ដោយៈសួត វិចិត្រ /ភ្នំពេញ៖នៅ​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២២ មជ្ឈមណ្ឌល​សន្ដិភាព​អន្លង់វែង នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បានរៀបចំ​វេទិកា​ថ្នាក់រៀន​ស្ដីអំពី «​ប្រ​វ​ត្ដិ​សាស្ដ្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ទៅកាន់​សិស្សានុសិស្ស​ចូលរួម​ចំនួន​១៥​នាក់​មកពី​វិទ្យាល័យ​តេ​ជោ ហ៊ុន សែន ត្រពាំង​តាវ ស្រុក​អន្លង់វែង​។ វេទិកា​នេះ បង្កើតឡើង​ក្នុង​គោលបំណង​លើកកម្ពស់​ការយល់ដឹង​ដល់​សិស្សានុសិស្ស​អំពី​ប្រ​វ​ត្ដិ​សាស្ដ្រ​កម្ពុជា​ប្រជាធិបតេយ្យ​(១៩៧៥-១៩៧៩)​និង​ទ្រឹស្ដី​មួយចំនួន​ទាក់ទង​នឹង​សន្ដិភាព និង​ការទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍​។

លោក​បណ្ឌិត លី សុខ​ឃាង នាយក​មជ្ឈមណ្ឌល​សន្ដិ​ភាព​អន្លង់វែង ពន្យល់​អំពី​និ​ន័​ម​ន័យ​«​អំពើ​ប្រល័យពូជសាសន៍​»​ទៅកាន់​សិស្សានុសិស្ស​ដែល​ចូលរួម​វេទិកា​ថ្នាក់រៀន​ស្ដីអំពី ប្រ​វ​ត្ដិ​សាស្ដ្រ​កម្ពុជា​ប្រជាធិបតេយ្យ​(១៩៧៥-១៩៧៩)​។​(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ដំបូង​ក្រុមការងារ​មជ្ឈមណ្ឌល​ស​ន្ដិ​ភាព​អន្លង់វែង​បាន​ចែកជូន​ក្រដាស​ស្ទាបស្ទង់​ចំណេះដឹង​មុន​វេទិកា​ចាប់ផ្ដើម​ចំនួន​១៥​ច្បាប់​ទៅកាន់​សិស្សានុសិស្ស ដើម្បី​វាយតម្លៃ​ចំណេះដឹង​មូលដ្ឋាន​មុន​ពេលដែល​សិស្សានុសិស្ស​ចូលរួម​ក្នុង​វេទិកា​ប្រ​វ​ត្ដិ​សាស្ដ្រ​នេះ​។ បន្ទាប់មក លោក​បណ្ឌិត លី សុខ​ឃាង នាយក​មជ្ឈមណ្ឌល​សន្ដិ​ភាព​អន្លង់វែង បាន​ពន្យល់​លម្អិត​អំពី​និយមន័យ​នៃ​អំពើ​ប្រល័យពូជសាសន៍​៖ «​គឺជា​អំពើ​ទាំងឡាយណា​ដែល​ប្រ​ព្រឹ​ត្ដ​ឡើង​ក្នុង​ចេតនា​បំផ្លិចបំផ្លាញ ចោល​ទាំងស្រុង ឬ​ដោយ​ផ្នែក​ចំពោះ​ក្រុម​ជនជាតិ ជាតិពន្ធុ ពូជសាសន៍ ឬ ក្រុម​សាសនា​» ហើយ​ក្រុម​ទាំង​បួន​ខាង​នេះ ក៏ត្រូវ​បាន​ពន្យល់​ពី​ភាពខុសគ្នា​យ៉ាង​លម្អិត​បន្ថែមទៀត ។​

បន្ទាប់មកទៀត​បទ​បង្ហាញ​អំពី​«​ផែនការ​បួន​ឆ្នាំ​(១៩៧៧-១៩៨០)» តម្រូវ​ឲ្យ​សិស្សានុសិស្ស​យក​ចិ​ត្ដ​ទុកដាក់​ក្នុង​ការអាន​សៀវភៅ «​ប្រ​វ​ត្ដិ​សាស្ដ្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» តាមរយៈ​ការបែងចែក​ក្រុម​ចំនួន​៥​ក្រុម​ផ្សេងៗ​ពីគ្នា​។ មេរៀន​នេះ មាន​គោលបំណង​ឲ្យ​សិស្សានុសិស្ស​និយាយ​អំពី​ការយល់ឃើញ​ផ្ទាល់ខ្លួន​ក្រោយ​អាន​ខ្លឹមសារ​ចប់​។ ផែនការ​បួន​ឆ្នាំ​គឺ​បង្កើតឡើង​ដោយ​ខ្មែរក្រហម និង​មានការ​ជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង​ភ្នំពេញ​និង​ទីប្រជុំជន​នានា​ទៅកាន់​ទីជនបទ​ដាច់ស្រយាល​។ ផែនការ​នេះ មានបំណង​ប្រែក្លាយ​សង្គម​កម្ពុជា​ឲ្យ​ក្លាយទៅជា​ប្រទេស​ជឿនលឿន​ផ្នែក​កសិកម្ម​។ ខ្មែរក្រហម​បង្ខំ​ឲ្យ​ប្រជាជន​ដាក់​ទ្រព្យសម្បត្ដិ​ឯកជន​ទៅជា​ទ្រព្យសម្បត្ដិ​រួម និង​ជ្រើសរើស​ការដាំដុះ​ស្រូវ​ជា​អាទិភាព​ចម្បង​សម្រាប់​ជាតិ​ចន្លោះ​ឆ្នាំ​១៩៧៧ ដល់ ១៩៨០​។ ខ្មែរក្រហម​បានកំណត់​យក​នូវ​ទិន្នផល​ស្រូវ​ជា​មធ្យម​ចំនួន​៣​តោន​ក្នុង​១​ហិកតា ដែល​ជំរុញ​ឲ្យ​មានការ​បង្ខំ​ប្រជាជន​ធ្វើការ​ងារ​ហួសកម្លាំង និង​គ្មាន​ពេល​សម្រាក​។ គោលបំណង​នេះ​មិនអាច​សម្រេច​បានទេ ដោយសារ​ប្រជាជន​មិន​ធ្លាប់​ទទួលរង​ការបង្ខិតបង្ខំ​ឲ្យ​ធ្វើ​ការងារ​បែបនេះ​ពីមុនមក ការបំផ្លិចបំផ្លាញ​ដោយ​ភ្លើងសង្គ្រាម និង​កង្វះខាត​ឧបករណ៍​ធ្វើ​កសិកម្ម​។ ផែនការ​បួន​ឆ្នាំ មាន​រួមបញ្ចូល​ទាំង​គម្រោង​ដាំ​បន្ថែ​បង្ការ ហើយ​ខ្មែរក្រហម​សង្ឃឹមថានឹង​ទាញយក​អនុផល​ពី​ព្រៃឈើ ការនេសាទ ការចិញ្ចឹម​សត្វ​និង​ការដាំ​ដើមឈើ​ជាដើម​។ មេដឹកនាំ​ខ្មែរក្រហម​រំពឹងថា ប្រទេស​កម្ពុជា​នឹងមាន​ឯករាជ្យភាព​ពេញ​បរិបូ​ណ៍​ទាំង​វិស័យសេដ្ឋកិច្ច និង​វិស័យ​នយោបាយ​។ ដោយ​ផ្អែកលើ​គម្រោង​ផែនការ​នេះ ប្រជាជន​បានទទួល​រង​ទុក្ខលំបាក តាមរយៈ​របប​អាហារ និង​ការធ្វើការងារ​ហួសកម្លាំង​។ ប្រជាជន​ភាគច្រើន​ហូប​តែ​បបរ​លាយ​ពោត លាយ​ដើម​ចេក និង​លាយ​គល់​ល្ហុង ហើយ​ទទួលបាន​របប​អង្ករ​តិចជាង​កន្លះ​កំប៉ុង​ក្នុង​មួយថ្ងៃ ផ្ទុយទៅនឹង​កម្មាភិបាល និង​កងទ័ព​ខ្មែរក្រហម​ប៉ុណ្ណោះ ដែលមាន​បាយ​ហូប​គ្រប់គ្រាន់​។ សិស្សានុសិស្ស​បាន​យល់ឃើញថា «​ផែនការ​បួន​ឆ្នាំ (១៩៧៧-១៩៨០)» បាន​ជំរុញ​ឲ្យ​ប្រជាជន​ទទួលរង​អំពើ​ឃោរឃៅ និង​លំបាក​វេទនា​យ៉ាងខ្លាំង តាមរយៈ​ការបង្ខំ​ឲ្យ​ធ្វើការ​ហួសកម្លាំង និង​បាត់បង់​ភាព​ឯកជន និង​សិទ្ធិសេរីភាព​គ្រប់បែបយ៉ាង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ខ្មែរក្រហម​បន្សល់ទុក​នូវ​ភាព​អ​យុត្ដិធម៌​ដល់​ប្រជាជន​តាមរយៈ​ការមិន​ខ្វាយខ្វល់​ពី​ទុក្ខលំបាក​របស់​ប្រជាជន ការបំបែកបំបាក់​ក្រុមគ្រួសារ និង​គិតតែ​ពី​ផែនការ​របស់ខ្លួន​តែប៉ុណ្ណោះ​។ ខ្មែរក្រហម​មិនបាន​ប្រៀបធៀប​ការឈឺចាប់ និង​សេចក្ដីស្រឡាញ់​របស់ខ្លួន ប្រសិន​ជួបប្រទះ​នឹង​ការបែកបាក់​ក្រុមគ្រួសារ​ដូច​ប្រជាជន​នា​សម័យ​នោះទេ​។

សិស្សានុសិស្ស​អាច​ស្វែងយល់​កាន់តែ​ទូលំទូលាយ​អំពី​រឿងរ៉ាវ​ដែល​សង្គម​របស់ខ្លួន​ធ្លាប់បាន​ឆ្លងកាត់ និង​យល់ដឹង​កាន់តែ​ជ្រៅ​ទៅលើ​ភាពសម្បូរ​បែប​រប​ស់ម​នុស្ស​នៅក្នុង​សង្គម ដែល​ពាក់ព័ន្ធ​ទៅនឹង​ការគោរព​សិទ្ធិ ក្រមសីលធម៌ និង​សុជីវធម៌​នៅក្នុង​សង្គម​។

នៅក្រោយ​វេទិកា​ថ្នាក់រៀន សិស្សានុសិស្ស​ទាំង​១៥​នាក់ កើន​ចំណេះដឹង និង​យល់ឃើញថា​ការទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍​គឺ​ពិតជា​មាន​សារសំខាន់​សម្រាប់​បុគ្គល សហគមន៍ និង​សង្គមជាតិ​ទោះបី​ក្នុង​វិធី​ណាក៏ដោយ​។ សិស្សានុសិស្ស​១២​នាក់​ក្នុងចំណោម​១៥​នាក់ យល់ឃើញថា «​ឧក្រិដ្ឋកម្ម​សង្គ្រាម​» គឺអាច​ផ្ដល់​ឧទាហរណ៍​បាន​តាមរយៈ ក្រុម​ទាហាន​បានធ្វើ​ទារុណកម្ម​អ្នកទោស​សង្គ្រាម​នៅពេល​មាន​ជម្លោះ​ប្រដាប់អាវុធ​។ បន្ទាប់ពី​បាន​ចូលរួម​ក្នុង​វេទិកា​នេះ សិស្សានុសិស្ស​មាន​ចំណាប់អារម្មណ៍ និង​ការយល់ឃើញ​ដូចខាងក្រោម​៖

រុំ សារុន ភេទ​ស្រី អាយុ​១៧​ឆ្នាំ យល់ឃើញថា​៖ « បន្ទាប់ពី​បាន​ចូលរួម​ក្នុង​វេទិកា​នេះ​រួចមក ខ្ញុំ​បាន​រៀនសូត្រ​ពី​ព្រឹ​ត្ដិ​ការណ៍​ប្រ​វ​ត្ដិ​សាស្ដ្រ​ដូចជា​៖ ការលុបបំបាត់​សិទ្ធិសេរីភាព​របស់​ប្រជាជន​ក្នុង​របប​ខ្មែរក្រហម​, ប្រជាជន​ទទួលរង​ការគាបសង្កត់​យ៉ាងធ្ងន់ធ្ងរ និង​ទុក្ខលំបាក​វេទនា តាមរយៈ​ការងារ​កសិកម្ម និង​បែកបាក់​ក្រុមគ្រួសារ​។ តាម​ការរៀនសូត្រ​ពី​ប្រ​វ​ត្ដិ​សាស្ដ្រ​ខ្មែរក្រហម ខ្ញុំ​ឃើញថា ខ្មែរក្រហម​បាន​បំផ្លាញ​អាយុជីវិត​មនុស្ស អ្នកមានចំណេះដឹង សេដ្ឋកិច្ច ប្រទេសជាតិ​គ្មាន​យុត្ដិធម៌ បំផ្លាញ​ទឹក​ចិ​ត្ដ​ប្រជាជន ដោយ​ធ្វើ​ទារុណកម្ម បំផ្លាញ​វត្ដ​អារាម សាលារៀន គ្រឹះស្ថាន​ផ្សេងៗ​។ ក្នុងនាម​ខ្ញុំ​ជា​យុវជន​ជំនាន់​ក្រោយ ដើម្បី​ចូលរួម​ទប់ស្កាត់​ការកកើត​ឧក្រិដ្ឋកម្ម​ឃោរឃៅ​នាពេល​អនាគត យើង​ត្រូវ​សិក្សា​ស្វែងយល់​ឲ្យ​បានច្បាស់លាស់​ពី​ប្រ​វ​ត្ដិ​សាស្ដ្រ​របស់ខ្លួន និង​សាមគ្គី​គ្នា​ដើម្បី​ស្ដារ ឬ​លុបបំបាត់​របប​នោះ​។ មួយវិញទៀត យើង​ត្រូវ​សិក្សា​រៀនសូត្រ​ឲ្យ​មានចំណេះដឹង គិតគូ​ឲ្យ​បាន​ខ្ពស់ និង​ធ្វើជា​ពលរដ្ឋ​ល្អ​នៅក្នុង​សង្គម​»​។

សិស្សានុសិស្ស​កំពុង​យកចិត្តទុកដាក់​ស្ដាប់​បទ​បង្ហាញ​អំពី​«​ផែនការ​ប្រាំ​ឆ្នាំ​» ប្រ​វ​ត្ដិ​សាស្ដ្រ​កម្ពុជា​ប្រជាធិបតេយ្យ​(១៩៧៥-១៩៧៩) ដោយ​លោក​បណ្ឌិត លី សុខ​ឃាង​។ (​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​មឿ​ន រក ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មាន​ចំណាប់អារម្មណ៍​ថា​៖ « ខ្ញុំ​បាន​យល់ដឹង​ពី​ព្រឹ​ត្ដិ​ការណ៍​ប្រ​វ​ត្ដិ​សាស្ដ្រ​ជាច្រើន​ដូចជា ការ​បោសសម្អាត​ទីក្រុង និង​ទីប្រជុំជន​នានា ការប្រមូល​ទ្រព្យសម្បត្ដិ​ឯកជន​របស់​ប្រជាពលរដ្ឋ​ដាក់​រួម ការបង្ខំ​ឲ្យ​ប្រជាជន​ផលិត​ស្រូវ​ដែលមាន​កម្រិត​ច្រើន​លើស​កំណត់ ការធ្វើការងារ​ហួសកម្លាំង​។ ប្រសិនបើ​ឧក្រិដ្ឋកម្ម​ឃោរឃៅ​កើតឡើង នោះ​នឹង​បំផ្លាញ​ដល់​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​នោះ ពីព្រោះ​សេដ្ឋកិច្ច គឺជា​កត្ដា​ដ៏​សំខាន់​ដែល​អាច​ឲ្យ​ប្រទេសជាតិ​រីកចម្រើន​បាន​។ មួយវិញទៀត វា​ក៏​អាច​ឲ្យ​ប្រទេសជាតិ​មាន​សន្ដិសុខ គ្មាន​សណ្ដាប់ធ្នាប់ មានការ​កាប់សម្លាប់ និង​ប្រើ​អំពើហិង្សា​ដែល​បណ្ដាល​ឲ្យ​មានការ​បាត់បង់​ជីវិត​។ ក្នុងនាម​ខ្ញុំ​ជា​យុវជន​ជំនាន់​ក្រោយ ដើម្បី​ចូលរួម​ទប់ស្កាត់​ការកើត​ឧក្រិដ្ឋកម្ម​ឃោរឃៅ​នាពេល​អនាគត យើង​មិនត្រូវ​រើសអើង​ជនជាតិ ពណ៌​សម្បុរ​, មាន​ភាព​ទទួលខុសត្រូវ​ខ្ពស់ ចូលរួម​គ្រប់​សកម្មភាព​ជួយ​ទប់ស្កាត់​ដល់​ការកកើត​ឧក្រិដ្ឋកម្ម​ឃោរឃៅ​, ចេះ​ដោះស្រាយ​បញ្ហា​ដោយ​សន្ដិវិធី​, លុបបំបាត់​អំពើហិង្សា និង​រួមគ្នា​ប្រឆាំង​អំពើ​ឧក្រិដ្ឋកម្ម​ឃោរឃៅ​»៕សរន

កា​រពិភាក្សា​ជា​ក្រុម និង​មានការ​លើ​ជា​សំណួរ​របស់​សិស្សានុសិស្ស​ដែល​បាន​ដែល​ចូលរួម​វេទិកា​ថ្នាក់រៀន​ស្ដីអំពី ប្រ​វ​ត្ដិ​សាស្ដ្រ​កម្ពុជា​ប្រជាធិបតេយ្យ​(១៩៧៥-១៩៧៩)​។​(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

សិស្សានុសិស្ស​ចូលរួម​វេទិកា​ថ្នាក់រៀន​ចុង​សប្ដាហ៍​អង្គុយ​ជា​រង្វង់​លើ​ជា​ចម្ងល់​និង​ធ្វើ​ឲ្យ​មានការ​ពិភាក្សាគ្នា​ក្នុ​ក្រុម​។​(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)