ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អតីតទីប្រឹក្សានយោបាយម្នាក់ត្រូវបានក្រុមអ្នកភូមិជាង ២០០ នាក់ព្រួតវាយនិងដុតសម្លាប់នៅក្នុងករណីកំណត់អត្តសញ្ញាណច្រឡំមួយ ដែលក្នុងនោះពួកគេបានចោទប្រកាន់គាត់ពីបទជួញដូរកុមារនៅភាគកណ្តាលប្រទេសម៉ិកស៊ិក។

លោក ដានីញែល ពីកាហ្សូ (Daniel Picazo) អាយុ ៣១ ឆ្នាំកំពុងទៅលេងផ្ទះជីតារបស់គាត់ក្នុងទីក្រុងហ្វូឈីណានហ្គោ (Huauchinango) នៃរដ្ឋហ្វេប្លា (Puebla) នៅពេលដែលគាត់ត្រូវបានមនុស្សប្រហែល ៣០ នាក់ព័ទ្ធចាប់នៅជិតលំនៅឋានជីតាគាត់កាលពីថ្ងៃសុក្រទី១០មិថុនា។

លោកពីកាហ្សូ ដែលជាមេធាវី និង បុរសម្នាក់ទៀតដែលគាត់នៅជាមួយ ត្រូវបានអ្នកភូមិមួយចំនួនចោទប្រកាន់ពីបទចាប់ពង្រត់កុមារ បន្ទាប់ពីពាក្យចចាមអារ៉ាមមិនពិតបានរីករាលដាលពេញ Chat Room នៅលើ WhatsApp នេះបើយោងតាមបណ្តាញទូរទស្សន៍ម៉ិកស៊ិក TV Azteca ។

លោក ដានីញែល ពីកាហ្សូ ត្រូវហ្វូងមហាជនព្រួតវាយនិងដុតសម្លាប់ទាំងរស់ ក្រោយច្រឡំស្មានតែជាជនជួញដូរកុមារ

ក្រុមមនុស្សពោរពេញដោយកំហឹងបានបង្ខំឱ្យលោកពីកាហ្សូចុះពីរថយន្តភីកអាប់ ហើយបានវាយប្រហារបុរសទាំងពីរ មុនពេលមិត្តរបស់គាត់អាចរត់គេចខ្លួនបានសម្រេច ហើយលាក់ពួននៅក្នុងអគារក្បែរនោះ។

បន្ទាប់មកហ្វូងមនុស្សបានអូសលោកពីកាហ្សូទៅកាន់សួនក្នុងតំបន់នោះ ជាទីដែលប៉ូលិសបានព្យាយាមជួយសង្គ្រោះគាត់ ហើយបានដាក់គាត់នៅក្នុងឡានល្បាត ប៉ុន្តែជួយមិនបានដោយសារអ្នកភូមិមានគ្នាច្រើនពេក។

លោកពីកាហ្សូត្រូវ​ទាញចេញពីឡានប៉ូលិសហើយ​វាយ​​ម្ដង​ទៀត​នៅ​ក្នុងសួន ហើយ​បន្ទាប់​មក​ត្រូវ​បាន​ចាក់​សាំងដុតសម្លាប់ទាំងរស់តែម្តង។

ឪពុកម្តាយរបស់គាត់បានប្រាប់វិទ្យុ Formula ថា កូនប្រុសគាត់ត្រូវបានអ្នកស្រុកបណ្តើរតាមផ្លូវដោយចងដៃព័ទ្ធទៅក្រោយ ហើយដុតគាត់ មុនពេលគាត់លុតជង្គង់នៅចំពោះមុខហ្វូងមនុស្សចម្លែកទាំងនោះដើម្បីសុំទុកជីវិត។

ក្រុមប្រឹក្សាក្រុងហ្វូឈីណានហ្គោបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្រុមប្រឹក្សាក្រុងហ្វូឈីណានហ្គោជំទាស់យ៉ាងខ្លាំងចំពោះទង្វើបែបនេះ ហើយបញ្ជាក់ម្តងទៀតថា អាកប្បកិរិយាឧក្រិដ្ឋកម្មបែបនេះត្រូវតែទទួលការវិនិច្ឆ័យទោសនៅក្រោមនីតិវិធីនៃច្បាប់របស់យើង”៕