ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នឹង​អញ្ជើញ​ទៅ​ទស្សនៈកិច្ច​ផ្លូវការ និង ចូលរួម​ប្រជុំ​គោលនយោបាយ​កសិកម្ម​ក្នុង​តំបន់​នៅ​ប្រេ​ស៊ី​ល នៅពេល​ខាងមុខ ។

​គម្រោង​នេះ គឺ​ត្រូវ​បានលើកឡើង​នៅពេលដែល លោក​រដ្ឋមន្ត្រី​បានទទួល​ជួប​លោក ចូ​សេ ប៊​ក​ហ្គឹ ដូ​ស សាន់​តូច ជូ​នៀ (José Borges dos Santos Júnior) ឯកអគ្គរដ្ឋទូត​ទើប​តែងតាំង​ថ្មី​ប្រេ​ស៊ី​ល ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​និវេសន​ដ្ធា​ន​នៅ​ទីក្រុង​បាងកក ក្នុង​គោលបំណង​ពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិ​ប​ត្កិ​កា​រលើ​វិស័យ​កសិកម្ម​រវាង​ប្រទេស​ទាំងពីរ​នាពេល​អនាគត​។​

​លោក​រដ្ឋមន្ត្រី​សង្ឃឹមថា ក្នុង​អាណត្តិ​របស់លោក​ឯកអគ្គ​រដ្ឋទូត កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា និង​ប្រេ​ស៊ី​ល​លើ​វិស័យ​កសិកម្ម​នឹង​ចាប់ផ្តើម​ដំណើរ​ការចេញ​ជា​រូបរាង​។

​លោក ឯកអគ្គរដ្ឋទូត​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​កិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​លោក រដ្ឋមន្ត្រី ហើយ​ក្នុងឱកាស​នោះ​ក៏បាន​បង្ហាញ​ពី​ឆន្ទៈ និង​ជឿជាក់ថា​នឹង​អាច​រួមគ្នា​ជាមួយ​លោក រដ្ឋមន្ត្រី​ចាប់ផ្តើម​ដំណើរការ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ប្រកបដោយ​ផ្លែផ្កា​។ លោក​ឯកអគ្គរដ្ឋទូត​បន្ថែមថា កិច្ចសហប្រតិបត្តិការ​នេះ​នឹង​អាច​ចាប់ផ្តើម​តាមរយៈ​ទស្សនកិច្ច​ផ្លូវការ​របស់លោក​រដ្ឋមន្ត្រី ដើម្បី​ចូលរួម​ជា​ភ្ញៀវកិត្តិយស​ក្នុង​កិច្ចប្រជុំ​គោលនយោបាយ​កសិកម្ម​ក្នុង​តំបន់ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ប្រទេស​ប្រេ​ស៊ី​ល​នា​ខែសីហា ខាងមុខនេះ​។

​ជាការ​ឆ្លើយតប លោក​រដ្ឋមន្ត្រី​សន្យាថា​នឹង​ពិនិត្យ​លទ្ធភាព​ក្នុង​ការចូលរួម​កិច្ចប្រជុំ​ដ៏​មាន​សារសំខាន់​ខាងលើនេះ ហើយ​លោក​នឹង​អញ្ជើញ​វិស័យ​ឯកជន​ដែល​កំពុង​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ចូលរួម​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នេះ ដើម្បី​ផ្តល់ឱកាស​ឲ្យ​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំងពីរ​អាច​ជួបគ្នា ផ្លាស់ប្តូរ​បទពិសោធ និង​ជាពិសេស​ច្បាម​យក​បច្ចេកទេស និង​បច្ចេកវិទ្យា​ថ្មី​ទំនើប​ក្នុងការ​កែច្នៃ វេច ខ្ចប់ និង​ការរៀបចំ​ទីផ្សារ ដើម្បី​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​កម្ពុជា​កាន់តែ​មាន​ភាព​រីកចម្រើន​ថែមទៀត​៕.mara