ដោយ: សុខុម / ស្ទឹងត្រែង: ត្រីបបែលទឹកសាប ដែលមានទម្ងន់ដល់ទៅ ៣០០ គីឡូក្រាម ត្រូវអ្នកនេសាទចាប់បាន កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។

ប្រជានេសាទ ដែលចាប់បានត្រីបបែលនោះ ឈ្មោះ មូល ធន ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ។

ក្រោយចាប់បានត្រីបបែល អ្នកនេសាទម្នាក់នោះ បានរាយការណ៍ ទៅប្រធានសហគមន៍នេសាទ ហើយប្រធានសហគមន៍នេសាទ បានរាយការណ៍បន្ត ទៅខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង និងគម្រោងអច្ឆរិយភាព នៃទន្លេមេគង្គ។ ក្រុមការងារ បានចេញដំណើរទៅសហគមន៍ ដើម្បីធ្វើការវាស់ថ្លឹង កឹបស្លាកលេខ យកសំណាកធ្វើ DNA ។

នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារនៃខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល និងក្រុមការងារគម្រោងអច្ឆរិយៈ នៃទន្លេមេគង្គ គឺបានធ្វើការវាស់ថ្លឹង កឹបស្លាកលេខ យកសំណាកធ្វើ DNA និងលែងត្រីបបែលយក្សទឹកសាប ចូលទៅក្នុងធម្មជាតិវិញ។ ត្រីបបែលនេះ មានភេទញី​ ទម្ងន់ ៣០០ គីឡូក្រាម ពីក្បាល ដល់ចុងកន្ទុយ មានប្រវែង ៣៩៨ សង់ទីម៉ែត្រ ប្រវែងពីក្បាល ដល់គល់កន្ទុយ ប្រវែង ២២០ សង់ទីម៉ែត្រ និងទទឹងដងខ្លួន ប្រវែង ២២០ សង់ទីម៉ែត្រ ។

ការលែងត្រីបបែលទឹកសាបនេះ មានការចូលរួមពីមន្ត្រីវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល នាយរងផ្នែករដ្ឋបាលជលផលថាឡាបរិវ៉ាត់ នៃខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង ក្រុមការងារគម្រោងអច្ឆរិយៈ នៃទន្លេមេគង្គ អាជាធរឃុំកោះព្រះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកោះព្រះ និងសហគមន៍នេសាទភូមិកោះព្រះ។

សូមបញ្ជាក់ថា នេះគឺជាត្រីបបែលយក្សទឹកសាបទី៣ ហេីយ​ ដែលបានលែងទៅវិញ នៅក្នុងស្រុកសៀមបូក​ ខេត្តស្ទឹងត្រែង៕/V