ដោយ​: ភ្នំ​សន្ទុក / កំពង់ធំៈ លោក គង់ គេង អភិបាលរង​ស្រុក​ប្រាសាទ​ប​ល្ល័​ង្គ ដឹកនាំ​ក្រុម ការងារ​របស់​គណៈបញ្ជាកា​រ ឯកភាព​ស្រុក ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ ឱ្យមាន​របៀបរៀបរយ ជូន​អាជីវករ​លក់ដូរ នៅក្នុង​តំបន់​ស្ទឹង​ម្រាក ស្ថិតនៅ​ភូមិ​ម្រាក ឃុំ​ទួល​គ្រើល ស្រុក​ប្រាសាទ​ប​ល្ល័​ង្គ ខេត្តកំពង់ធំ នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២២​។​

​លោក​អភិបាលរង​ស្រុក​ប្រាសាទ​ប​ល្ល័​ង្គ បានបញ្ជាក់​អំពី​ហេតុផល​នៃ ការចុះ​រៀបចំ​សណ្ដាប់ ធ្នាប់ របៀបរៀបរយ នៅក្នុង​តំបន់​ស្ទឹង​ម្រាក គឺ​ដោយសារតែ ស្រុក​ប្រា​សទ​ប​ល្ល័​ង្គ គឺជា​ស្រុក​មួយ ដែលមាន​ប្រជាជន ភាគច្រើន ប្រកបមុខរបរ​កសិក​ម្ម និង​ចិញ្ចឹមសត្វ ស្របពេល​ប្រទេស មាន​សុខសន្តិភាព ធ្វើឱ្យ​ជីវភាព​បងប្អូន​ប្រជាពលរដ្ឋ មានការ​រីកចម្រើន ជា​លំដាប់ ហើយ​រដ្ឋបាល​ស្រុក ចង់​ធ្វើ​ឲ្យ​ក្លាយទៅជា តំបន់​ទេសចរណ៍ ដ៏​ទាក់ទាញ​មួយ​។​

​ជាមួយគ្នានេះដែរ លោក​អភិបាលរង​ស្រុក បាន​ណែនាំ​ដល់​អាជីវករ​លក់ដូរ​ទាំង​អស់ ឱ្យ​ចេះ ជួយ​សម្អាត​បរិស្ថាន ឱ្យបាន​ស្អាត មាន​សុខ​ភាពល្អ​។ ធ្វើយ៉ាងណា រៀបចំ​កន្លែង​កម្សាន្ត​នេះ ឱ្យមាន​ភាព​ទាក់ទាញ ដើម្បី​ឲ្យ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មក​កម្សាន្ត ជាពិសេស ការលក់​ម្ហូបអាហារ ត្រូវ​លក់​ឱ្យមាន​តម្លៃ​សមរម្យ មាន​អនាម័យ​ល្អ ប្រកបដោយ​គុណភាព ខ្ពស់​។​

​លោក​អភិបាលរង​ស្រុក បាន​មានប្រសាសន៍ថាៈ តំបន់​ទេសចរណ៍​ស្ទឹង​ម្រាក កំពុងអភិវឌ្ឍន៍ ជា​បណ្ដើរៗ ដោយមាន​ការចូលរួម ពី​បងប្អូន​ប្រជាពលរដ្ឋ មាន​ឆន្ទៈ និង​មនសិការ ជួយ​ការពារ សម្បត្តិ​ធម្មជាតិ ដើម្បី​ឲ្យ​ក្លាយទៅជា តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ ក្នុងពេល​ខាងមុខនេះ​។

​លោក​អភិបាលរង​ស្រុក ក៏បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន ចូលរួម​យ៉ាងសកម្ម ក្នុងការ​ទប់ស្កាត់ ពី​ការ​ទុកដាក់​សំរាម ដើម្បី​ឱ្យមាន​សោភ័ណភាព ឱ្យ​ភ្ញៀវ​មក​ទស្សនា មាន​ភាពសប្បាយ​រីករាយ និង​សរសើរ​គ្រប់ៗ​គ្នា​៕/V​