ដោយៈ មុនី រ័ត្ន​- ស រិ​ទ្ធ /​ភ្នំពេញ៖ សមត្ថកិច្ច​បាន​ចាប់ខ្លួនកញ្ញា សេង ធា​រី បន្ទាប់ពី​តុលាការ​បានចេញ​សាលក្រម​ផ្តន្ទាទោស​រយៈពេល ៦​ឆ្នាំ ពីបទ​រួមគំនិត​ក្បត់ ញុះញង់​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ជាមួយ​មេក្លោង​ឧទ្ទាម​ក្រៅច្បាប់ សម រង្ស៊ី រួមទាំង​បក្ខពួក​។ ការចាប់ខ្លួន​នេះបានធ្វើ​ឡើង​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២២​។

សមត្ថកិច្ច​ចាប់ខ្លួន សេង ធា​រី និង​ផ្តន្ទាទោស សម រង្ស៊ី​និង​បក្ខពួក​ដាក់ពន្ធនាគារ​ពី​៦​ឆ្នាំទៅ​៨​ឆ្នាំ​(រូបថតៈមុនី៍រ័ត្ន)

​សាលាដំបូង​រាជធានី​ភ្នំពេញ​បានប្រកាស​សាលក្រម​លើ​សំណុំរឿង​រួមគំនិត​ក្បត់ដោយ​ផ្តន្ទាទោស សម រង្ស៊ី , អេង ឆៃអ៊ាង , ហូរ វ៉ាន់ , តុ វ៉ាន់​ច័ន្ទ , អ៊ី​ហ្សា ឧស្មាន់ , គង់ សុភា , ម៉ោញ សារ៉ាត់ , អ៊ូ ច័ន្ទ​ឫទ្ធិ , ឡុង រី , ម៉ែន សុថា​វរិ​ន្ទ្រ , អ៊ុ សំអាន ដាក់ពន្ធនាគារ​រយៈពេល ៨​ឆ្នាំ ពីបទ​រួមគំនិត​ក្បត់ និង​បង្គាប់​ឲ្យ​ចាប់ខ្លួន​ភ្លាម​។

​ចំណែក​ឈ្មោះ ហេង ចាន់​រិ​ទ្ធិ , លោក ទុំ វ៉ាន់​ថន , កាក់ កុ​ម្ភា​រ (​នៅក្នុង​ពន្ធនាគារ​) ផ្តន្ទាទោស​រយៈពេល ៦​ឆ្នាំ ដោយ​បន្ត​ឃុំខ្លួន​ដាក់ពន្ធនាគារ​ជា​បន្តទៀត​។

​រីឯ​ឈ្មោះ សេង ច័ន្ទ​ធា​រី (​សេង ធា​រី​) , ហេង ដា​រ៉ូ , ឃិត ជំរឿន , តោ និមល និង​បក្ខពួក​មួយចំនួនទៀត​ផ្តន្ទាទោស ៦​ឆ្នាំ និង​បង្គាប់​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ភ្លាម​ ហើយ​មនុស្ស​មួយចំនួនទៀត​ផ្តន្ទាទោស ៥​ឆ្នាំ ប៉ុន្តែ​អនុវត្ត​ទោស​ព្យួរ​។​

​នៅក្នុង​សំណុំរឿង​រួមគំនិត​ក្បត់ ញុះញង់​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ គឺមាន​មនុស្ស​សរុប​ចំនួន ១៣៩​នាក់ ដែលមាន​ការជាប់​ព័ន្ធ ដោយ​ក្នុងនោះ​មាន​មួយចំនួន​ត្រូវបាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ មួយចំនួន​នៅក្រៅ​ឃុំ និង​មួយចំនួន​រត់គេចខ្លួន​ទៅ​ក្រៅប្រទេស​។​

​គួរ​បញ្ជាក់ថា សម រង្ស៊ី និង​បក្ខពួក​ជាង ១០០​នាក់ ត្រូវបាន​ចោទប្រកាន់​ពីបទ “​រួមគំនិត​ក្បត់ ញុះញង់​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​” ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា​និង​ទីកន្លែង​ផ្សេងៗ​ទៀត​កាលពី​ថ្ងៃទី​២០-២១-២២-២៥-២៦ និង​នៅ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៩ និង​កាលពី​អំឡុង​ខែមិថុនា ឆ្នាំ​២០១៩ ៕​សរន