ដោយ: ពៅនិមល /ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ បានដឹកនាំគណៈប្រតិភូកម្ពុជា ជួបពិភាក្សាការងារជាមួយ អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ហៅកាត់ វ៉ាយប៉ូ (World Intellectual Property Organization – WIPO) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ក្រសួងពាណិជ្ជកម្ម បានលើកឡើងក្នុងបណ្តាញសង្គមថា លោករដ្ឋមន្រ្តី បានអបអរសាទរលោក Daren Tang ដែលជាបុគ្គល ដំបូង មកពីប្រទេសអាស៊ាន ដែលត្រូវបានជ្រើសរើស ធ្វើជាអគ្គនាយកអង្គការ វ៉ាយប៉ូ។ លោកបានថ្លែងអំណរគុណ ដល់អង្គការ ដែលតែងតែផ្តល់ការគាំទ្រ និងជំនួយបច្ចេកទេសដល់កម្ពុជា ក្នុងការកសាងប្រព័ន្ធកម្មសិទ្ធិបញ្ញា នៅកម្ពុជា ដែលក្នុងនោះរួមមានការកសាង ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដូចជា ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ក្រូចថ្លុងកោះទ្រង់ ក៏ដូចជា ការបង្កើតនូវម៉ាកសមូហភាព រួមមាន គុយទាវភ្នំពេញ អង្ករព្រះវិហារ ទឹកឃុំព្រៃមណ្ឌលគីរី និងម៉ាកដទៃទៀតផងដែរ។

លោករដ្ឋមន្រ្តី ក៏បានជម្រាបជូន នូវវឌ្ឍនភាពថ្មី ដែលកម្ពុជាសម្រេចបាន ក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិ កម្មសិទ្ធិបញ្ញា ក្រោមការឧបត្ថម្ភរបស់អង្គការ វ៉ាយប៉ូ ក៏ដូចជា ការចូលរួមក្នុងក្របខណ្ឌ ច្បាប់កម្មសិទ្ធិបញ្ញា អន្តរជាតិ ជាពិសេសការផ្ដល់សច្ចាប័ន លើអនុសញ្ញាទីក្រុងប៊ែន ស្ដីពីកិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈ បានបញ្ជាក់ពីជំហរកម្ពុជា ក្នុងការពង្រឹងប្រព័ន្ធកម្មសិទ្ធិបញ្ញា ឲ្យរឹតតែល្អប្រសើរបន្ថែមទៀត។

ជាមួយនោះដែរ លោករដ្ឋមន្ត្រី បានជម្រាបជូនថា កម្ពុជាគ្រោងនឹងសហការជាមួយអង្គការ វ៉ាយប៉ូ ក្នុងការៀបចំ វេទិកាកម្មសិទ្ធិបញ្ញាកម្រិតខ្ពស់ នៅកម្ពុជា ហើយលោកសង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំជាន់ខ្ពស់របស់អង្គការ នឹងអញ្ជើញចូលរួម ក្នុងវេទិកាដ៏សំខាន់នេះ។

ឆ្លៀតក្នុងឱកាសនេះ លោកក៏បានគូសបញ្ជាក់ផងដែរថា ក្នុងនាមជាប្រធានអាស៊ាន កម្ពុជា នឹងបន្តខិតខំកសាង សហគមន៍អាស៊ាន ឱ្យប្រកបដោយសមធម៌ ភាពរឹងមាំ និងបរិយាបន្ន៕/V