​ដោយៈ ភ្នំ​សន្ទុក​/ កំពង់ធំៈ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២២ លោក សាយ គឹម​ឡ​ម អភិបាលស្រុក​ស្ទោង និង សហការី ព្រមទាំង​រដ្ឋបាល​ឃុំ​កំពង់ចិនត្បូង បាន​ចុះ​ពិនិត្យមើល​ស្ថានភាព​សាងសង់​ផ្លូវ​បេតុង ស្ថិត​ភូមិ​កំពង់ក្តី ភូមិ​ឈើទាល និង​ភូមិ​កំពង់​ចិន ស្ថិតក្នុង​ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង ខេត្តកំពង់ធំ​។​

​ថ្លែង​ក្នុងឱកាស​នេះ លោក សាយ គឹម​ឡ​ម បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​ត្រូវ​ជួយ​ថែរក្សា​សមិទ្ធិផល​ដែល​រដ្ឋបាល​ស្រុក​ស្ទោង និង រាជរដ្ឋាភិបាល​សម្រេច​បាន ចូលរួម សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី​ភូមិ ឃុំ ស្រុក មានការ​អភិវឌ្ឍន៍​ទាំងអស់គ្នា​។

​លោក​បាន​បន្ថែមថា សមិទ្ធផល​ដែល​សម្រេចបាន​ហើយ​ចាំបាច់​ត្រូវតែមាន​ការចូលរួម​ថែរក្សា ការពារ ទាំងអស់គ្នា​។​

​ជាមួយនេះ​ផងដែរ លោក​អភិបាលស្រុក​ក៏បាន​ជំរុញ​ដល់​រដ្ឋបាល​ឃុំ​កំពង់ចិនត្បូង ត្រូវ​បង្កើន​ការយកចិត្តទុកដាក់ កសាង​ផ្លូវ​នេះ​ឲ្យ​បាន​ឆាប់រហ័ស និង ប្រកបដោយ​បច្ចេកទេស គុណភាព ហើយ​ធានា​នូវ​ការប្រើប្រាស់​បានយូរ​អង្វែង និង​មានការ​ចូលរួម​ថែរក្សា​ពី​ប្រជាពលរដ្ឋ​នៅ​សង្ខាង​ផ្លូវ​ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​ផងដែរ​។​

​គួរ​បញ្ជាក់ថា ផ្លូវ​បេតុង​ដែល​កំពុង​សាងសង់​នៅពេលនេះ​មាន​ប្រវែង​សរុប​៦០០​ម៉ែត្រ ទទឹង​៥​ម៉ែត្រ និង​មាន​កំរាស់​០,១៥​ម៉ែត្រ ជា​ថវិកា​មូលនិធិ​ឃុំ​កំពង់ចិនត្បូង​ឆ្នាំ​២០២២​។

​ទន្ទឹមនឹង​នោះដែរ​ប្រជាពលរដ្ឋ​បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​បានផ្ដល់​ផ្លូវ​បេតុង​មួយ​ខ្សែ​នេះ​សម្រាប់​អោយ​ពួកគាត់​ធ្វើ​ចរាចរណ៍​ចេញចូល​ភូមិ​ឃុំ​របស់​ពួកគាត់​បាន​យ៉ាង​ងាយស្រួល ៕​