ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ សម្ពន្ធមិត្តដ៏សំខាន់មួយរូបរបស់លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានថា “ទ័ពសេះអាប៉ូកាលីប” (Horsemen of the Apocalypse ឬសំដៅលើទីបញ្ចប់នៃពិភពលោក) កំពុងធ្វើដំណើរតាមផ្លូវរបស់ពួកគេ នៅក្នុងការព្រមានចុងក្រោយបង្អស់របស់វិមានក្រឹមឡាំងអំពីវិនាសកម្ម។

លោក ឌីមីទ្រី មេតវេដេវ (Dmitry Medvedev) ជាអតីតប្រធានាធិបតីរុស្ស៊ី បានព្រមានថា ទីក្រុងមូស្គូនឹងវាយប្រហារទីក្រុងនានារបស់លោកខាងលិច ប្រសិនបើអ៊ុយក្រែនប្រើប្រាស់មីស៊ីលដែលផ្តល់ដោយសហរដ្ឋអាម៉េរិក។

លោកមេតវេដេវបច្ចុប្បន្នមានតួនាទីជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរបស់រុស្ស៊ី

មនុស្សសំខាន់របស់វិមានក្រឹមឡាំងអាយុ ៥៦ ឆ្នាំរូបនេះបច្ចុប្បន្នមានតួនាទីជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរបស់រុស្ស៊ី ហើយបានកាន់តួនាទីជាប្រធានាធិបតីពីឆ្នាំ ២០០៨ ដល់ ២០១២ ខណៈលោកពូទីនបានកាន់តំណែងជានាយករដ្ឋមន្ត្រី។

លោកមេតវេដេវបានសរសេរកាលពីសប្តាហ៍មុនថា “ខ្ញុំតែងតែត្រូវគេសួរថាហេតុអ្វីបានជាសារបង្ហោះលើ Telegram របស់ខ្ញុំ មានលក្ខណៈសាហាវម្ល៉េះ។ ចម្លើយគឺខ្ញុំស្អប់ពួកគេ។ ពួកគេគឺជាមនុស្សចោលម្សៀតនិងជាមនុស្សអាក្រក់”។

“ពួកគេចង់ឱ្យរុស្ស៊ីស្លាប់។ ហើយខណៈដែលខ្ញុំនៅមានជីវិត ខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីឱ្យពួកគេបាត់ស្រមោលសូន្យឈឹង”។

ពាក្យថា “ពួកគេ” ដែលលោកមេតវេដេវកំពុងនិយាយសំដៅ គឺចង់បានន័យថា អ៊ុយក្រែននិងសម្ពន្ធមិត្តរបស់អ៊ុយក្រែន។

ប៉ុន្មានថ្ងៃមុននេះ គាត់បាននិយាយថា ទីក្រុងមូស្គូនឹងបង្កើនសង្រ្គាមរបស់ពួកគេលើលោកខាងលិច ប្រសិនបើមីស៊ីលដែលផ្គត់ផ្គង់ដោយសហរដ្ឋអាម៉េរិកត្រូវបានប្រើប្រាស់ប្រឆាំងនឹងកងកម្លាំងរុស្ស៊ី ដោយនិយាយថា “ទ័ពសេះអាប៉ូកាលីបកំពុងចេញដំណើររួចហើយ”។

លោកមេតវេដេវ ដែលពីមុនត្រូវគេមើលឃើញថាជាអ្នកធ្វើទំនើបកម្មនិងជាឥស្សរជនសេរីនិយមសម្រាប់រុស្ស៊ីនោះ ក៏បានចោទប្រកាន់អ៊ុយក្រែនថាដឹកនាំដោយពួកណាស៊ីញៀនថ្នាំផងដែរ៕