ដោយ៖តារារិទ្ធ(ភ្នំពេញ)៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា៖រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញា យ៉ាងមុតមាំចំពោះការធានាឱ្យបានថាកុមារទាំងអស់នឹងរស់នៅក្នុងបរិយាកាសមួយប្រកបដោយភាពអំណោយផលដល់ការលូតលាស់ព្រមទាំងទទួលបានការចិញ្ចឹមបីបាច់និងកិច្ចការពារនានាសំដៅបញ្ចប់ឱ្យបានអំពើហិង្សាលើកុមារក្នុងគ្រប់ទម្រង់ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងបែបនេះនៅក្នុងសុន្ទរកថាសម្រាប់«កិច្ចប្រជុំកំពូលអ្នកដឹកនាំស្តីពីដំណោះស្រាយដើម្បីបញ្ចប់អំពើហិង្សាលើកុមារ» ដែលនិងប្រារព្ធធ្វើនៅម៉ោង៨៖១០នាទីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២(តាមរយៈប្រព័ន្ធវីឌីអូ) ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះការរៀបចំ «កិច្ចប្រជុំកំពូលអ្នកដឹកនាំស្តីពីដំណោះស្រាយដើម្បីបញ្ចប់អំពើហិង្សាលើកុមារ»។ក្នុងនាមជាប្រទេស សមាជិកដៃគូសាកលដើម្បីបញ្ចប់អំពើហិង្សាលើកុមារ,រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ខ្ពស់លើការទប់ស្កាត់រាល់សកម្មភាពហិង្សាលើកុមារនិងលើកកម្ពស់កិច្ចការពារកុមារ។ជាក់ស្តែង,កម្ពុជាបានរៀបចំនិងដាក់ឱ្យអនុវត្តនូវគោលនយោបាយនិងផែនការជាបន្តបន្ទាប់ដូចជាផែនការ សកម្មភាពដើម្បីទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ ២០១៧-២០២១,ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦-២០២៥និង គោលនយោបាយជាតិស្ដីពីប្រព័ន្ធកិច្ចការពារកុមារឆ្នាំ២០១៩-២០២៩ជាដើមដើម្បីឈានទៅសម្រេចឱ្យបាននូវការបញ្ចប់អំពើហិង្សាលើកុមារ ។បន្ថែមលើនេះនៅឆ្នាំ២០១៩, កម្ពុជាបានក្លាយជាប្រទេសសមាជិកនៃ ភាពជាដៃគូសាកលដើម្បីបញ្ចប់អំពើហិង្សាលើកុមារដោយផ្ដល់អាទិភាពលើការពង្រឹងការអនុ វត្តគោលនយោបាយថែទាំជំនួសចំពោះកុមារតាមរយៈការលើកកម្ពស់ការថែទាំតាមគ្រួសារជំនួសឱ្យការថែទាំនៅកន្លែងថែទាំកុមារជាដើម។នៅឆ្នាំ២០២១ ផ្អែកតាមការវាយតម្លៃលើផែនការសកម្មភាពដើម្បីទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ ២០១៧-២០២១, ប្រទេសកម្ពុជាបាននិងកំពុងស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវ ក្នុងការទប់ស្កាត់នឹងអំពើហិង្សាលើកុមារ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តថាជាទិសដៅទៅមុខកម្ពុជានឹងបន្តកិច្ចខិតខំប្រឹងប្រែងឱ្យកាន់តែសកម្មក្នុងការធានាថាកុមារមានសុវត្ថិភាពនៅគ្រប់ទីកន្លែងដូចជានៅផ្ទះ សាលារៀននិងក្នុងសហគមន៍ ។ជាងនេះទៅទៀតរាជរដ្ឋាភិបាលប្តេជ្ញាយ៉ាងមុតមាំចំពោះការធានាឱ្យបានថាកុមារទាំងអស់នឹងរស់នៅក្នុងបរិយាកាសមួយប្រកបដោយភាពអំណោយផលដល់ការលូតលាស់ព្រមទាំងទទួលបានការចិញ្ចឹមបីបាច់និងកិច្ចការពារនានាសំដៅបញ្ចប់​ឱ្យបានអំពើហិង្សាលើកុមារក្នុងគ្រប់ទម្រង់និងសម្រេចឱ្យបាននូវការប្ដេជ្ញារបស់កម្ពុជាក្នុងក្របខណ្ឌតំបន់និងសកលតាមរយៈការអនុវត្តនូវផែនការនិង គោលនយោបាយជាតិនានាដែលបានដាក់ចេញ ។

បន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងនៅក្នុងប្រទេសនីមួយៗការឈានទៅបញ្ចប់អំពើហិង្សាលើកុមារជារួមក៏តម្រូវឱ្យមានកិច្ចសហការជាសាកលជាពិសេសក្នុងបរិបទនៃការបន្តរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានបន្ទច់បង្អាក់នូវវឌ្ឍនភាពនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs)ទាក់ទងទៅនឹងការបញ្ចប់អំពើហិង្សាលើ កុមារ ។ ឆ្លៀតឱកាសនេះសម្តេចតេជោ ហ៊ុន សែន បានចូលរួមជាមតិយោបល់មួយចំនួនសំដៅឈានឆ្ពោះទៅបញ្ចប់អំពើហិង្សាលើកុមារជាសាកលដូចខាងក្រោម ៖

ទី១.លើកកម្ពស់ស្មារតីរួបរួមគ្នានិងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ទាំងទ្វេភាគីនិងពហុភាគីដើម្បីលើកស្ទួយសុខុមាលកុមារនិងកិច្ចការពារកុ មារ,ជាពិសេសពង្រឹងយន្តការសម្របសម្រួលក្នុងចំណោមតួអង្គពាក់ព័ន្ធទាំងអស់សំដៅចែករំលែកទិន្នន័យ និង ព័ត៌មានសំខាន់ៗដើម្បីចាត់វិធានការទាន់ពេល និង តឹងរ៉ឹង ដាច់ខាត ចំពោះសកម្មភាពហិង្សាគ្រប់ទម្រង់លើកុមារ ។

ទី២. ជំរុញការប្តេជ្ញាចិត្តជាសាកលតាមរយៈការកៀរគរធនធានទាំងហិរញ្ញវត្ថុ និង មិនមែនហិរញ្ញវត្ថុ ដើម្បីគាំទ្រ និង ធានាចីរភាពនៃចលនាបញ្ចប់អំពើហិង្សាលើកុមារ ទាំងក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិក៏ដូចជាតំបន់ដទៃទៀត។

ទី៣.ពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកការសម្រេចគោលដៅនានារបស់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពជាពិសេសចំណុចដៅ១៦.២ ៖ការបញ្ចប់រាល់ទម្រ ង់ទាំងអស់នៃអំពើហិង្សាលើកុមារនៅត្រឹមឆ្នាំ២០៣០ ៕