ដោយ​: សុផល​/​ភ្នំពេញ​: ស្ថិតិ​របស់​ក្រសួងទេសចរណ៍ បានឱ្យដឹងថា​៖​រយៈពេល ៥​ខែ ដើមឆ្នាំ​នេះ មាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចូលមក​ទស្សនា​កម្ពុជា​ចំនួន ៣៤៣.៤៦៤​នាក់ កើនឡើង ២៧៥ ភាគរយ ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០២១​។​

​ក្នុង រយៈពេល​៥​ខែ ពី​ខែមករា ដល់​ឧសភា មាន​អ្នកធ្វើដំណើរ តាមផ្លូវ​អាកាស​ចូលមក​កម្ពុជា ១៨២.៥១២​នាក់ កើនឡើង ៣៣៦ ភាគរយ ក្នុងនោះ មាន​មកពី ប្រទេស​ចិន សហរដ្ឋអាមេរិក ម៉ាឡេស៊ី វៀតណាម ឥណ្ឌូណេស៊ី កូរ៉េខាងត្បូង ថៃ បារាំង សិង្ហ​បុរី និង ឥណ្ឌា ។ អ្នកធ្វើដំណើរ តាមផ្លូវ​គោក​មាន ១៥៧.១១៣​នាក់ កើនឡើង ២១៦ ភាគរយ និង តាមផ្លូវ​ទឹក​មាន​ចំនួន ៣.៨៣៩ នាក់ ក្នុងនោះ​មានមក​ពី​ប្រទេស​ថៃ វៀតណាម ចិន សហរដ្ឋអាមេរិក ម៉ាឡេស៊ី ឥណ្ឌូណេស៊ី កូរ៉េខាងត្បូង បារាំង សិង្ហ​បុរី ហ្វីលីពីន និង ឥណ្ឌា ។

​ប្រភព​ដដែល​នេះ បាន​បង្ហាញថា​៖​កាលពី​ខែមេសា ឆ្នាំ​២០២២ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ ចំនួន ២.៧០០​នាក់​ក្នុង​មួយថ្ងៃ នៅ​ខែឧសភា​ទទួលបាន ៣.៤០០​នាក់​ក្នុង​មួយថ្ងៃ និង ខែមិថុនា​នេះ ប្រហែល​ទទួលបាន ៤.២០០​នាក់​ក្នុង​មួយថ្ងៃ ។​ចាប់ពី ខែកក្កដា តទៅ កម្ពុជា​នឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិ ចាប់ពី ៤.៥០០ ទៅ ៥.៥០០ នាក់ ក្នុង មួយថ្ងៃ ។

​ស្ថានភាព​ជើងហោះហើរ​អន្តរជាតិ ចូលមក​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​៣ មាន​ចំនួន​សរុប ២.៤៥៩ ជើង កើនឡើង ១៦៤ ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​នៅ​ឆ្នាំ​២០២១ (៩៣០ ជើង ) ក្នុងនោះ ៖
* អាកាសយានដ្ឋាន អន្តរជាតិ ភ្នំពេញ មាន ចំនួន ២.១១៦ ជើង កើនឡើង ១.២០៣ ជើង ។ មាន ក្រុមហ៊ុន អាកាសចរណ៍ ចំនួន ២២ ក្រុមហ៊ុន និង មាន ៦ ក្រុមហ៊ុន កំពុង ហោះហើរ ទៀងទាត់ ជា​រៀងរាល់ថ្ងៃ ។
* អាកាសយានដ្ឋាន អន្តរជាតិ សៀមរាប មាន ចំនួន ២០៤ ជើង កើនឡើង ១៩៩ ជើង ។ មាន ក្រុមហ៊ុន អាកាសចរណ៍ ចំនួន ៥ ក្រុមហ៊ុន និង មាន ២ ក្រុមហ៊ុន កំពុង ហោះហើរ ទៀងទាត់ ជា រៀងរាល់ថ្ងៃ ។
* អាកាសយានដ្ឋាន អន្តរជាតិ ព្រះសីហនុ មាន ចំនួន ១៣៩ ជើង កើនឡើង ១២៧ ជើង ។ មាន ក្រុមហ៊ុន អាកាសចរណ៍ ចំនួន ៣ ក្រុមហ៊ុន និង មាន ១ ក្រុមហ៊ុន កំពុង ហោះហើរ ទៀត ទាត់ ជា រៀងរាល់ថ្ងៃ ៕​