​ដោយ​: ភ្នំ​ខៀវ / បាត់ដំបង​: សំណង់​ព្រះវិហារ វត្ត​សំរោង​ក្នុង អាយុ​ជាង ១៣០​ឆ្នាំ​ស្ថិតក្នុង​ខេត្តបាត់ដំបង បាន​បើក​ការជួសជុល​ស្រោចស្រង់​ឡើងវិញ​ក្រោយ​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ខ្លាំង​។​

​លោកតា ខន រ៉​ន ប្រធាន​គណ​:​កម្ម​ការ​វត្ត​សំរោង​ក្នុង បានបញ្ជាក់​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២២​នេះ​ថា​÷ ការសម្រេច​ជួសជុល​ឡើងវិញ​នូវ​តួ​អាគារ​ព្រះវិហារ​ពី​សំណាក់​ព្រះគ្រូ​ចៅអធិការ​វត្ត ព្រះសង្ឃ គណៈកម្មការ​អាចារ្យវត្ត ក៏ដូចជា​មន្ត្រី​ជំនាញ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: ក្នុង​គោលបំណង​ទប់ស្កាត់​ការ​ពុកផុយ​បាក់បែក​អាគារ​ខ្លាំង​ទៅៗ ពិសេស​កំបោរ​ផ្នែក​ស្រទាប់​ខាងក្នុង និង​ខាងក្រៅ​វិហារ​ដែលមាន​ក្បាច់ក្បូរ រចនាបទ​ផ្សេងៗ និង​ជាច្រើន​ទម្រង់​របស់បុរាណ​ដូនតា​ខ្មែរ​យើង​។​

​លោកតា ខន រ៉​ន បានបញ្ជាក់​បន្ថែមថា​÷ អាគារ​ព្រះវិហារ​អាយុ​ជាង ១០០​ឆ្នាំ​ខាងលើ​ចាំបាច់​ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​ចូលរួម​ថែទាំ អភិរក្ស ប៉ុន្តែ​ក៏​មិនអាច​ទុកចោល​ឲ្យ​ចាស់​ទ្រុឌទ្រោម​ខ្លាំង​ទៅៗ​ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ​បានដែរ​ពុំនោះ​ទេ​អាគារ​សំណង់​នោះ​នឹង​ពុកផុយ​ប្រេះស្រាំ​បាក់បែក​រាប​ដល់​ដី​រហូតដល់​បាត់​រូបរាង​ជាក់​ជាមិនខាន​ឡើយ​។ ម្យ៉ាងទៀត​ការកែលម្អរ​ថ្មី​ឡើងវិញ​នេះ​មាន​សមាសភាព​ក្រុម​ជាង​សុទ្ធតែ​មានបទពិសោធន៍​យូរ​ឆ្នាំ​សម្រិតសម្រាំង​ជួសជុល​ដោយ​យកចិត្តទុកដាក់​តាម​ទម្រង់​ចាស់​ដដែល​ដើម្បី​រក្សាទុក​នូវ​ស្នាដៃ​ដ៏​ល្អ​ឯក​ជា​កេរ្តិ៍តំណែល​របស់​បុព្វបុរស​ដូនតា​ខ្មែរ​ឲ្យ​បាន​គង់វង្ស​យូរអង្វែង​តទៅទៀត សម្រាប់​បន្សល់ទុក​ឲ្យ​អ្នកជំនាន់ក្រោយ​បានឃើញ ស្គាល់ និង​ទាក់ទាញ​ភ្ញៀវ​ជាតិ អន្តរជាតិ​ចូល​ទស្សនា​កម្សាន្ត​។​

​លោកតា​គណ​:​កម្ម​ការ​វត្ត​សំរោង​ក្នុង បាន​ទទូច​សំណូមពរ​ដល់​ក្មេងៗ​អ្នកជំនាន់ក្រោយ​ត្រូវ​ចូលរួម​ទាំងអស់គ្នា​ក្នុងការ​ថែទាំ អភិរក្ស​សម្បត្តិ​ដូនតា​លើកកម្ពស់​សំណង់ អាគារ​បុរាណ វប្បធម៌​ជាតិខ្មែរ​ឲ្យ​បាន​គង់វង្ស និង​ទាញ​ជា​ប្រយោជន៍​បង្កើន​ប្រាក់ចំណូល​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ និង​សេដ្ឋកិច្ចសង្គម​ពី​វិស័យ​ទេសចរណ៍​នេះ​។​

​វត្ត​សំរោង​ក្នុង​ជាទី​វត្ត​បុរាណ​កសាងឡើង​តាំង​ពីមុន​សម័យ​លោក​ម្ចាស់​ទៅទៀត តាម​សំណេរ​តៗ​គ្នា​បាន​បញ្ជាក់ថា​÷ តួ​ព្រះវិហារ​ដំបូង​បំផុត​កកើត​នៅ​អំឡុង​ឆ្នាំ​១៧០៧ ក្រោយមក​អាគារ​វិហារ​ខាងលើនេះ​ក៏​ចាស់​ទ្រុឌទ្រោម ហើយ​ព្រះចៅអធិការ​វត្ត​ជំនា​ន់ទី​៧ បាន​ឯកភាពគ្នា​រុះរើ​ចេញ និង​ចាប់ផ្តើម​ផ្តួចផ្តើម​សាងសង់​ថ្មី​ឡើងវិញ​នៅ​អំឡុង​ឆ្នាំ​១៨៩០ ដោយ​លោក​ម្ចាស់​នាយ​ព្រះ​ឃ្លាំង​ម៉ៅ ជា​មេទ័ព​ស្បៀង និង​លោកជំទាវ អ៊ឹង ក្នុង​ការកសាង​ព្រះវិហារ​សព្វថ្ងៃនេះ​៕​