ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​យាង​ចូលរួម​ជា​អធិបតីភាព នៃ​ពិធី​រុក្ខទិវា “​ព្រះរាជ​ពិធី​ដាំ​កូនឈើ​” នា​ថ្ងៃទី​០៩ ខែកក្កដា នៅ​ស្រុក​បាណន់ ខេត្តបាត់ដំបង ។

​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បាន​ឲ្យ​ដឹងថា ក្រោយពី​បាន​ផ្អាក​នៅ​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១ ដោយសារ​ហានិភ័យ​នៃ​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩ ប៉ុន្តែ ដោយសារ​ស្ថានភាព​ជំងឺឆ្លង​កូ​វីដ​-១៩ មាន​លក្ខណ​ល្អប្រសើរ ឆ្នាំនេះ​រាជរដ្ឋាភិបាល​បានអនុញ្ញាត​ឲ្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រៀបចំ​ប្រារព្វ​ពិធី “​រុក្ខទិវា ៩​កក្កដា​” តាម​ប្រតិទិន​ដូច​ប្រក្រតី​ឡើងវិញ​។

​លោក​បាន​បន្តថា ដើម្បី ឲ្យ​ដំណើរ ការ នៃ​ព្រះ​រាជពិធី​ប្រព្រឹត្ត ទៅ ដោយ​រលូន និង​ទទួល បាន ជោគ ជ័យ​នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២២ លោក រដ្ឋមន្ត្រី​បាន អមដំណើរ សម្ដេច ចៅ ហ្វា​វាំង គង់ សំអុល ឧបនាយក រដ្ឋមន្ត្រី និង​ជា រដ្ឋមន្ត្រី ក្រសួង ព្រះ បរម​រាជ វាំង បាន​ចុះទៅពិនិត្យ​បន្ថែម​ទីតាំង​ដែល​ត្រូវ​រៀបចំ​ប្រារព្វ​ពិធី​រុក្ខទិវា​ឆ្នាំនេះ ស្ថិតក្នុង​ស្ថានីយ​ផ្សព្វផ្សាយ និង​ស្តារ​ព្រៃឈើ​សំបូរ​មាស ភូមិ​សំបូរ​មាស ឃុំ​ស្ទឹង ស្រុក​បាណន់ ខេត្តបាត់ដំបង​ដែលមាន​ផ្ទៃដី​សរុប ២៦​ហ​ត​។

​ពិធីបុណ្យ « រុក្ខទិវា ៩​កក្កដា ឬ​ព្រះ​រាជពិធី​ដាំ​កូនឈើ » គឺជា​ចលនា​បំផុសបំផុល​ការដាំដុះ​ដើមឈើ​ដ៏​ធំ​មួយ និង​ជា​ប្រពៃណី​ដ៏​ល្អ​ផូរផង់​ឧត្តុង្គឧត្តម​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា​យើង ដែល​ចលនា​នេះ​ចាប់​មាន​តាំងពី « សម័យ​សង្គមរាស្ត្រនិយម » ក្រោម​ព្រះ រាជ​បូជនីយកិច្ច​ផ្ដួច ផ្ដើម និង​ដឹកនាំ​ដោយ​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម​សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ព្រះវររាជបិតា​កសិក​ម្ម​ជាតិ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដោយមាន​ការចូលរួម​យ៉ាង​ផុសផុល​ពី​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ និង​បាន​ក្លាយទៅជា​សកម្មភាព​យ៉ាង​ធំ​ទូលំទូលាយ ក្នុង​ចលនា ទិវា​ពលកម្ម​ដាំ​ដើម ឈើ​នៅក្នុង​សង្គម ដែល​ទីបំផុត​ត្រូវបាន​ទទួលស្គាល់​ជា​ពិធី​ប្រពៃណីជាតិ មួយ​ហៅថា «​ពិធី​រុក្ខទិវា​» ដែល​បាន​កំណត់ដោយ​ព្រះរាជកិច្ច លេខ​៧៣៨ នស​.​រកត ចុះ​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​១៩៥២​។ បច្ចុប្បន្ន « រុក្ខទិវា » ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ​ដោយមាន​ចែង​ក្នុង​ច្បាប់​ស្ដីពី​ព្រៃឈើ នា​ឆ្នាំ​២០០២ ជំពូក​ទី​១២ មាត្រា​ទី​៦០ បាន​ចែងថា​៖ ដើម្បី​ជំរុញ​ការអប់រំ​ប្រជាពលរដ្ឋ ឱ្យ​យល់ដឹង​ពី​សារសំខាន់ និង​ផលប្រយោជន៍​ព្រៃឈើ ទិវា​ពលកម្ម​ដាំ​កូនឈើ ជា​ប្រពៃណីជាតិ​ហៅថា «​រុក្ខទិវា​» ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី ៩ ខែកក្កដា ជា​រៀងរាល់ឆ្នាំ ក្រោម​ព្រះរាជអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឬ​ព្រះរាជតំណាង​។​

​ទិវា​នេះ​ពិត​ជាមាន​អត្ថន័យ​ដ៏​ឧ​ដ្តុ​ង្គ​ឧ​ត្ត​ម និង​ឧ​ត្ត​ម​ប្រយោជន៍​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រទេសជាតិ បាន​ឆ្លុះបញ្ចាំង​ពី​ភាពរឹងមាំ​នៃ​ការកសាង​គ្រឹះ​សេដ្ឋកិច្ចជាតិ ក្រោម​កិច្ច​រួបរួម​ជា​ធ្លុង​មួយ​បង្ហាញ​ពី​សក្ខីកម្ម​នៃ​សាមគ្គីភាព រវាង​ប្រជារាស្ត្រ និង​មន្ត្រីរាជការ​ទូទាំងប្រទេស​ក្នុង​ការជំរុញ​លើកទឹកចិត្ត​ចូលរួម​ចលនា​ដាំ​ដើមឈើ​ដើម្បី​ផ្ដល់​ជា​ប្រយោជន៍​ធនធាន​ទ្រទ្រង់​វិស័យ​កសិកម្ម​បង្កើន​សុខុមាល ភាព​គ្រួសារ និង​ជីវភាព​សង្គម ព្រមទាំង​
​កិច្ច​គាំពារ​បរិស្ថាន ស្របតាម​ព្រះរាជតម្រិះ​ដ៏​ខ្ពង់ខ្ពស់​នៃ​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ថា “​ព្រៃឈើ​គឺជា​សរសៃឈាម ក្នុង​វិស័យ​កសិកម្ម​ជាតិ ជា​អាយុជីវិត​ប្រជាកសិករ និង​ជា​ខឿនសេដ្ឋកិច្ច​ជាតិ​។ ដូច្នេះ​យើង​ត្រូវតែ​រួបរួមគ្នា​ថែរក្សា ការពារ​ព្រៃឈើ និង​ដាំ​ដើមឈើ​ឲ្យ​បាន​គ្រប់ៗ​គ្នា​”៕​.mara