ដោយ៖តារារិទ្ធ(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតដល់ក្រុមមេធាវីជនជាតិបារាំងចំនួន៤ រូបដែលជាមេធាវីតំណាងរបស់សម្តេចតេជោនិងលោក ឌី វិជ្ជា ជាដើមបណ្តឹងប្តឹងទណ្ឌិត សម រង្ស៉ី ពីបទបរិហារកេរ្តិ៍នៅតុលាការទីក្រុង ប៉ា រីសប្រទេសបារាំងបានជួបធ្វើ សវនាការនៅភូមិគ្រឹះរបស់សម្តេចនាទីក្រុងតាខ្មៅ ។ នេះបើយោងប្រភពព័ត៌មានដែលផ្សាយដោយសារព័ត៌មានហ្រ្វេសញូវ ។

ក្នុងជំនួបពិសេសនេះសម្តេចតេជោ ហ៊ុន សែន បានធ្វើការគូសបញ្ជាក់អំពីអង្គហេតុពិត,ចំណុចសំខាន់ៗនិងអំពើទុច្ចរិតរបស់ទណ្ឌិតរូបនេះដល់ក្រុមមេ ធាវីការពារបណ្តឹងរបស់សម្តេចនិងមូលហេតុដែលនាំឲ្យមានការតាមប្តឹងទណ្ឌិត សម រង្ស៉ី ដល់ប្រទេសបារាំង។

ជាមួយគ្នានេះក្រុមមេធាវីបារាំងក៏បានពិនិត្យនិងប្រមូលភស្តុតាងសំខាន់ៗដែលមានភាពច្បាស់លាស់ជាមូលដ្ឋានរឹងមាំសម្រាប់ដាក់បន្ទុកលើទណ្ឌិត សម រង្ស៉ី ក្នុងពេ លសវនាការដែលគ្រោងធ្វើនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ។

គួររំលឹកផងដែរថា៖បណ្តឹងរបស់សម្តេចតេជោនិងបណ្តឹងរបស់លោក ឌី វិជ្ជា ប្តឹងទណ្ឌិតសម រង្ស៉ី បានដាក់ចូលតុលាការទីក្រុងប៉ារីស ប្រទេសបារាំងកាលពីថ្ងៃទី២០ ខែ សីហាឆ្នាំ២០១៩និងត្រូវបានចៅក្រមស៊ើបសួរសម្រេចធ្វើការចោទប្រកាន់លើទណ្ឌិតសមរង្ស៉ីពីបទបរិហាកេរ្តិ៍ជាសាធារណ:ប្រឆាំងបុគ្គលនៅថ្ងៃទី៨ខែមិថុនាឆ្នាំ២០២០ ។

សម្តេចតេជោ ហ៊ុន សែន សម្រេចប្តឹងទណ្ឌិត សម រង្ស៉ី ចំពោះសារដែលបុគ្គលនេះបានដាក់ផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួននិងសំដីដែលបុគ្គលនេះបាននិយាយ នៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុសម្លេងសហរដ្ឋអាមេរិកជាភាសាខ្មែរ (VOA)ដែលនៅក្នុងនោះបុគ្គល សម រង្ស៉ី បានធ្វើការចោទប្រកាន់យ៉ាងឆ្កួតលីលានិងធ្ងន់ធ្ងរ ចំពោះសម្តេចតេជោ ហ៊ុន សែន ។

ទណ្ឌិតសម រង្ស៉ី បានអះអាងដោយមួលបង្កាច់ថា៖ (១) សម្តេចតេជោបានសម្លាប់ឬជាមេក្លោងឲ្យគេសម្លាប់លោក ហុក ឡងឌី, (២) សម្តេចតេជោបានបញ្ជាឲ្យសម្លាប់ លោកជា វិជ្ជា និងចុងក្រោយ (៣) សម្តេចតេជោបានភូតកុហកអំពីមូលហេតុនៃការស្លាប់របស់លោក ហុក ឡងឌី ដោយកុហកថាឧទ្ធម្ភាគចក្រដែលលោក ហុក ឡងឌី រងគ្រោះទទួលមរណភាពគឺត្រូវរន្ទៈបាញ់ក្នុងខណៈដែលបុគ្គល សម រង្ស៊ី អះអាងថាឧទ្ធម្ភាគចក្រនេះត្រូវបានផ្ទុះដោយគ្រាប់បែកដែលបានដាក់បង្កប់នៅក្នុងនោះទៅ វិញ។ទាំងនេះជាការចោទប្រកាន់បែបបរិហារកេរ្តិ៍ដែលត្រូវបានផ្សព្វផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់បុគ្គល សម រង្ស៉ី ។

តាមឆន្ទៈមនសិការបុគ្គលិកលក្ខណៈផ្ទាល់និងនយោបាយរបស់សម្តេចតេជោដែលតែងតែអត់ឱននិងអនុគ្រោះសណ្តោសប្រណីចំពោះជនរួមជាតិរបស់សម្តេច,សម្តេច តេជោគឺមិនចង់ប្តឹងបុគ្គលសម រង្ស៉ី នោះទេប៉ុន្តែការចោទប្រកាន់ខាងលើនេះ គឺមិនអាចអត់ឱនឲ្យបានជាដាច់ខាត និងជាមូលហេតុដែលនាំឲ្យសម្តេចតេជោបាន សម្រេចចិត្តប្តឹងបុគ្គលម្នាក់ដែលជាជនរួមជាតិរបស់សម្តេច ។ តុលាការបារាំងនឹងត្រូវធ្វើការវិនិឆ្ឆ័យថា «ករណីនេះគឺជាការរំលោភបំពានលើដែននៃសេរីភាពបញ្ចេញមតិ»៕