ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ អគ្គលេខាធិការសហព័ន្ធខ្មែរ កីឡាទោចក្រយាន លោកនូ ចំរើន បានអំពាវនាវឲ្យកីឡាករ កីឡាការិនី និងមហាជននានា បន្តចុះឈ្មោះចូលរួមជិះកង់ នាព្រឹកថ្ងៃអាទិត្យ ទី១៩ ខែមិថុនា ឆ្នាំ២០២២ ពីវិមានឈ្នះឈ្នះ រាជធានីភ្នំពេញទៅកាន់ខេត្តត្បូងឃ្មំ ដើម្បីចូលរួមអបអរសាទរ ខួបលើកទី៤៥ នៃទិវាចងចាំដំណើរឆ្ពោះ ទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត រួមទាំងគោលដៅផ្សព្វផ្សាយ បំផុសស្មារតីគាំទ្រ ដល់ដំណើរការឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣។

លោកបានបន្ថែមថា: មកដល់ថ្ងៃនេះ ការចុះឈ្មោះទទួលបានជាង ២០០ នាក់ ហើយលោកបានអំពាវនាវឲ្យមហាជនបន្តចុះឈ្មោះចូលរួម ដោយឥតគិតថ្លៃ ដោយការទទួលចុះឈ្មោះនេះ នឹងបន្តរយៈពេល ២ ទៅ ៣ ថ្ងៃទៀត នឹងត្រូវបិទបញ្ចប់តែម្តង។

លោកបានសង្កត់ធ្ងន់ថា: គោលបំណងនៃការជិះកង់នេះគឺ១៖ ដើម្បីអបអរសាទរខួនលើកទី៤៥ ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី។ ទី២៖គឺរួមគ្នាបង្ហាញដល់សាធារណជនជាតិ និងអន្តរជាតិឲ្យបានឃើញនូវការបញ្ចប់សង្គ្រាម នៅកម្ពុជា មានសន្តិ ភាពពេញលេញ និងការអភិវឌ្ឍ លើគ្រប់វិស័យ។ ទី៣៖ការផ្សព្វផ្សាយជំរុញចលនាកីឡា និងដំណើររបស់កម្ពុជាឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ដើម្បីជំរុញឲ្យការរៀបចំការប្រកួតនេះ ដំណើរការដោយ រលូន មន្ត្រីសហព័ន្ធខ្មែរកីឡាទោចក្រយាន និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមអធិបតីភាព លោក ភួង ស៊ីផិន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំកិច្ចប្រជុំរៀបចំព្រឹត្តិការណ៍នេះ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។ ការជិះកង់អបអរសាទរខួបលើកទី៤៥ នៃទិវាចងចាំដំណើរឆ្ពោះ ទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅតំបន់កោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

គួរបញ្ជាក់ថា ការជិះកង់អបអរទិវានេះ បានកំណត់ការចាប់ផ្តើម នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ០៦:៣០ នាទីព្រឹក ដោយចាកចេញពីវិមានឈ្នះឈ្នះរាជធានីភ្នំពេញ ឆ្ពោះទៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងវិលត្រឡប់មកភ្នំពេញវិញ នាពេលរសៀល។

ការជិះកង់នេះ ត្រូវបានចែកជា ២ ដំណាក់កាល គឺកំណត់ចំនួនអ្នកចូលរួម ៤៥០ នាក់ ហើយរាល់ការចំណាយនានា ជាបន្ទុករបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លើការដឹកជញ្ជូនកីឡាករ និងកង់ ទៅមក អាវយឺតអនុស្សាវរីយ៍ និងអាហារចំនួន ៣ ពេល៕/V