​ដោយៈ ចាន់តូ / ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២២ នេះ សមត្ថកិច្ច បាន​បញ្ជូន ខ្លួន​បុរស​ម្នាក់ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ចាប់រំលោភ​ប្អូនថ្លៃ​ស្រី និង​គំរាម​សម្លាប់ តែ​មិនបាន​សម្រេច ដែល​បាន​ប្រព្រឹត្តិ នៅវេលា​ម៉ោង ១២ និង​៣០​នាទី​យប់ ឈានចូល​ថ្ងៃទី​១២ មិថុនា កន្លងទៅ នៅក្នុង​មូលដ្ឋាន​សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​បុរស​ម្នាក់នេះ ឈ្មោះ នួន ភារៈ អាយុ ៣០ ឆ្នាំ ដែល​គេ​ស្គាល់​ថា ជា​អង្គរក្ស និង​ជា​អ្នកបើក រថយន្ត​ឱ្យ​លោក​អភិបាលខណ្ឌ​ម្នាក់ មាន​ទីលំនៅ​សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ចំណែកឯ នារី​រងគ្រោះ​វិញ ឈ្មោះ ស​.​ស​.​ម អាយុ ១៩​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​១ ត្រូវជា​ប្អូនថ្លៃ​ស្រី របស់​ជនសង្ស័យ​។​

​យោងតាម​ប្រភពព័ត៌មាន បានឱ្យដឹងថាៈ នៅ​ថ្ងៃទី​១១ ខែ មិថុនា ឆ្នាំ​២០២២ បុរស​ជា​ជនដៃដល់ និង​ប្រពន្ធ បាននាំគ្នា​ទៅលេង​ផ្ទះ​ប្អូនស្រី ដែល​ឪពុកម្តាយ បានធ្វើ​ដំណើរ​ទៅ​ខេត្ត​។ លុះ​នៅ វេលា​យប់នោះ បុរស​ដែលជា​បងថ្លៃ ក៏បាន​ជួបជុំគ្នា ផឹកស៊ី​នៅផ្ទះ​កើតហេតុ​ខាងលើ​។ បន្ទាប់ពី​ផឹក​ស្រវឹង​រួច ជនសង្ស័យ ក៏បាន​ទៅ​ដេក​ជាមួយ​ប្រពន្ធ នៅ​ជាន់​ក្រោម​។ ដោយឡែក ប្អូនថ្លៃ​ស្រី ព្រមទាំង​ក្មួយ បាន​សម្រាក​នៅ​បន្ទប់​ជាន់​ឡាវ​តឿ ។ ខណៈពេល ប្អូនថ្លៃ​ស្រី កំពុងតែ​ដេក ក៏​ស្រាប់តែ​ជនសង្ស័យ បាន​លួច​ក្រោក​ទៅ​គាស់​ទ្វារ​បន្ទប់ ដើម្បី​ចូលទៅ​ចាប់ រំលោភ​សេពសន្ថវៈ​តែម្តង តែ​ពុំបាន​សម្រេច​នោះទេ​។​

​តាម​នារី​រងគ្រោះ បានឱ្យដឹងថាៈ នៅ​យប់នោះ បងថ្លៃ​ប្រុស​របស់​នាង បាន​កាន់​កាំបិតប៉័ងតោ និង​កាំបិត​ចុង​ស្រួច និង​ស្លៀក​តែ​ខោខ្លី បាន​ចូលមក​ចាប់រំលោភ​សេពសន្ថវៈ​ទាំង​កំរោល ហើយ​នាង​ខំ​រើ​បម្រាស់ រួច​ក៏បាន​ស្រែកហៅ​ឱ្យ​ប៉ា​ជួយ និង​ក្មួយ​ស្រី ដែល​បាន​ដេក នៅ​បន្ទប់​ក្បែរ​នេះ ហើយ​ក៏បាន​បើកភ្លើង ចេញមកក្រៅ ឯ​ជនសង្ស័យ​នោះ ក៏បានរ​ត់ទៅ​ពួន ក្នុង​បន្ទប់​។ ដោយមាន​ការភ័យខ្លាច​ផង​នោះ ទើប​ខ្លួន​ខ្លាច​បងថ្លៃ​សម្លាប់ និង​ក្មួយ ក៏បាន​ដឹក ដៃ​គ្នា ចេញមកក្រៅ ហើយ​បាន​ប្រាប់​បងប្អូន និង​បាននាំគ្នា ចាក់សោរ​ទ្វារផ្ទះ រួច​បាន​ទៅប្តឹង នគរបាល​មូលដ្ឋាន ឱ្យ​ចុះ​មកជួយ​អន្តរាគមន៍ ឃាត់ខ្លួន បាន​ទាំងយប់​។ បន្ទាប់ពី​ឃាត់ខ្លួន សមត្ថកិច្ច ក៏បាន​ឆែកឆេរ​រកឃើញ កាំបិតប៉័ងតោ នៅក្រោម​គ្រែ​ផងដែរ​។​

​គួរ​បញ្ជាក់ថា កន្លងមក បុរស​ម្នាក់នេះ ក៏បាន​ធ្លាប់​ប៉ុនប៉ង​សម្លាប់​ឪពុក​ម្តាយក្មេក ម្តង​រួចមកហើយ កាលពី​ចុងឆ្នាំ​២០២១ និង​ធ្លាប់​វាយ​បង្ករ ឱ្យមាន​បួស​ស្នាម​ដល់​អ្នកដទៃ កាលពី​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២០ ដោយ​សងជំងឺចិត្ត គេ​អស់ ៩ ពាន់​ដុល្លារ​។

​បច្ចុប្បន្ន បុរស​ជនសង្ស័យ ខាងលើនេះ ត្រូវបាន​សមត្ថកិច្ច បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ ទៅតាម​នីតិវិធី​ច្បាប់​៕/V​.mara