ដោយៈ ស​រិ​ទ្ធ / ភ្នំពេញ​៖ នា​ល្ងាច​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២២ តុលាការ បានសម្រេច ឃុំខ្លួន​អតីត​ប្តី ដែល​បាន​បាញ់សម្លាប់​អតីត​ប្រពន្ធ បណ្តាល​ឲ្យ​ស្លាប់ នៅ​ខណ្ឌមានជ័យ ក្រោម​ការចោទប្រកាន់​ពីបទ អំពើ​ឃាតកម្ម​គិតទុក​ជាមុន និង​កាន់កាប់​អាវុធ ដោយ​ខុសច្បាប់​។​

​ករណី​អតីត​ប្តី បាញ់សម្លាប់​អតីត​ប្រពន្ធ បណ្តាល​ឲ្យ​ស្លាប់ នៅក្នុង​បន្ទប់ បង្កឱ្យមាន​ការ​ភ្ញាក់ ផ្អើល កាលពី​វេលា​ម៉ោង ៤ និង​៣០​នាទី រសៀល ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២២ នៅតាម បណ្ដោយ​ផ្លូវជាតិ​លេខ​២ ក្នុងភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច បានបញ្ជាក់​ថាៈ អតីត​ប្រពន្ធ ឈ្មោះ នូ សុជាតា អាយុ ២២​ឆ្នាំ បម្រើការ នៅ​ណាហ្គា​វើ​លដ៍​។ ចំណែក​ជនសង្ស័យ ជា​អតីត​ប្តី ឈ្មោះ ជា អូន អាយុ ២៤​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ និង​មាន​ទីលំនៅ នៅ​ម្តុំ​ផ្សារ​ដី​ហុយ​។​

​សូម​រលឹក​ថា អ្នក​ទាំង​២ បាន​ចាប់ដៃ​ជា​ប្តី​ប្រពន្ធ បានកូន​ប្រុស អាយុ ១​ខួប ៩​ខែ​។ ពួកគេ បាន​លែងលះគ្នា ដាច់ស្រេច អស់​រយៈពេល ៣​ខែ កន្លង​ទៅហើយ ដោយ​ដឹង​ឭ​ត្រឹម សាលាសង្កាត់ ព្រោះ​ចំណងអាពាហ៍ពិពាហ៍​រប​ស់​អ្នក​ទាំង​២ មិនមាន​ចុះ​សំបុត្រ អាពាហ៍ពិពាហ៍ នោះឡើយ​។​

​បើតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា នៅមុន​កើតហេតុ អតីត​ប្ដី បាន​ទៅផ្ទះ របស់​ប្រពន្ធ ហើយ​ក៏បាន​កើតជា​ទំនាស់​ពាក្យសម្តី ឈ្លោះប្រកែក​គ្នា​ខ្លាំង ដោយសារ​ប្រច័ណ្ឌ រឿង​អតីត​ប្រពន្ធ មាន​សា​ហាយ​ស្មន់ ដែលនាំឱ្យ​លែងលះ​។ ក្រោយ​ឈ្លោះប្រកែក​សម្តី​គ្នា មួយ​ប្រាវ អតីត​ប្តី ក៏បាន​នាំ​អតីត​ប្រពន្ធ ចូល​បន្ទប់ ដើម្បី​និយាយ វែកញែក​រឿង​ដដែល ខាងលើ​។​

​ខណៈនោះ បងប្រុស​បង្កើត​ជនរងគ្រោះ បាន​ចូលទៅក្នុង​បន្ទប់​ដែរ ដើម្បី​ជួយ សម្របសម្រួល តែ​ត្រូវ​ជនសង្ស័យ ជា​អតីត​ប្ដី ដក​កាំភ្លើងខ្លី ម៉ាក K59 ភ្ជង់​ទៅលើ​បុរស​ជា​បង និង​គំរាម​ឲ្យ​ចេញ ពី​បន្ទប់ កុំ​ឲ្យ​ចេះដឹង រឿង​ប្ដី​ប្រពន្ធ របស់​ពួកគេ​។​

​ភ្លាមនោះ បុរស​ជា​បង ក៏បាន​ដើរចេញ​ទៅវិញ ដោយបាន​បីកូន ប្រុស​តូច របស់​ពួកគេ ចេញពី​បន្ទប់ ហើយ​រំពេច​នោះ ជនសង្ស័យ ក៏បាន​បាញ់សម្លាប់​អតីត ប្រពន្ធ ចំ​សៀត​ថ្កា បណ្តាល​ឲ្យ​ស្លាប់ នៅលើ​គ្រែ​តែម្តងទៅ​។​ភ្លាមៗ ជនសង្ស័យ មិនបាន​រត់គេច​ទៅណា​ឡើយ ហើយ សាច់ញាតិ​ជនរងគ្រោះ ក៏បាន​រាយការណ៍ ជូន​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ចុះ​អន្តរាគមន៍ ឃាត់ខ្លួន​តែម្តង​។​

​ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​ជំនាញ ផ្នែក​កោសល្យ​វិ​ច្ច័​យ បាន​ចុះ​ដល់ ទីតាំង​កើតហេតុ និង​បានធ្វើ​កោសល្យវិច័យ ពិនិត្យ​ទីតាំង​កើតហេតុ ក៏ដូចជា សាកសួរ​។ នៅ​ជុំវិញ​សព សមត្ថកិច្ច បាន​រកឃើញ​សំបក គ្រាប់ ចំនួន ៤​គ្រាប់ ដោយ​ក្នុងនោះ ផ្ទុះ​មួយ​គ្រាប់ អត់​ផ្ទុះ ៣​គ្រាប់ ៕/V-PC