ដោយ​៖ ថុ​ន ស្រី​ពេជ្រ បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​ខេត្តព្រៃវែង​/ភ្នំពេញ៖​មជ្ឈមណ្ឌល​ឯកសារ​ខេត្តព្រៃវែង​បានរៀបចំ​វេទិកា​ថ្នាក់រៀន​លើក​ទី​៨៤ នៅ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២២​។ កម្មវិធី​នេះបាន​ប្រព្រឹត្តទៅ​នៅក្នុង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ខេត្តព្រៃវែង ដែលមាន​ទីតាំង​ស្ថិតក្នុង​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តព្រៃវែង​។ សិស្សានុសិស្ស​ថ្នាក់​ទី​១២ ចំនួន​៤៨​នាក់​(​ស្រី​៣៧​នាក់​) បាន​ចូលរួម​នៅក្នុង​វេទិកា​ថ្នាក់រៀន​នេះ ក្រោម​ការដឹកនាំ​ពី​គ្រូ​ប្រវត្តិវិទ្យា​នៃ​វិទ្យាល័យ​ហ៊ុនសែន​អង្គ​រស​។

លោក ផេង ពង្ស​រ៉ាស៊ី នាយក​កម្មវិធី​អប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​ធ្វើ​បទ​បង្ហាញ​ស្តីពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​ទៅកាន់​សិស្សានុសិស្ស​នៅក្នុង​កម្មវិធី​វេទិកា​ថ្នាក់រៀន​។​(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​គោលបំណង ផ្តល់នូវ​ចំណេះដឹង​បន្ថែម​ដល់​សិស្សានុសិស្ស ឲ្យ​បាន​យល់ដឹង​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ ព្រមទាំង​ផ្តល់ឱកាស​ដល់​សិស្សានុសិស្ស​ដែល​បាន​ចូលរួម ធ្វើការ​ចែករំលែក​នូវ​ចំណេះដឹង​ផ្ទាល់ខ្លួន ក៏ដូចជា​បទពិសោធន៍​ដែល​ខ្លួន​បានដឹង​ពី​ជីដូន​ជីតា​ប្រាប់​ដល់​សិស្សានុសិស្ស​ឯទៀត ដែលមាន​វត្តមាន​នៅក្នុង​វេទិកា​ថ្នាក់រៀន​។ ក្រៅពីនេះ គឺ​ដើម្បី​លើកទឹកចិត្ត​ឲ្យ​មានការ វិភាគ ការគិត​ពិចារណា ទៅលើ​សង្គម​កម្ពុជា​ប្រជាធិបតេយ្យ​។ លើសពីនេះទៅទៀត​គឺ ដើម្បី​ជម្រុញ​ឲ្យ​មានការ​ពិភាក្សា វែកញែក​រក​ខុសត្រូវ និង​យុទ្ធសាស្ត្រ​មួយចំនួន​ក្នុងការ​ទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​។ ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​របស់​សិស្សានុសិស្ស​នេះ លោក ផេង ពង្ស​រ៉ាស៊ី នាយក​មជ្ឈមណ្ឌល​ឯកសារ​ខេត្តព្រៃវែង បាន​យល់ព្រម​នឹង​សំណើរ​របស់​គណ​គ្រប់គ្រង​វិទ្យាល័យ ហ៊ុនសែន អង្គ​រស ក្នុង​ការបញ្ជូន​សិស្សានុសិស្ស​ឲ្យ​មក​ចូលរួម​ក្នុង​វេទិកា​ថ្នាក់រៀន ដោយ​មូល​ហេតុថា នៅក្នុង​ឆ្នាំ​២០២២​នេះ សាលា​វិទ្យាល័យ ហ៊ុនសែន អង្គ​សរ ពុំទាន់​បាន​អញ្ជើញ​សិស្សានុសិស្ស​ថ្នាក់​ទី​១២​ជំនាន់​ថ្មី មក​ទទួល​នូវ​ចំណេះដឹង​បន្ថែម​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​នៅក្នុង​វេទិកា​ថ្នាក់រៀនដែល​បាន​ប្រព្រឹត្តិ​នៅក្នុង​មជ្ឈមណ្ឌល​ឯកសារ​ខេត្តព្រៃវែង​នៅឡើយ​ទេ​។

​វិទ្យាល័យ ហ៊ុនសែន អង្គ​រស មាន​ចម្ងាយ​ប្រមាណ​៥០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តព្រៃវែង​។ កាលដើមឡើយ​វិទ្យាល័យ​នេះ ពុំទាន់​មាន​កម្រិត​ថ្នាក់​វិទ្យាល័យ​នៅឡើយ​ទេ​។ ស្ថិតនៅ​ក្នុងសម័យ​សង្គម​រាស្ត្រនិយម សាលា​នេះ​ត្រូវបា​សាងសង់ ឡើង​នៅ​ឆ្នាំ​១៩៥១ ជា​សាលាបឋមសិក្សា​អង្គ​រស ដឹកនាំ​ដោយ​ព្រះ​តេជគុណ ប៉ែន ពៅ​។ លុះ​មកដល់​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០ ដែលជា​ថ្ងៃ​ធ្វើ​រដ្ឋប្រហារ​របស់​សេនាប្រមុខ លន់ នល់ ទម្លាក់​សម្តេច ព្រះ​នរោត្តម សីហនុ ប្រទេសជាតិ​ចាប់ផ្តើម​កើតមាន​សង្គ្រាម ហើយ​សាលាបឋមសិក្សា​អង្គ​រស​ត្រូវបាន​បិទទ្វារ​។ នៅក្នុង​របប​ខ្មែរក្រហម សាលាបឋមសិក្សា​អង្គ​រស ត្រូវ​អង្គ​ការយកទៅ​ធ្វើជា​មន្ទី​រ​ពេទ្យ​ប្រចាំ​ភូមិ​អង្គ​រស​។ ក្រោយមក នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​១៩៨៧ សាលាបឋមសិក្សា​អង្គ​រស ត្រូវបាន​ផ្លាស់ប្តូរ​ទៅជា​អនុវិទ្យាល័យ​អង្គ​រស​វិញ​។ រហូតមកដល់​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០០៨ សាលា​អនុវិទ្យាល័យ​អង្គ​រស​ក៏បាន​ប្រែ​ក្លាយទៅជា វិទ្យាល័យ ហ៊ុនសែន អង្គ​រស រហូតមកដល់​បច្ចុប្បន្ន​នេះ ដែលមាន​អគារ​ចំនួន​៣​ខ្នង និង​អគារ​ពីរ​ជាន់​ចំនួន​១​ខ្នង ស្មើនឹង​៣២​បន្ទប់​។

​កាលវិភាគ​វេទិកា​ថ្នាក់រៀន ១) ការណែនាំ​អំពី មជ្ឈមណ្ឌល​ឯកសារ​ខេត្តព្រៃវែង ២) ការ​ទស្សនា​ពិព័រណ៍​រូបថត ៣) បំពេញ​តារាង​ស្ទាបស្ទង់​មតិ (​មុនពេល​ការធ្វើ​បទ​បង្ហាញ​) ៤) បទ​បង្ហាញ​សង្ខេប​ពី ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​និង​ផលប៉ះពាល់​ក្រោយ​របប​នេះ ៥) សំណួរចម្លើយ​ពី ប្រវត្តិសាស្ត្រ​ខ្មែរក្រហម ៦) ទស្សនា​ខ្សែភាពយន្ត​ខ្លី «​កុមារ​កម្ពុជា​» សម្រាក​អាហារ​ថ្ងៃត្រង់ ៧) បទ​បង្ហាញ​ពី​និយមន័យ និង​កត្តា​គ្រោះថ្នាក់​ដែល​នាំ​ឲ្យ​កើតមាន​អំពើ​ឃោរឃៅ ៨) បំពេញ​តារាង​ស្ទាបស្ទង់​មតិ (​ក្រោយពេល​ស្តាប់​ការធ្វើ​បទ​បង្ហាញ ៩) ចែកចាយ​សៀវភៅ ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ ១០) ថតរូប​ជុំគ្នា​ទុកជា​អនុស្សាវរីយ៍​។

​សកម្មភាព​វេទិកា​ថ្នាក់រៀន សិស្សានុសិស្ស​ទាំងអស់​បាន​ធ្វើដំណើរ​មកដល់​មជ្ឈមណ្ឌល​ឯកសារ​ខេត្តព្រៃវែង​នៅវេលា​ម៉ោង​ប្រមាណ​៩​ព្រឹក ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២២​។ នៅពេល​សិស្សានុសិស្ស​មកដល់ ក្រុមការងារ​របស់​ម​ជ្ឈ​មណ្ឌល​ឯកសារ​ខេត្តព្រៃវែង​បាន​អនុវត្ត​វិធានការ​សុខាភិបាល​ជាដំបូង​គេ ដូចជា​ការពាក់​ម៉ាស និង​ការ​លាងដៃ​ជាមួយនឹង​អាល់កុល​ជាដើម មុននឹង​សិស្ស​ចូលរួម​ក្នុង​វេទិកា​ថ្នាក់រៀន​។ ក្រុមការងារ​របស់​ម​ជ្ឍ​មណ្ឌល​ឯកសារ​កម្ពុជា បាន​ត្រៀម​រួចជាស្រេច នូវ​អាល់កុល និង​ម៉ាស់ ដើម្បី​ធានា​សុវត្ថិភាព​ដល់​សិស្សានុសិស្ស​ពី​ការរីក​រាលដាល​ពី​នៃ​ជំងឺ​កូ​វីដ​-១៩ បើទោះជា​ដឹងថា​បច្ចុប្បន្ននេះ ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​ត្រូវបាន​អន់ថយ ក៏​យើង​នៅតែ​បន្ត​ប្រុងប្រយ័ត្ន​ដែរ​។

សកម្មភាព​សិស្សានុសិស្ស​បំពេញ​តារាង​វាស់​ស្ទង់​ចំណេះដឹង​មុន​និង​ក្រោយពេល​សិក្សា​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​។ (​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)
​ដំណើរការ​នៃ​ការចាប់ផ្តើម​នៃ​វេទិកា​ថ្នាក់រៀន​នេះ ជាដំបូង​លោក ផេង ពង្ស​រ៉ាស៊ី នាយក​មជ្ឈមណ្ឌល​ឯកសារ​ខេត្តព្រៃវែង បានចាប់ផ្តើម​ណែនាំ​ដល់​សិស្សានុសិស្ស​ទាំងអស់​អំពី​ការបង្កើត​មជ្ឈមណ្ឌល​ឯកសារ​នេះ​ឡើង​ក្នុង​គោលបំណង ផ្សព្វផ្សាយ ប្រមូល​ចងក្រង​ឯកសារ​ទាំងឡាយណា​ដែល​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ តាមរយៈ​ការសម្ភាស​ជាមួយ​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម យកមក​តម្កល់ទុក​ធ្វើជា​ឯកសារ​សម្រាប់​ក្មេងជំនាន់ក្រោយ​បាន​សិក្សា​រៀនសូត្រ ដើម្បី​ការចងចាំ និង​ប្រើប្រាស់​ជា​មេរៀន​បន្ថែម ស្តីពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​។ ចំពោះ ការ​ទស្សនា​ពិព័រណ៍​រូបថត​គ្រូឧទ្ទេស បានធ្វើ​ការណែនាំ​នូវ​រូបភាព​អចិន្ត្រៃយ៍​តាមរយៈ​ការ​បញ្ចាំង​ស្លាយ ដើម្បី​ពន្យល់​ប្រាប់​ដល់​សិស្ស​នូវ​រូបភាព​នីមួយៗ ដូចជា​រូបភាព​ប្រជាជន​ធ្វើការ​ងារ ជីក​ប្រឡាយ លើក​ទំនប់ នៅ​ស្ទឹង​ជី​និ​ត រូបភាព​ប្រជាជន​ធ្វើការ​ភៀសខ្លួន​ទៅ​វៀតណាម ព្រមទាំង​រូបភាព​ជនរងគ្រោះ​ទាំងអស់​ដែល​ត្រូវបាន​ជាប់​នៅ​មន្ទីរ​ស​-២១ ជាច្រើន​ទៀត​។ ក្រៅពី​ពីនេះ គ្រូឧទ្ទេស​ក៏បាន​បញ្ចាំង​ស្លាយ និង​ឲ្យ​សិស្ស​ស្គាល់​អំពី​ប្រវត្តិ​សង្ខេប របស់​មេដឹកនាំ​ធំៗ​ដែរ ដូចជា ប៉ុល ពត​, នួន ជា​, អៀង សារី​, កែ ពក និង ឌុ​ច ជាដើម ហើយ​គ្រូឧទ្ទេស​ក៏បាន​បន្ថែម​ចុងក្រោយ​ទៀតថា អ្នក​ទាំងនោះ​ត្រូវបាន​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលា​កម្ពុជា​ចាប់ខ្លួន​យកទៅ​កាត់ទោស​អស់​មួយជីវិត​។ មួយវិញទៀត រហូតមកដល់​បច្ចុប្បន្ន​នេះ ទោះបីជា​អ្នក​ទាំងនោះ​ស្លាប់​ហើយក៏​ដោយ ក៏​អ្នក​ទាំងនោះ​នៅតែ​ជាប់​ឈ្មោះ​ជា​ជនមានទោស​ក្បត់ជាតិរ​ហូត​តទៅ​។

ក្រុមការងារ​មជ្ឈមណ្ឌល​ឯកសារ​ខេត្តព្រៃវែង លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​នៃ​វិទ្យាល័យ​អង្គ​រស ថតរូប​ជុំគ្នា​។ (​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​មុនពេល​ចាប់ផ្តើម​វេទិការ​ថ្នាក់រៀន​សិស្សានុសិស្ស​តម្រូវ​ឲ្យ​បំពេញ​តារាង​ស្ទាបស្ទង់​មតិ​រយៈពេល​១០​នាទី ដើម្បី​វាស់​ស្ទង់​នូវ​ចំណេះដឹង​របស់​សិស្ស មុនពេល​សិក្សា​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​។ សម្រាប់​តារាង​ស្ទាបស្ទង់​នេះ​គឺមាន​១២​សំណួរ ដែល​ត្រូវបាន​បែងចែក​ជា​បី​ផ្នែក​ធំៗ​គឺ ទី​១)​ផ្នែក​ចំណេះដឹង​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ ផ្នែក​ចំណេះដឹង​អំពី​និយមន័យ​អំពើ​ប្រល័យពូជសាសន៍ ទី​២)​កត្តា​គ្រោះថ្នាក់​ជាក់លាក់​ដែល​នាំ​ឲ្យ​កើតមាន​អំពើ​ឃោរឃៅ​ក្នុង​ពិភពលោក និង ទី​៣)​ផ្នែក​ចំណេះដឹង​អំពី​វិធីសាស្ត្រ​ក្នុងការ​ចូលរួម​ទប់ស្កាត់​អំពើហិង្សា ឬ​អំពើ​ប្រល័យពូជសាសន៍​នៅក្នុង​ប្រទេស​កម្ពុជា ៤) បទ​បង្ហាញ​ដោយ​សង្ខេប​ពី “​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​” ។

​បន្ទាប់ពី​ការបំពេញ​តារាង​ស្ទាបស្ទង់​មតិ​រួច គ្រូឧទ្ទេស​ចាប់ផ្តើម​ធ្វើ​បទ​បង្ហាញ​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​ដល់​សិស្សានុសិស្ស​ដែល​បាន​ចូលរួម​។ ការធ្វើ​បទ​បង្ហាញ​នេះ គ្រូឧទ្ទេស​បាន​ចំណាយពេល​ប្រហែល​២​ម៉ោង ដើម្បី​ធ្វើ​បទ​បង្ហាញ​សង្ខេប​អំពី​ផលប៉ះពាល់​នៃ​របប​ខ្មែរក្រហម​មកលើ​ប្រជាជន​កម្ពុជា​និង​ប្រទេសជាតិ ដែល​បន្សល់ទុក​នូវ​ស្ត្រី​មេម៉ាយ ក្មេង​កំព្រា​រាប់ពាន់នាក់ ជំងឺ​បាក់ស្បាត​ដែល​នៅតែ​បន្ត​កើតមាន​ចំពោះ​អ្នក​រស់រានមានជីវិត​ពីរ​បប​ខ្មែរក្រហម​នាពេល​បច្ចុប្បន្ន និង​ជំងឺផ្លូវចិត្ត​ធ្ងន់ធ្ងរ ព្រមទាំង​សេដ្ឋកិច្ច​ធ្លាក់​ដល់​កម្រិត​សូន្យ​ក្រោយ​របប​ខ្មែរក្រហម​ដួលរលំ​។

លោក ផេង ពង្ស​រ៉ាស៊ី នាយក​កម្មវិធី​អប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​ធ្វើ​បទ​បង្ហាញ​អំពី​មេដឹកនាំ​ខ្មែរក្រហម​ទៅកាន់​សិស្សានុសិស្ស​នៅក្នុង​កម្មវិធី​វេទិកា​ថ្នាក់រៀន​។​(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​ក្នុងការ​ទាញអារម្មណ៍​សិស្ស​ឲ្យ​ផ្តោត​សំខាន់​និង​យកចិត្តទុកដាក់​ទៅលើ​មាតិកា​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម ព្រមទាំង​បើកឱកាស​ដល់​សិស្ស​សួរ​សំណួរ ដែល​ខ្លួន​ឆ្ងល់​ជា​យូរណាស់​មកហើយ​នោះ តែ​មិនដឹង​សួរ​ទៅកាន់​នរណា​ដើម្បី​បាន​ចម្លើយ​ត្រឹមត្រូវ គ្រូឧទ្ទេស​បានផ្តល់​ពេលវេលា ដល់​ក្រុមសិស្ស​ទាំងអស់ ក្នុងការ​សួរ​សំណួរ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម មុន​ការធ្វើ​បទ​បង្ហាញ​ខ្លី​អំពី​ប្រវត្តិសាស្ត្រ​នេះ​បានចាប់ផ្តើម​។ សិស្ស​បាន​ចោទសួរ​ជា​សំណួរ​ដូចជា ហេតុអ្វី​នៅក្នុង​របប​ខ្មែរក្រហម​មានការ​សម្លាប់​ប្រជាជន​? ហេតុអ្វី​បានជា​នៅក្នុង​របប​ខ្មែរក្រហម​សម្លាប់​បញ្ញា​វ័​ន្ត និង​អ្នកមានចំណេះដឹង​? ហេតុអ្វី​បានជា ប៉ុល ពត ឃុំឃាំង​សម្តេច ព្រះ​នរោត្តម សីហនុ នៅក្នុង​ព្រះបរមរាជវាំង​? តើ​កត្តា​អ្វីខ្លះ​ដែល​នាំ​ឲ្យ​របប​ខ្មែរក្រហម​ក្លាយទៅជា​របប​ប្រល័យពូជសាសន៍​? នៅក្នុង​របប​ខ្មែរក្រហម ហេតុអ្វី​បាន​ប្តី​ប្រពន្ធ​មិនអាច​នៅ​ជាមួយគ្នា​បាន​?។

​បន្ទាប់ពី​ការធ្វើ​បទ​បង្ហាញ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម និង​បាន​ឆ្លើយ​សំណួរ​របស់​សិស្ស​រួច គ្រូឧទ្ទេស បាន​ចាក់​បញ្ចាំង​នូវ​ខ្សែ​វីដេអូ​ឯកសារ​ខ្លី​មួយ​ដែលមាន​ចំណងជើង​ថា​«​កុមារ​កម្ពុជា​» ខ្សែ​វីដេអូ​នេះ បង្ហាញ​ពី​ដំណើរ​គ្មាន​គោលដៅ​របស់​ក្មេង​កំព្រា​ទាំងឡាយ​ដែល​ឪពុកម្តាយ និង​បងប្អូន​បាន​ស្លាប់ចោល​អស់​។ ក្នុង​ដំណើរ​ផ្សងព្រេង​នេះ សិស្សានុសិស្ស​បាន​សង្កេត​ឃើញ​ពី​ភាព​គ្មាន​អនាម័យ​ក្នុងការ​ហូបចុក និង​ពុំមាន​ផ្ទះសម្បែង​សម្រាប់​ជាទី​លំនៅ ព្រមទាំង​បានឃើញ​ពី​ជីវិត​តែលតោល​គ្មាន​គោលដៅ ដែល​ដំណើរ​ទាំងនេះ​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ភាពខុសគ្នា​រវាង​ក្មេងៗ​ជំនាន់​មុន និង​ក្មេងៗ​ជំនាន់​ក្រោយ ហើយ​ក្មេងៗ​ជំនាន់​ក្រោយ​មិនអាច​ទទួលយក​បានឡើយ​។ ខ្សែ​វីដេអូ​នេះ ក៏​ជា​ភ័ស្តុតាង​បញ្ជាក់ និង​ជា​មេរៀន​ជីវិត​របស់​ក្មេងៗ​ជំនាន់​មុន ដែល​ក្មេងៗ​ជំនាន់​នេះ​បានបង្ហាញ​ពី​ភាព​ភ្ញាក់ផ្អើល​និង​អាណិតអាសូរ​ឥត​ព្រំដែន​ចំពោះ​សោកនាដកម្ម​នានា​ដែល​បាន​កើតមាន​ចំពោះ​ក្មេងៗ​ក្នុងសម័យ​ខ្មែរក្រហម​។ វីដេអូ​នេះ ក៏​ជា​ផ្នែក​មួយ​ដែល​បំផុសស្មារតី​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ រិះរក​វិធី​ទប់ស្កាត់​កុំ​ឲ្យ​របប​ខ្មែរក្រហម​វិលត្រឡប់​មកជា​លើក​ទី​ពីរ​ទៀត​។
​គ្រូឧទ្ទេស​បានចាប់ផ្តើម​ធ្វើ​បទ​បង្ហាញ​ផ្នែក​សំខាន់ៗ​ផ្សេងទៀត​គឺ ១) និយមន័យ​នៃ​អំពើ​ឧក្រិដ្ឋ​ឃោរឃៅ (​រួមមាន​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​) និង​ឧទាហរណ៍​ជាក់លាក់​មួយចំនួន​ដែល​នាំ​ឲ្យ​កើតមាន​ឧក្រិដ្ឋកម្ម​ឃោរឃៅ​ទាំងឡាយ និង ២) វិធីសាស្ត្រ​ជាក់លាក់​ចំនួន​ពីរ​ក្នុងការ​ចូលរួម​ទប់ស្កាត់​អំពើ​ឃោរឃៅ​ឬ​អំពើ​ប្រល័យពូជសាសន៍​ក្នុង​កម្រិត​បុគ្គល គ្រួសារ​ឬ​សហគមន៍ និង​កម្រិត​ប្រទេសជាតិ​។ សិស្សានុសិស្ស ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​អនុវត្ត​វិធីសាស្ត្រ​ទាំងនេះ ដោយ​ចាប់ផ្តើម​ពី​ខ្លួនឯង​។

បរិវេណ​វិទ្យាល័យ​អង្គ​រស​។ (​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​ក្រោយ​វេទិកា​បញ្ចប់​ក្នុង​រយៈពេល​មួយថ្ងៃ ដែល​សិស្សានុសិស្ស​បាន​ចូលរួម​ក្នុង​វេទិកា​ថ្នាក់រៀន​នេះ តម្រូវ​ឲ្យ​មានការ​បំពេញ​នូវ​តារាង​ស្ទាបស្ទង់​មតិ (​ក្រោយ​វេទិកា​) ម្តងទៀត ដើម្បី​វាស់​ស្ទង់​ពី​ចំណេះដឹង​កើនឡើង ថា​តើ​ខ្លួន​អាច​ទទួលបាន​នូវ​ចំណេះដឹង កើនឡើង​បាន​ប៉ុន្មាន​បាន​ភាគរយ ក្រោយពី​បាន​សិក្សា​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​រួចមក​នេះ​។ ការបំពេញ​តារាង​ស្ទាបស្ទង់​មតិ​លើក​នេះ សិស្សានុសិស្ស​បាន​ចំណាយពេល​វេលា​ធ្វើ​យូរ​ជាង​មុន ព្រោះថា​ត្រូវមាន​សំណួរ​ជាច្រើន​ដែល​សិស្ស​ត្រូវ​ឆ្លើយ ហើយ​សំណួរ​ខ្លះ​ត្រូវ​ការគិត និង​ទាមទារ​ឲ្យ​សិស្សានុសិស្ស​សរសេរ​រៀបរាប់​ពី​ចំណេះដឹង​ដែល​ខ្លួន​បាន​សិក្សា​ថ្មីៗ ព្រមទាំង​គំនិត​យល់ឃើញ​ផ្ទាល់ខ្លួន​ក៏ដូចជា​វិធីសាស្ត្រ​នានា ក្នុងការ​ទប់ស្កាត់​អំពើហិង្សា និង​ឧក្រិដ្ឋកម្ម​ឃោរឃៅ នាពេល​អនាគត​។ ចុងបញ្ចប់​នៃ​កម្មវិធី​វេទិកា​ថ្នាក់រៀន មជ្ឈមណ្ឌល​ឯកសារ​ខេត្តព្រៃវែង​បាន​ចែកជូន​នូវ​សៀវ​ប្រវត្តិសាស្ត្រ កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) បោះពុម្ព​លើក​ទី​២​ម្នាក់​មួយច្បាប់ ដើម្បី​ទុកជា​ឯកសារ​ស្រាវជ្រាវ និង​រៀនសូត្រ​បន្ថែម​។​

​ជា​ចុងក្រោយ មុននឹង​ត្រឡប់​ទៅកាន់​គេហដ្ឋាន​រៀងៗ​ខ្លួន​វិញ សិស្សានុសិស្ស​ទាំងអស់​បាន​ឈរ​ថតរូប​ជុំគ្នា​ជាមួយនឹង​គ្រូឧទ្ទេស គ្រូដឹកនាំ និង​ក្រុមការងារ​របស់​មជ្ឈមណ្ឌល​ឯកសារ​ខេត្តព្រៃវែង នៅ​ពីមុន​ផ្ទាំង​ពិព័រណ៍​ធំ​មួយ​ស្ថិតនៅ​ខាងក្នុង​បរិវេណ​មជ្ឈមណ្ឌល​មណ្ឌល​ឯកសារ​ខេត្តព្រៃវែង​។ តាម​ការសង្កេត មាន​សិស្សានុសិស្ស​ចំនួន​ច្រើន ដែលមាន​ចំណាប់អារម្មណ៍​ខ្ពស់​លើ​ការសិក្សា​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) នេះ ប៉ុន្តែ​ក៏មាន​សិស្សានុសិស្ស​ចំនួន​តូច​មិនបាន​យកចិត្តទុកដាក់​ស្តាប់​នូវ​គ្រូឧទ្ទេស​ពន្យល់​នោះដែរ​។ យ៉ាងណាមិញ សិស្សានុសិស្ស​ភាគច្រើន​ក៏បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការយកចិត្តទុកដាក់​ក្នុងការ​ត្រងត្រាប់​ស្តាប់​ការធ្វើ​បទ​បង្ហាញ​របស់​គ្រូឧទ្ទេស​ដែរ តាមរយៈ​ការឆ្លើយ​ឆ្លង និង​សួរ​នូវ​សំណួរ​របស់ខ្លួន​ទៅកាន់​គ្រូឧទ្ទេស​។ សំណួរ​របស់​សិស្ស​ទាំង​អស់​គ្នា​នេះ​យើង​អាច​សន្និដ្ឋានបានថា​សិស្ស​មានចំណេះដឹង​ពីមុនមក​ស្រាប់​ពី​របប​ខ្មែរក្រហម ប៉ុន្តែ​ចំណេះដឹង​ទាំងនោះ​នៅមានកម្រិត​នៅឡើយ​។ ការសង្កេត​មួយទៀត សិស្សានុសិស្ស​មួយចំនួន បាន​កត់ត្រា​នូវ​ចំណុច​សំខាន់ៗ​ដែល​គ្រូឧទ្ទេស​បានបង្ហាញ ដែលជា​មូលហេតុ​ធ្វើ​ឲ្យ​យើង​ដឹងថា សិស្សានុសិស្ស​ទាំងនោះ ព្យាយាម​និង​យកចិត្តទុកដាក់​ស្តាប់​គ្រូ​ពន្យល់ និង​បាន​កត់ត្រា​ចំណុច​សំខាន់​ដែល​ត្រូវ​យកមក​សិក្សា​រៀនសូត្រ​។​

​សិស្សានុសិស្ស​ចូលរួម​ក្នុង​វេទិកា​ថ្នាក់រៀន​បានបង្ហាញ​ពី​ចំណាប់អារម្មណ៍​ដូចខាងក្រោម​៖
ខ្ញុំបាទ​ឈ្មោះ ស៊ុំ សុគន្ធា មាន​អាយុ​១៩​ឆ្នាំ រៀន​នៅ​ថ្នាក់​ទី​១២C នៃ​វិទ្យាល័យ ហ៊ុនសែន អង្គ​រស​។ ខ្ញុំបាទ​ពិតជា​មាន​រីករាយ​ជាខ្លាំង​ក្នុងការ​ចូលរួម​ក្នុង​ដំណើរការ​ទស្សនកិច្ច​នេះ ព្រមទាំង​ទទួលបាន​អារម្មណ៍​យ៉ាង​កក់ក្តៅ​ពី​លោកគ្រូ​ទាំងអស់ ដែល​បាន​ជួយ​បណ្តុះបណ្តាល​ខាង​ផ្នែក​ចំណេះដឹង​អំពី​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​នៃ​ប្រទេស​កម្ពុជា​។ ជា​ចុងក្រោយ ជំនួសមុខ​ដល់​សិស្សានុសិស្ស​នៃ វិទ្យាល័យ ហ៊ុនសែន អង្គ​រស ខ្ញុំ​សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​លោកគ្រូ​ទាំងអស់គ្នា​ឲ្យ​មាន​សុខភាព​ល្អ និង​មាន​សុវត្ថិភាព​ទាំង​ទីជិត​ទី​ឆ្ងាយ ព្រមទាំង​មាន​សុភមង្គល​នៅក្នុង​គ្រួសារ​។
​ខ្ញុំបាទ ឈ្មោះ ស៊ា​ត រតនា មាន​អាយុ​១៧​ឆ្នាំ រៀន​នៅ​ថ្នាក់​ទី​១២C នៃ​វិទ្យាល័យ ហ៊ុនសែន អង្គ​រស​យល់ឃើញថា ការចូលរួម​ក្នុង​ទស្សនកិច្ច​សិក្សា​នៅក្នុង​ថ្ងៃនេះ បានធ្វើ​ឲ្យ​ខ្ញុំ​យល់ច្បាស់​ពី​ប្រវត្តិសាស្ត្រ​កាន់តែច្រើន យល់ដឹង​កាន់តែច្បាស់​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​។ ខ្ញុំ​ពិតជា​ចង់​សិក្សា​រៀនសូត្រ​អំពី​ប្រវត្តិសាស្ត្រ​នេះ​ណាស់ ព្រោះ​ធ្វើ​ឲ្យ​ខ្ញុំ​យល់ដឹង​កាន់តែច្បាស់​។

​នាង​ខ្ញុំ​ឈ្មោះ ស៊ា​ក សំភ័ស មាន​អាយុ​២០​ឆ្នាំ រៀន​នៅ​ថ្នាក់​ទី​១២C នៃ​វិទ្យាល័យ ហ៊ុនសែន អង្គ​រស​។ ខ្ញុំ​មាន​អារម្មណ៍​ថា​សប្បាយរីករាយ​ណាស់​ក្នុងការ​ចូលរួម​ក្នុង​កម្មវិធី​ទស្សនកិច្ច​សិក្សា​នេះ ព្រោះ​វា​បានផ្តល់​នូវ​ចំណេះដឹង​ច្រើន​មកដល់​រូបខ្ញុំ និង​បាន​អប់រំ​ដល់​មនុស្សជាតិ​ទូទៅ ឲ្យ​ខំ​ស្វែងយល់​អំពី​បញ្ហា មិនតែប៉ុណ្ណោះ​កាលណា​មាន​អ្នកចេះដឹង​ច្រើន​អាចជួយ​លើកស្ទួយ​សិទ្ធិមនុស្ស និង​ជួយ​ទប់ស្កាត់​អំពើ​អមនុស្សធម៌​។

​បញ្ហា​ប្រឈម នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​មាន​សិស្សស្រី​ម្នាក់ បាន​ខ្យល់គរ ដោយសារតែ​ពុល​ឡាន ទើប​ធ្វើ​ឲ្យ​គាត់​មិនអាច​ចូលរួម​ក្នុង​វេទិកា​ថ្នាក់រៀន​បាន​នៅពេល​ព្រឹក​។ ចំណែកឯ បញ្ហា​ប្រឈម​មួយទៀត​គឺ សិស្សានុសិស្ស​មួយចំនួន​តូច បានបង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​អស់កម្លាំង និង​ងងុយគេង និង​ក្រាប​នៅលើ​តុ ខណៈពេលដែល​គ្រូឧទ្ទេស​កំពុង​ធ្វើ​បទ​បង្ហាញ​។ ទោះបីជា​យ៉ាង​ដូច្នេះ​ក៏ដោយ សិស្សានុសិស្ស​ភាគច្រើន​បានបង្ហាញ​ឲ្យ​ឃើញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ត្រងត្រាប់​ស្តាប់​ការពន្យល់​របស់​គ្រូឧទ្ទេស​។ សេចក្តីសន្និដ្ឋាន ការសិក្សា​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​នេះ មិន​ត្រឹមតែ​ឲ្យ​ក្មេងជំនាន់ក្រោយ​បាន​យល់ដឹង​ពី​ប្រវត្តិសាស្ត្រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បណ្តុះ​គំនិត​ដល់​សិស្ស​ឲ្យ​នឹកគិត​ពីបទ​ពិសោធន៍​លំបាក​នានា​របស់​ប្រជាជន​នៅក្នុង​របប​ខ្មែរក្រហម ហើយ​ធ្វើការ​ប្រៀបធៀប​ក្នុងសង្គម​ខ្មែរក្រហម​មក​សង្គម​បច្ចុប្បន្ន​ថា​ខុសគ្នា​កម្រិតណា​។ ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ​ក៏បាន​បណ្តុះ​ក្មេងជំនាន់ក្រោយ រិះរក​វិធីសាស្ត្រ​មួយចំនួន​ក្នុងការ​ទប់ស្កាត់​កុំ​ឲ្យ​របប​នេះ​វិល​ត្រឡប់មកវិញ​សារជាថ្មី​ម្តងទៀត ដោយ​ចាប់ផ្តើម​ពី​ខ្លួនឯង​៕សរន