ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ លុយ Bitcoin (BTC) បានធ្លាក់ចុះជិត ២០ ភាគរយ ដែលជាផ្នែកមួយនៃការដួលរលំក្នុងទីផ្សាររូបិយប័ណ្ណគ្រីបតូ (លុយអេឡិចត្រូនិច) បន្ទាប់ពីស្ថាប័នផ្តល់ប្រាក់កម្ចីដ៏ពេញនិយមមួយបានបង្កកការដកប្រាក់និងការផ្ទេរប្រាក់។

លុយ BTC បានធ្លាក់ចុះ ១៧,៩៦ ភាគរយមកនៅត្រឹម ២៣.០៥៤,៩០ ដុល្លារក្នុងរយៈពេល ២៤ ម៉ោង ហើយវាបានបាត់បង់ ២៦,២៩ ភាគរយនៃតម្លៃរបស់វាក្នុងរយៈពេលប្រាំពីរថ្ងៃ នេះបើយោងតាមទីផ្សាររូបិយប័ណ្ណអេឡិចត្រូនិច ​​​​CoinMarketCap ។

និន្នាការនេះអាចមើលឃើញនៅទូទាំងទីផ្សារគ្រីបតូមួយនេះ ដោយតម្លៃនៃលុយ Ethereum (EHM) ធ្លាក់ចុះ ២០,៥២ ភាគរយក្នុងរយៈពេល ២៤ ម៉ោងមកនៅត្រឹម ១.២១៤,៤៤ ដុល្លារ ហើយលុយ Tether (USDT) ធ្លាក់ចុះ ០,០៣ ភាគរយមកនៅត្រឹមក្រោមមួយដុល្លារ (០,៩៩៨៦)។

អតិថិជនប្រើម៉ាស៊ីន Bitcoin នៅស្ថានីយរថភ្លើងក្រោមដី Old Street ក្នុងទីក្រុងឡុងដ៍

ប្រតិកម្មទីផ្សារនេះបានកើតឡើងបន្ទាប់ពីក្រុមហ៊ុនផ្តល់ប្រាក់កម្ចីអេឡិចត្រូនិចដ៏ធំ Celsius Network បានបង្ហោះនៅលើវេបសាយរបស់ខ្លួនថា “ដោយសារលក្ខខណ្ឌទីផ្សារធ្ងន់ធ្ងរខ្លាំង ថ្ងៃនេះយើងសូមប្រកាសថា ក្រុមហ៊ុន Celsius នឹងផ្អាករាល់ការដកប្រាក់ ការប្តូរប្រាក់ និងផ្ទេរប្រាក់រវាងគណនី”។

“យើងកំពុងចាត់វិធានការនេះនៅថ្ងៃនេះដើម្បីដាក់ក្រុមហ៊ុន Celsius ក្នុងទីតាំងល្អប្រសើរជាងមុនដើម្បីអនុវត្តកាតព្វកិច្ចដកប្រាក់តាមពេលវេលារបស់ខ្លួន”។

“ការធ្វើសកម្មភាពដើម្បីផលប្រយោជន៍សហគមន៍របស់យើងគឺជាអាទិភាពចម្បងរបស់យើង។ ក្នុងការបម្រើការប្តេជ្ញាចិត្តនោះនិងដើម្បីប្រកាន់ខ្ជាប់នូវក្របខ័ណ្ឌគ្រប់គ្រងហានិភ័យរបស់យើង យើងបានធ្វើឱ្យសកម្មនូវអនុប្រយោគមួយនៅក្នុងលក្ខខណ្ឌនៃការប្រើប្រាស់របស់យើង ដែលនឹងអនុញ្ញាតឱ្យដំណើរការនេះប្រព្រឹត្តទៅបាន”។

“ក្រុមហ៊ុន Celsius មានទ្រព្យសម្បត្តិដ៏មានតម្លៃ ហើយយើងកំពុងធ្វើការដោយឧស្សាហ៍ព្យាយាមដើម្បីបំពេញកាតព្វកិច្ចរបស់យើង”៕