ដោយៈ យោធិន / ភ្នំពេញៈ លោកស្រី ខេ​ធី​រី​ន ខេ​ម​ប៊​ល (Kathryn Campbell) រដ្ឋលេខាធិការ ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​អូស្ត្រាលី បាន​ថ្លែង​កោតសរសើរ​កម្ពុជា ដែល​បាន​បន្ត​នូវ​ការងារ លើ​វិស័យ​រក្សា​សន្តិភាព នា​សម័យកាល​អ៊ុនតាក់ សំដៅ​ជួយ​ដល់ បណ្តា​ប្រទេស​រងគ្រោះ​មហន្តរាយ ដោយ​ជម្លោះ​ប្រដាប់អាវុធ និង​ទទួលបាន​ការលើកទឹកចិត្ត​ពី​បណ្តា​ប្រទេស​នានា ក្នុង​តំបន់ និង​អន្តរជាតិ ព្រមទាំង​អះអាង ពី​ការបន្ត​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​រក្សា​សន្តិភាព ជា​បន្តទៀត ជាមួយ​កម្ពុជា ។​

​លោកស្រី ខេ​ធី​រី​ន ខេ​ម​ប៊​ល បាន​ថ្លែង​បែបនេះ ក្នុងឱកាស​លោកស្រី បាន​អញ្ជើញ​ជួប សវនាការ​ជាមួយ នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ និង​ជា អគ្គនាយក មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព នា​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២២ នៅ​ស្នាក់ការ មជ្ឈមណ្ឌល ជាតិ​រក្សា​សន្តិភាព និង​ដោយ​តាម​ប្រសាសន៍ ដោយ​ផ្តោតទៅលើ ដំណើរ​ទស្សនកិច្ច កន្លងទៅ របស់លោក នាយ​ឧ​ត្ត​ម​សេនីយ៍ ច​ន សាន់​ឌឺ​សុន អតីត​មេបញ្ជាការ កង​យោធា មួក​ខៀវ អូស្ត្រាលី ក្នុង​កិច្ចប្រតិបត្តិការ ស្វែងរក​សន្តិភាព នៅ​កម្ពុជា ដែល​ហៅ​កាត់​ថា អ៊ុនតាក់ (UNTAC) ក្នុងអំឡុង​ឆ្នាំ ១៩៩២ ដល់ ១៩៩៣ ។

​លោកស្រី ខេ​ធី​រី​ន ខេ​ម​ប៊​ល បាន​មានប្រសាសន៍ថាៈ ដំណើរ​ទស្សនកិច្ច នៅ​កម្ពុជា នាពេលនេះ ផ្តោតជាសំខាន់ លើ​ការពង្រឹង​ពង្រីក​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ដែលមាន ជា​យូរអង្វែង​មកហើយ រវាង​ប្រទេស​ទាំងពីរ កម្ពុជា អូស្ត្រាលី ហើយក៏​ស្របទៅនឹង​ខួប លើក​ទី​៣០ ដែល​អូស្ត្រាលី បាន​បញ្ជូន​កងកម្លាំង​យោធា​មួក​ខៀវ​របស់ខ្លួន មក​ស្វែងរក​សន្តិភាព សំដៅ​បញ្ចប់សង្គ្រាម​រុំ​ា​រៃ រយៈកាល​ជាង ៣ ទសវត្សរ៍ នៅ​កម្ពុជា​ផងដែរ​។​

​ជា​កិច្ច​ឆ្លើយតប នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ និង​ជា អគ្គនាយក មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព បាន​វាយតម្លៃ​ខ្ពស់ នូវ​រាល់​កិច្ចសហប្រតិបត្តិការ ល្អប្រសើរ និង​ការគាំទ្រ ដល់​កង​យោធា​មួក​ខៀវ​កម្ពុជា ក្នុង​កិច្ចប្រតិបត្តិការ​រក្សា​សន្តិភាព​។​

​ប្រមុខ​កង​យោធា​មួក​ខៀវ​កម្ពុជា បាន​ថ្លែង​បញ្ជាក់ ដោយ​សង្កត់ធ្ងន់ថាៈ អូស្ត្រាលី ជា​ប្រទេស​ដំបូងបង្អស់ ដែល​បាន​ជួយ​ជ្រោមជ្រែង គាំទ្រ​កម្ពុជា លើ​វិស័យ​រក្សា​សន្តិភាព នា​ឆ្នាំ​២០០៦ ដែល​កម្ពុជា​ចាប់ផ្តើម​បញ្ជូន​កងទ័ព​មួក​ខៀវ ទៅកាន់​តំបន់​បេសកកម្ម នៅ​សាធារណរដ្ឋ​ស៊ូដង់​។​

​ប្រមុខ​កង​យោធា​មួក​ខៀវ​កម្ពុជា បាន​ថ្លែង​បញ្ជាក់​បន្តថាៈ ដោយ​ទទួលបាន​ការគាំទ្រ និង​បណ្តុះបណ្តាល​ជំនាញ លើ​វិស័យ​រក្សា​សន្តិភាព ពី​ប្រទេស​អូស្ត្រាលី និង​បណ្តា​ប្រទេស ជា​មិត្ត ក្នុង​រយៈកាល ១៦ ឆ្នាំ កន្លងទៅនេះ កម្ពុជា​បាន​បញ្ជូន​កងកម្លាំង សរុប​ចំនួន ៨.៣០២ នាក់ ក្នុងចំណោម​នេះ នារី​ចំនួន ៥៨០ នាក់ ទៅកាន់​តំបន់​បេសកកម្ម ចំនួន ១១ ក្នុងប្រទេស ចំនួន ៩ រួមមានៈ ប្រទេស​ស៊ូដង់ ស៊ូដង់​ខាងត្បូង ឆាដ លី​បង់ ស៊ី​រី សាយ​ប្រឹស ម៉ាលី អាហ្វ្រិក​កណ្តាល និង​យេ​ម៉ែន​។

​ក្នុងឱកាស​ជួប​សវនាការ​នេះដែរ នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី ក៏បាន​លើកឡើង​នូវ សំណូមពរ​ដល់​ភាគី​អូស្ត្រាលី ក្នុង​ការជួយ​បណ្តុះបណ្តាល ជំនាញ​វិស័យ​រក្សា​សន្តិភាព ឱ្យដល់​កង​យោធា​មួក​ខៀវ​កម្ពុជា ពិសេស​កងកម្លាំង​មួក​ខៀវ​នារី​កម្ពុជា សំដៅ​បង្កើន​កម្រិត​សមត្ថភាព និង​បរិមាណ តាម​តម្រូវការ​របស់ អង្គការសហប្រជាជាតិ​។​

​ទស្សនកិច្ច​ផ្លាស់ប្តូរ​បទពិសោធន៍ ក៏ត្រូវ​បានលើកឡើង ជាមួយនឹង​ការថ្លែងអំណរគុណ ចំពោះ​អូស្ត្រាលី ក្នុងការ​ផ្តល់​អាហារូបករណ៍ ឲ្យ​ដល់​កង​យោធា​មួក​ខៀវ​កម្ពុជា ចំនួន​បួនរូប ទៅ​បំពេញ​កម្មសិក្សា នៅ​ប្រទេស​អូស្ត្រាលី​ផងដែរ ៕/V​