ដោយៈ សុផល / ភ្នំពេញ​: លោក ផែង សុវិជ្ជា​នោ រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានទទួល​ជួបពិភាក្សា​ការងារ កម្រិត​បច្ចេកទេស​ជាមួយ គណៈប្រតិភូ តំណាង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ប្រចាំ​កម្ពុជា (IMF) ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ ក្រសួង និង​មន្ត្រី​ជំនាញ អង្គភាព​ពាក់ព័ន្ធ ក្រោម​ឱវាទ​ក្រសួង​។​

​កិច្ចប្រជុំ​នេះ ផ្តោតជាសំខាន់​លើ​ការស្វែងយល់ អំពី​ព័ត៌មាន​ទាក់ទង​នឹង​ការទទួលបាន ហិរញ្ញប្បទាន​ពី​ដៃគូ​អភិវឌ្ឍន៍ ជាពិសេស​ពាក់ព័ន្ធ​នឹង​នីតិវិធី​ដំណើរការ​នៅក្នុង​ការធ្វើការ​ជាមួយ អង្គការ​ដៃគូ​អភិវឌ្ឍន៍​នានា លើ​វិស័យ​ផ្សេងៗ​របស់​ក្រសួង និង​កិច្ចសហប្រតិបត្តិការ​ជាមួយ ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដូចជា​៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួងផែនការ​។​

​លោក​រដ្ឋលេខាធិការ បាន​ជម្រាបជូន​អំពី គម្រោង​អាទិភាព​នានា របស់​ក្រសួង​ពាក់ព័ន្ធ ជាមួយនឹង​វិស័យ​ផ្លូវទឹក ផ្លូវដែក ផ្លូវគោក កំពង់ផែ ផែនការ​ភស្តុភារ​កម្ម​និង​កិច្ចសហប្រតិបត្តិការ រវាង​ក្រសួង​ជាមួយនឹង​ដៃគូ​អភិវឌ្ឍន៍ នាពេល​កន្លង រហូតមកដល់​បច្ចុប្បន្ន​។​

​ភាគី IMF បាន​ស្នើឱ្យ​ក្រសួង​ចែករំលែក​ព័ត៌មាន និង​បទពិសោធន៍ ទាក់ទង​នឹង​ការទទួលបាន ហិរញ្ញប្បទាន​ពី​ដៃគូ​អភិវឌ្ឍន៍ តាមរយៈ​កិច្ចសហប្រតិបត្តិការ ជាមួយនឹង​ក្រសួង​-​ស្ថាប័ន ពាក់ព័ន្ធ​។ ជាមួយគ្នា​នោះដែរ អង្គប្រជុំ ក៏បាន​លើកឡើង​ផងដែរ អំពី​ដំណើរ​ការរៀបចំ​ផែនការ ប្រចាំឆ្នាំ ផែនការ វិនិយោគ​បី​ឆ្នាំ​រំកិល ការរៀបចំ​ផែនការ​ចំណាយ​ប្រចាំឆ្នាំ ការរៀបចំ​ផែនការ យុទ្ធសាស្ត្រ​ថវិកា និង​កិច្ចសហប្រតិបត្តិការ ជាមួយនឹង​អន្តរក្រសួង​ផងដែរ​៕/V​