​ដោយ​៖ រ៉ា​ម៉ន / ព្រះសីហនុ​៖ រដ្ឋបាលខេត្ត​ព្រះសីហនុ បានដាក់​ផែនការ​មួយចំនួន ដើម្បី​ទ្រទ្រង់ ដល់​វិស័យសេដ្ឋកិច្ច -​សង្គម និង​ទេសចរណ៍ ឱ្យមាន​ការរីកចម្រើន ប្រកបដោយ​គុណភាព និង​និរន្តរភាព ខណៈដែល​ខេត្ត​មួយ​នេះ បានប្រែក្លាយ​ទៅជា​ប៉ូល​សេដ្ឋកិច្ច សំខាន់​ទី​២ របស់ កម្ពុជា និង​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​។​

​លោក ឡុង ឌី​ម៉​ង់ អភិបាលរង​ខេត្ត​ព្រះសីហនុ បានឱ្យដឹង នៅ​ថ្ងៃទី​១៣ មិថុនា​នេះ​ថាៈ នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ រួម​ជាមួយនឹង​សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ នៅក្នុង​ប្រទេស ខេត្ត​ព្រះសីហនុ បានប្រែក្លាយ​ពី​ខេត្ត ដែលមាន​ភាព​ស្ងៀមស្ងាត់ ទៅជា​ខេត្ត ដែលមាន​សកម្មភាព​សេដ្ឋកិច្ច​រស់​រវើក ជាពិសេស​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ត្រូវបាន​យក ចិត្ត​ទុកដាក់​ខ្ពស់ ពី​សំណាក់​រាជរដ្ឋាភិបាល ក្នុងអំឡុង​វិបត្តិ​កូ​វីដ​១៩ តាមរយៈ​ការកែប្រែ​វិបត្តិ កូ​វីដ​-១៩ ទៅជា​ឱកាស​នៃ​ការកសាង និង​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់​ខ្វាត់ខ្វែង ដែល​ប្រទាក់ក្រឡា​គ្នា សម្រាប់​បម្រើឱ្យ​វិស័យ​ទេសចរណ៍ និង​ការដឹកជញ្ជូន សំដៅ​ជំរុញ​កំណើនសេដ្ឋកិច្ច​ខេត្ត និង​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ ជា​ប៉ូល​សេដ្ឋកិច្ច​សំខាន់​ទី​២ របស់​កម្ពុជា និង​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​។​

​លោក​អភិបាលរង បាន​បន្ថែមថាៈ ដើម្បី​ទ្រទ្រង់​ដល់ វិស័យសេដ្ឋកិច្ច -​សង្គម និង​ទេសចរណ៍ ឱ្យមាន​ការរីកចម្រើន ប្រកបដោយ​គុណភាព និង​និរន្តរភាព រដ្ឋបាលខេត្ត ក៏​ដូច​មន្ត្រី​ជំនាញ ពាក់ព័ន្ធ បាននិងកំពុង​យកចិត្តទុកដាក់ ក្នុងការ​អភិវឌ្ឍ និង​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ រៀបចំ​កែលម្អ ឆ្នេរសមុទ្រ ទឹកស្អាត អគ្គិសនី ការគ្រប់គ្រង​សំណល់ រឹង​-​រាវ បន្ទប់ទឹក​សាធារណៈ ការរៀបចំ​សួនច្បារ និង​កំពង់ផែ​ទេសចរណ៍​ស្ដង់ដារ សេវាកម្ម​ទេសចរណ៍ ព្រមទាំង​ពង្រឹង​ការគ្រប់គ្រង សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ និង​សេវា​ដឹកជញ្ជូន​សាធារណៈ រួមទាំង​ជំរុញ​យុទ្ធនាការ​ទីក្រុង​ស្អាត ឆ្នេរ​ស្អាត ទាំង​នៅក្នុង​ទីក្រុង ទីប្រជុំជន និង​នៅតាម​តំបន់ឆ្នេរ ឱ្យ​កាន់​តែមាន​សោភ័ណភាព បរិស្ថាន​ល្អប្រសើរ ដើម្បី​ចូលរួម​អភិវឌ្ឍ និង​គាំទ្រ​ដល់​គោលនយោបាយ និង​ផែនការ​អភិវឌ្ឍ ទេសចរណ៍​ជាតិ របស់​រាជរដ្ឋាភិបាល នាពេល​បច្ចុប្បន្ន និង​ពេលអនាគត​។

​លោក​អភិបាលរង បាន​បន្ថែមទៀតថាៈ រដ្ឋបាលខេត្ត ក៏បាន​ណែនាំ​ដល់ រដ្ឋបាល​ក្រុង​- មន្ទីរជំនាញ ឱ្យ​បន្ត​យកចិត្តទុកដាក់ ក្នុងការ​អនុវត្តន៍ ផែនការ​សកម្មភាព​មួយចំនួនទៀត ដូចជា​បន្ត​ការយកចិត្តទុកដាក់ ត្រួតពិនិត្យ និង​វាយតម្លៃ អំពី​ការអនុវត្តន៍​នូវ វិធាន​សុវត្ថិភាព ទេសចរណ៍ និង​វិធាន​សុវត្ថិភាព​សុខាភិបាល របស់​អាជីវករ និង​ប្រជាពលរដ្ឋ ការបើក​វគ្គប​ណ្តុះ បណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ ការសហការ​ជាមួយ​ក្រសួង ចុះ​ត្រួតពិនិត្យ និង​វាយតម្លៃ ស្តង់ដារ សេវា​ស្នាក់នៅ​ទេសចរណ៍ ការជំរុញ​យុទ្ធនាការ​ទីក្រុង​ស្អាត និង​ការជំរុញ​លើកទឹកចិត្ត ដល់​វិស័យ​ឯកជន បន្ត​អភិវឌ្ឍន៍​ផលិតផល និង​សេវាកម្ម​ទេសចរណ៍​ថ្មី ឱ្យបាន​សម្បូរបែប​ប្រកប ដោយ​ស្ដង់ដារ គុណភាព និង​ចីរភាព ដើម្បី​ចូលរួម​អនុវត្ត តាម​គោលនយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ របស់​រាជរដ្ឋាភិបាល ក្នុង​ការបើក​ដំណើរការ សេដ្ឋកិច្ចសង្គម និង​ទេសចរណ៍ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ឡើងវិញ​។​

​លោក ឡុង ឌី​ម៉​ង់ បានបញ្ជាក់​ថាៈ « ខេត្ត​ព្រះសីហនុ គឺជា​ខេត្ត​ដែលមាន​សក្ដានុពល ទេសចរណ៍ សេដ្ឋកិច្ច ឧស្សាហកម្ម​ជាច្រើន ដែល​ត្រៀមខ្លួន ក្នុងការ​សម្រេច​ឱ្យបាន នូវ​មហិច្ឆតា​របស់ រាជរដ្ឋាភិបាល ដែល​បាន​ចាត់ទុកជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ ឈានមុខ នៅក្នុង​ប្រទេស ក៏ដូចជា​តំបន់ ដើម្បី​រុញច្រាន​នាវា​កម្ពុជា អូស​ចេញពី​វិបត្តិ​សេដ្ឋកិច្ច ដែល​កើតឡើង​ដោយ​កូ​វីដ​១៩​។ ដូច្នេះ​រាជរដ្ឋាភិបាល ក៏ដូចជា អាជ្ញាធរខេត្ត​របស់​យើង បាននិងកំពុង​ត្រៀមខ្លួន ក្នុងការ​ផ្ដល់នូវ​កិច្ចសហការ​នានា ជាពិសេស​ផ្តល់នូវ​លក្ខណៈសម្បត្តិ ក៏ដូចជា សម្រួល​ដល់​អ្នកវិនិយោគ ទេសចរ​បរទេស​ទាំង​អស់ ដើម្បី​ឱ្យមាន​ភាព​ទាក់ទាញ និង​ផ្តល់​លទ្ធភាព​ឱ្យ​អ្នក​អាចធ្វើ​ការប្រកប​អាជីវកម្ម ធ្វើការ​វិនិយោគ នៅក្នុង​ខេត្ត​ព្រះសីហនុ នេះ​។​»

​ក្នុងនោះដែរ លោក​អភិបាលរង បានបញ្ជាក់​ទៀតថាៈ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល ខេត្ត​ព្រះសីហនុ ក៏​បាននិងកំពុង​ខិតខំ​យ៉ាងសកម្ម ក្នុងការ​ពង្រឹង​សន្តិសុខ និង​សុវត្ថិភាព ដែលមាន​កងកម្លាំង​គ្រប់​ប្រភេទ ជា​សេនាធិការ​ផ្ទាល់ ក្នុងការ​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និង​សុវត្ថិភាព​សង្គម និង​បាន​ត្រៀមលក្ខណៈ​រួចជាស្រេច ដើម្បី​បម្រើ​ដល់ ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គម ក្នុង​ខេត្ត ក៏ដូចជា ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ខេត្ត និង ភ្ញៀវទេសចរ ទាំង​ជាតិ និង​អន្តរជាតិ ដែល​មក​លម្ហែ​កម្សាន្ត នៅលើ​ទឹកដី ខេត្ត​ព្រះសីហនុ​៕/V​.mara