ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ នេះគឺជាគ្រាដែលទាហានរុស្ស៊ីកំពុងរត់គេចខ្លួនដើម្បីអាយុជីវិតរបស់ពួកគេ ខណៈដែលពួកគេត្រូវបានវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនដែលបំពាក់កាមេរ៉ាកម្ដៅមើលឃើញពេលយប់និងគ្រាប់បែកក្នុងយុទ្ធនាការ “ប្រមាញ់ពេលរាត្រី”។

វីដេអូ ដែលថតបានដោយដ្រូនរបស់កងវរសេនាតូចថ្មើរជើងលេខ ៤៧ របស់អ៊ុយក្រែន បានបង្ហាញទាហានបួននាក់កំពុងរត់គេចចូលទៅក្នុងព្រៃ បន្ទាប់ពីស្តាប់ឮដ្រូនហោះមកជិតពួកគេ។

បន្ទាប់មក ដ្រូនបានទម្លាក់គ្រាប់បែកចំនួនពីរគ្រាប់ទៅលើសមមិត្តរបស់ពួកគេ ដោយសម្លាប់ពួកគេយ៉ាងហោចណាស់បីនាក់ នេះបើយោងតាមយោធារបស់អ៊ុយក្រែន។

គេមិនច្បាស់ថាតើវីដេអូនេះថតនៅទីណាឬពេលណានោះទេ ប៉ុន្តែវាបានកើតឡើងចំពេលមានការប្រយុទ្ធគ្នាយ៉ាងសាហាវនៅក្នុងតំបន់ដុនបាស ខណៈទាហានអ៊ុយក្រែនកំពុងតស៊ូការពារទីក្រុងសំខាន់មួយ ខណៈចាប់ផ្តើមការវាយប្រហារតបតបន្ថែមទៀតទៅកាន់ភាគខាងជើង។

ទីក្រុងគៀវបាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ទី១៣មិថុនាថា កម្លាំង​របស់​ខ្លួន​ត្រូវ​បានវាយច្រានចេញ​ពី​កណ្តាល​ក្រុងស៊ីវីរ៉ូដូណិតស៍ (Severodonetsk) ជា​កន្លែង​ដែល​ការ​ប្រយុទ្ធ​គ្នា​ខ្លាំង​បំផុត​កំពុង​កើត​ឡើង​នា​ពេល​បច្ចុប្បន្ន។

ប្រធានាធិបតីហ្សេលេនស្គីបាននិយាយថា ទាហានរបស់គាត់កំពុងប្រយុទ្ធដើម្បីទឹកដីគ្រប់ម៉ែត្រទាំងអស់ ខណៈដែលការគ្រប់គ្រងទីក្រុងនេះបានប្តូរគ្នាកាន់កាប់ចុះឡើងៗវាងអ៊ុយក្រែននិងរុស្ស៊ី ដែលបណ្តាលឱ្យមានការបាត់បង់ទាហានយ៉ាងច្រើននៅភាគីទាំងសងខាង៕

ដ្រូនបង្ហាញរូបភាពមើលឃើញពេលយប់ ខណៈទាហានរុស្ស៊ីកំពុងរត់គេចពីការវាយប្រហារ