ដោយ: ពៅនិមល / ភ្នំពេញ៖ ក្នុងឱកាសដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមក្នុងកម្មវិធីពិភាក្សា ស្ដីពីកម្មវិធីពង្រឹង ក្របខ័ណ្ឌសមាហរណកម្ម (EIF) នៅប្រទេសស្វីស លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម សង្ឃឹម យ៉ាងមុតមាំថា សហគ្រាសធុនតូច និងមធ្យម នឹងទទួលបានអត្ថប្រយោជន៍ដ៏ច្រើន ពីការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ខណៈបច្ចុប្បន្នកម្ពុជា កំពុងអនុវត្តគម្រោងពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ជាមួយកម្មវិធី EIF ។

ក្រសួងពាណិជ្ជកម្ម កាលពីរាត្រីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នេះ បានលើកឡើង ក្នុងផេកផ្លូវការថា ក្នុងកម្មវិធី ពិភាក្សា ដែលបានរៀបចំឡើង ក្នុងអំឡុងពេលនៃសន្និសីទថ្នាក់រដ្ឋមន្ត្រី លើកទី១២ (MC12) នៅអង្គការពាណិជ្ជ កម្មពិភពលោក លោករដ្ឋមន្ត្រី បានចូលរួមថ្លែងបទអន្តរាគមន៍ ដោយបានកោតសរសើរ និងចាត់ទុកកម្មវិធី EIF ជាដៃគូដ៏សំខាន់មួយ ដែលផ្តល់ជំនួយបច្ចេកទេស សម្រាប់កសាងសមត្ថភាព និងការអភិវឌ្ឍន៍សមត្ថភាព ផលិត។

លោកបានវាយតម្លៃខ្ពស់ ចំពោះគោលការណ៍ នៃភាពជាដៃគូ និងភាពជាម្ចាស់ការ នៃប្រទេសទទួលជំនួយរបស់ កម្មវិធី EIFថា ជាកត្តាសំខាន់ ក្នុងការអនុវត្តជំនួយបច្ចេកទេសទាំងនេះ ដែលបានផ្តល់អត្ថប្រយោជន៍ ដោយ ផ្ទាល់ និងដោយប្រយោល ដល់គ្រប់វិស័យគោលដៅទាំងអស់។

ក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្តី បានរំលេចពីលទ្ធផលវិជ្ជមាននៃជំនួយរបស់កម្មវិធី EIF ក្នុងការអភិវឌ្ឍសមត្ថ ភាព ប្រកបដោយផលិតភាព ក្នុងវិស័យស្រូវអង្ករ ដំឡូងមី សូត្រ ជលផលសមុទ្រ និងការបង្កើតវិទ្យាស្ថានម្ហូប អាហារកម្ពុជា។

លោកក៏បានលើកឡើងដែរថា បច្ចុប្បន្ន ប្រទេសកម្ពុជាកំពុងអនុវត្តគម្រោងពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ជាមួយកម្មវិធី EIF ហើយតាមរយៈការបង្កើតផ្សារខេមបូត្រេដ “Cambodiatrade.com” ដែលជាផ្សារពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក លោក សង្ឃឹមយ៉ាងមុតមាំថា សហគ្រាសធុនតូច និងមធ្យម នឹងទទួលបាន អត្ថប្រយោជន៍ ដ៏ច្រើន ពីការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកនេះ។

សូមបញ្ជាក់ថា តាមរយៈកិច្ចសហការ ជាមួយកម្មវិធី EIF ប្រទេសកម្ពុជា អាចកៀងគរជំនួយបន្ថែម ពីអង្គការ អន្តរជាតិ ផ្សេងៗ ដូចជា ITC, IFC, UNDP, UNIDO, UNCTAD, Swisscontact និងវិស័យឯកជន យកមកប្រើ ប្រាស់ សម្រាប់បង្កើនការនាំចេញ បង្កើតការងារ ជាពិសេស សម្រាប់សហគ្រាសធុនតូច និងមធ្យម ស្រ្តី យុវជន និងការលើកកម្ពស់បរិស្ថាន ក្នុងការធ្វើពាណិជ្ជកម្ម និងការវិនិយោគ៕/V