ដោយៈ បាយ័ន / សៀមរាបៈ គម្រោង​ជួសជុល​ខ្លោង​ទា្វរ ខាងកើត​នៃ​ប្រាសាទ តា​ព្រហ្ម ដែល​បានចាប់ផ្ដើម​ដំណើរការ តាំងពី​អំឡុង​ខែមករា ឆ្នាំ​២០២២ រហូតមកដល់​ពេលនេះ សម្រេចបាន​ប្រមាណ ២០ ភាគរយ​ហើយ ដែល​កិច្ចការ ជួសជុល អភិរក្ស​នេះ ក្រោម​កិច្ចសហការ រវាង​អាជ្ញាធរ​ជាតិ​អប្សរា ជាមួយនឹង ក្រុម​បុរាណវិទ្យា​ឥណ្ឌា​។ អាជ្ញាធរ​ជាតិ​អប្សរា បាន​ផ្សព្វផ្សាយ​ឱ្យដឹង នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២២ នេះ​។​

​លោក ចាន់ ឡាយ ប្រធាន​គម្រោង​ជួសជុល​ខ្លោងទ្វារ ខាងកើត​ប្រាសាទតាព្រហ្ម បានឱ្យដឹងថា ខ្លោងទ្វារ​ខាងកើត នៃ​ប្រាសាទតាព្រហ្ម មាន​សភាព​ទ្រុឌទ្រោម និង​រង​ការខូចខាត​ខ្លាំង ដោយ​កន្លែង​ខ្លះ ថ្ម​បាន​រលំ​ធ្លាក់ ដែល​ត្រូវតែ​ធ្វើការ សង្គ្រោះបន្ទាន់ ទើប​អាជ្ញាធរ​ជាតិ​អប្សរា និង​ក្រុម​បុរាណវិទ្យា​ឥណ្ឌា ក្រោយពី ទទួលបាន​អនុសាសន៍ ពី​ក្រុម​អ្នកជំនាញការ អាយ​ស៊ី​ស៊ី​-​អង្គរ ចាប់ផ្ដើម​អនុវត្តន៍ គម្រោង​ជួសជុល​ប្រាសាទតាព្រហ្ម​នេះ ក្នុងដំណាក់កាល ទី​២ ដោយ​ជួសជុល ខ្លោងទ្វារ ទិសខាងកើត​។​

​លោក ចាន់ ឡាយ បានឱ្យដឹង​ទៀតថាៈ ការជួសជុល​ខ្លោងទ្វារ ខាងកើត​នៃ ប្រាសាទតាព្រហ្ម មាន​ច្រើន​ដំណាក់កាល ដូចជា​សិក្សា​ពី​ទ្រង់ទ្រាយ​ដើម របស់​ខ្លោងទ្វារ ដើម្បី​ជួសជុល​ឱ្យស្រប តាម​លំនាំ​ដើម​ឡើងវិញ ស្វែងរក​ថ្ម​ដែល​បាត់ មក​រៀប​នៅ​កន្លែង​ដើម​វិញ ឬក៏​ត្រូវ​បន្ថែម​ថ្ម​ថ្មី ចំពោះ​ទីតាំង ដែល​ចាំបាច់​ទ្រ​ទំងន់ និង​ការជំនួស​ថ្ម​ថ្មី ចំពោះ​ថ្ម​ណា ដែល​ពុកផុយ ខូចខាត​ជាដើម​។
​បន្ថែម​លើ​ការងារ​ជួសជុល ក្រុមការងារ ក៏ត្រូវ​ធ្វើ​កំណាយ ស្រាវជ្រាវ​បែប បុរាណវិទ្យា សិក្សា​សម្រង់​ប្លង់ ស្វែងរក​ថ្ម រើ​ថ្ម ពង្រឹង​គ្រឹះ ផ្គុំ​សាកល្បង និង​រៀប​ឱ្យ​ត្រូវ​កន្លែង​ដើម​វិញ តាមរយៈ​បច្ចេកទេស អាណា​ស្ទី​ឡូ​ស៊ី​ស (anastylosis)​។

​គម្រោង​ជួសជុល​ខ្លោងទ្វារ ខាងកើត​នៃ​ប្រាសាទតាព្រហ្ម គ្រោង​នឹង​បញ្ចប់ នៅ​ឆ្នាំ​២០២៣ ហើយ​រហូតមក​ដល់ពេលនេះ ការងារ​ជួលជុល គឺ​បានសំរេច ប្រមាណ ២០ ភាគរយ​។​

​ក្រុមការងារ​ជួសជុល ក៏​សូម​ការយោគយល់ អធ្យាស្រ័យ ពី​សំណាក់​ប្រជាពលរដ្ឋ ខ្មែរ និង​ភ្ញៀវទេសចរ ដែល​បាន​ទៅ​ទស្សនា ប្រាសាទតាព្រហ្ម ចំពោះ​ការបិទ​វង់ ទស្សនា​មួយចំនួន ដោយសារតែ​កំពុងដំណើរការ​ជួសជុល ដែល​ធ្វើឱ្យ​កន្លែង​ខ្លះ ត្រូវ​ពង្វាងផ្លូវ​ទស្សនា និង​ផ្នែក​ខ្លះទៀត ត្រូវ​ដោះដូរ​ភ្លាមៗ តាម​ស្ថានភាព​ជាក់ស្តែង ដើម្បី​បញ្ចៀស​ហានិភ័យ ដែល​អាច​កើតឡើង ជាយថាហេតុ​នោះ​៕/V-PC