ្យ​ដួល ហើយ​ត្រូវ​រថយន្ត​នើ កិន​ចំពាក់​កណ្ដាល ខ្លួន ហើយ​បន្ទាប់មក បាន​ស្លាប់ នៅពេល​គេ​បញ្ចូនទៅ​មន្ទីរពេទ្យ​។ ​ហេតុការណ៍​ដ៏​រន្ធត់​នេះ បានកើត​ឡើង នា​វេលា​ម៉ោង ៩ និង ២០ នាទី យប់​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២២ នៅតាម​បណ្តោយ​ផ្លូវ លេខ​២១៧ មុខ​ខ្លោងទ្វា​វត្ត ព្រែក​ជ្រៃ ស្ថិតក្នុង​ភូមិ​បា​គូរ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថាៈ ភាគី​ម៉ូតូ​ម៉ាក HONDA C125 ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ កំពង់ចាម 1W-8037 បើកបរ​ដោយ​ឈ្មោះ ម៉ូ​វ ពៅ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ កសិករ ភូមិ​ល្វា​លើ ឃុំ​ស្តៅ ស្រុក​កងមាស កំពង់ចាម ។ រីឯ​ភាគី​រថយន្ត​ម៉ាក SHACMAN ពណ៌​ស ពាក់​ស្លាក់​លេខ ភ្នំពេញ 5A-2726 ប្រភេទ​ក្រឡុក​ស៊ីម៉ង់ត៍ ហើយ​អ្នកបើកបរ មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់​គេចខ្លួនបាត់ ដោយ​បន្សល់ ទុក​តែ​រថយន្ត នៅ​កន្លែងកើតហេតុ​។​

​បើតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ ដែល​នៅក្បែរ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថាៈ នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​ម្នាក់ឯង ធ្វើដំណើរ​តាម បណ្ដោយ ផ្លូវ​លេខ​២១៧ ទិសដៅ​ពី​ខាងត្បូង មក​ខាងជើង ខណៈនោះ ក៏មាន​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍ បើក​ស្រប​ទិស​គ្នា ហើយ​បាន​វ៉ា​ជែង ទាក់​ដៃចង្កូត​ម៉ូតូ ធ្វើ​ឲ្យ​ម៉ូតូ​ដួល រីឯ​ម្ចាស់​ម៉ូតូ ខ្ទាតចូល​ក្រោម​កង់ ហើយ​ត្រូវ​រថយន្ត​នោះ កិន​ចំពាក់​កណ្ដាល​ខ្លួន បណ្ដាល​ឲ្យ​រងរបួស យ៉ាងធ្ងន់ធ្ងរ ។ ភ្លាមៗ រថយន្ត​សាមុយ បាន​ចុះ​មកដល់ និង​បាន​លើកយក​ជនរងគ្រោះ ដើម្បី​សង្គ្រោះ​ជីវិត តែ​អកុសល ជនរងគ្រោះ បាន​ស្លាប់ ពេល​បញ្ចូនទៅ​ដល់​មន្ទី​រ​ពេទ្យ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​មកដល់ និង​ទាក់ទង​នគរ បាល​ជំនាញ ចរាចរណ៍ ឲ្យ​មក​វាស់វែង យក​រថយន្ត និង​ម៉ូតូ ទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ នាពេល​ក្រោយ ។ ដោយឡែក សព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​មូល​ដ្ឋា​ន ទាក់ទង​ទៅ​ក្រុមគ្រួសារ ឲ្យ​មក​ទទួលយក ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ៕/V​-PC