​ដោយ​: ដេប៉ូ / ភ្នំពេញ​: ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានចេញ​សេចក្តី ជូនដំណឹង​មួយ ស្តីពី​ការបញ្ចប់​ការផ្តល់ប្រាក់​ឧបត្ថម្ភ សម្រាប់​កម្មករ និយោជិត ដែល​ព្យួរ​កិច្ចសន្យាការងារ ក្នុង​វិស័យ​ទេសចរណ៍ លើកលែងតែ​សណ្ឋាគារ ក្នុង​ខេត្តសៀមរាប​។​

​បើ​យោងតាម​សេចក្តីជូនដំណឹង របស់​ក្រសួង​ការងារ នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ ២០២២ នេះ បានឱ្យដឹងថាៈ ដោយសារ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅតាម​រោងចក្រ សហគ្រាស ត្រូវបាន​គ្រប់គ្រង ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ដែល​ធ្វើឱ្យ​អាជីវកម្ម ក្នុង​វិស័យ​ទេសចរណ៍ ដូចជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង ភ្នាក់ងារទេសចរណ៍ ក្នុង​បណ្តា​រាជធានី ខេត្ត បាន​បើក​ដំណើរការ ជា​បណ្តើរៗ​ឡើងវិញ និង​យោង​សេចក្តីជូនដំណឹងរ​បស់ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សូម​ជូនដំណឹង​ដល់ ម្ចាស់ ឬ​នាយក​សហគ្រាស និង​បងប្អូន​កម្មករ និយោជិត ក្នុង​វិស័យ​ទេសចរណ៍ មេត្តា​ជ្រាបថា រាជរដ្ឋាភិបាល បានសម្រេច​បញ្ចប់​ការអនុវត្ត​វិធានការ រាជរដ្ឋាភិបាល ក្នុងការ​ផ្តល់ប្រាក់​ឧបត្ថម្ភ ចំនួន ៤០ ដុល្លារ​អាម៉េរិក ក្នុង ១​ខែ សម្រាប់​កម្មករ និយោជិត ដែល​ព្យួរ​កិច្ចសន្យាការងារ ក្នុង​វិស័យ​ទេសចរណ៍ គិត​ចាប់ពី​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២២ តទៅ លើកលែងតែ​កម្មករ និយោជិត ដែល​បម្រើការ​ផ្នែក​សណ្ឋាគារ ក្នុង​ខេត្តសៀមរាប​។​

​ក្នុង​សេចក្តីជូនដំណឹង​របស់ ក្រសួង​ការងារ បានបញ្ជាក់​បន្ថែមថាៈ ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ តទៅ ម្ចាស់ ឬ​នាយក​សហគ្រាស ត្រូវអនុវត្ត​ការព្យួរ​កិច្ចសន្យាការងារ តាម​ការ​ព្រមព្រៀងគ្នា រវាង​និយោជក និង​កម្មករ និយោជិត ស្របតាម​ខ្លឹមសារ​មាត្រា​៧១ និង ៧២ នៃ​ច្បាប់​ស្ដីពី​ការងារ​៕/V