ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ នគរបាល​ប៉ុស្ដិ៍​ភ្នំ​ដី នៃ​ស្រុក​ភ្នំស្រុក បាន​ចាប់ខ្លួន​ជន សង្ស័យ​ម្នាក់ ដែល​ត្រូវជា​ឪពុកមា ប៉ុនប៉ង​រំលោភ​ក្មួយ​ស្រី អាយុ​១៣​ឆ្នាំ នៅ​ភូមិ​គោក​សេះ ឃុំ​ភ្នំ​ដី ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ តែ​មិនបាន​សម្រេច និង​បន្ទាប់ពី​មានការ​ដាក់ពាក្យ បណ្ដឹង ពី​ករណី​រឿងនេះ ។​

​លោក​វរសេនីយ៍ទោ ប៉ិក គឹម​ហ៊ា​ក អធិការនគរបាល ស្រុក​ភ្នំស្រុក បានឱ្យដឹង នៅ​ថ្ងៃទី​១៣ ខែមិថុនា​ថាៈ នៅ​យប់កើតហេតុ ជនសង្ស័យ​មានឈ្មោះ ឡឹ​ក គឹម​សាន អាយុ ៣០ ឆ្នាំ រស់នៅ ភូមិ​គោក​សេះ ឃុំ​ភ្នំ​ដី ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែល​ត្រូវជា​ឪពុកមា មកពី​ស៊ីឈ្នួល បាញ់ថ្នាំ​ដំឡូង​មី ហើយ​ក៏បាន​ជួបជុំគ្នា នៅផ្ទះ​មិត្តភក្តិ ផឹកស្រា ស អស់​ដល់​ទៅ ១០ លីត្រ រួច​ក៏​បែក​គ្នា ទៅផ្ទះ​រៀងៗ​ខ្លួន​។​

​លោក​បាន​បន្តថាៈ ពេលមកដល់​ផ្ទះ នៅវេលា​ម៉ោង ១០ យប់ ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២២ នោះ ជនសង្ស័យ មិនបាន​ទៅ​ដេក​ជាមួយ​ប្រពន្ធ ដែល​លង់លក់ នៅក្រោម​ផ្ទះ​ទេ បែរជា​គេ បាន​ឡើងទៅ​លើផ្ទះ ហើយ​រុលចូល​ក្នុង​មុង​ក្មួយ​ស្រី ឈ្មោះ ទ ច រ អាយុ​១៣​ឆ្នាំ រស់នៅ​ផ្ទះ​ជា មួយ​គ្នា ហើយ​ឱបថើប និង​បានធ្វើ សកម្មភាព ប៉ុនប៉ង​រំលោភ តែ​ត្រូវបាន​ជនរងគ្រោះ រើបម្រះ ស្ទុះ​រត់គេចខ្លួន​ផុត រួច​ប្រាប់​រឿងនេះ ទៅ​ជីដូន​។ បន្ទាប់មក ជីដូន​ក្មេងស្រី​រងគ្រោះ បាន​ប្តឹង ហើយ​នគរបាល​ប៉ុស្តិ៍​ឃុំ​ភ្នំ​ដី ក៏បាន​ចុះ​ចាប់​ឃាត់ខ្លួន ជនសង្ស័យ​តែម្ដង ដើម្បី​នាំខ្លួន​យកមក សាកសួរ​។

​ជនសង្ស័យ បាន​ឆ្លើយ​ទទួលខុស ចំពោះ​ការប្រព្រឹត្ត​របស់ខ្លួន ទៅលើ​ក្មួយ​ស្រី​បង្កើត នៅ​យប់នោះ​មែន ប៉ុន្តែ​បានស្នើ​កុំ​ចាប់ទោស អូស​ដំណើរ​អី ព្រោះ​ជា​ក្មួយ​ស្រី និង​ថា​កំហុស មកពី​គេ​ផឹកស្រា ស ធ្វើ​ឱ្យគេ​ស្រវឹង​ខ្លាំងពេក​។​

​លោក​អធិការ បានបញ្ជាក់​ថាៈ ជនសង្ស័យ និង​អ្នកពាក់ព័ន្ធ បានឱ្យ​ក្មេងស្រី​រងគ្រោះ មក​ស្នាក់ នៅ​នឹង​ផ្ទះ​ជាមួយ ដើម្បី​ជួយ​មើល​ការខុសត្រូវ ព្រោះ​ឪពុកម្តាយ​នាង ក្រីក្រ ហើយ​ចេញទៅ ធ្វើការ ស៊ីឈ្នួល នៅ​ប្រទេស​ថៃ ។​

​នៅ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២២ នេះ នគរបាល​ជំនាញ​ស្រុក បាន​បញ្ជូន​សំណុំ រឿងនេះ និង​ជនសង្ស័យ ទៅ​ការិយាល័យ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន ខេត្តបន្ទាយមានជ័យ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ឱ្យ​សាលាដំបូង​ខេត្ត ចាត់​ក​ការបន្ត តាម​នីតិវិធី​៕/V​-PC