ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ លោក ហុងដាអ្នកចាត់ការទូទៅ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បាននិយាយ នៅថ្ងៃខួប កំណើតរបស់លោកថា ធ្វើយ៉ាងណា លេងឲ្យល្អ នៅថ្ងៃទី១៤ មិថុនា ដើម្បីយក ៣ ពិន្ទុ ឲ្យកម្ពុជាយើងវិញ។

លោក Honda នេះគឺសំដៅទៅកាន់ការប្រកួត ល្ងាចថ្ងៃទី១៤ មិថុនា ទល់ក្រុមអាហ្វហ្គានីស្ថាន នៅទឹកដីប្រទេស ឥណ្ឌា ដែលជាការប្រកួតលើកទី៣ និងជាការប្រកួតចុងក្រោយ ក្នុងពូល D នៃយុទ្ធនាការជម្រុះជើងឯកអាស៊ី ជុំចុងក្រោយ AFC Asian Cup 2023។

ទន្ទឹមនឹងការនិយាយពាក្យខាងលើ លោកក៏បានផ្ដាំផ្ញើទៅកាន់កីឡាករកម្ពុជា កុំឲ្យមានការបោះបង់ក្ដីស្រមៃ របស់ខ្លួន ត្រូវតែបន្តការប្រឹងប្រែង ដើម្បីសម្រេចក្ដីស្រមៃរបស់ខ្លួនឲ្យបាន។

អ្នកចាត់ការទូទៅសញ្ជាតិជប៉ុន បាននិយាយរំលឹកកីឡាករកម្ពុជាទាំងអស់ទៀតថា: ដាច់ខាត ត្រូវតែស្រេកឃ្លាន ជ័យជម្នះ មិនត្រូវមានមោទកភាព ដែលខ្លួនមានសព្វថ្ងៃនេះឡើយ។ កីឡាករគ្រប់រូប គួរតែគិតធ្វើយ៉ាងណា ស្វែងរកវិធី ដើម្បីអភិវឌ្ឍន៍ខ្លួនឯង ឲ្យកាន់តែមានភាពប្រសើរជាងនេះ ទើបជីវិតកីឡាករ អាចរីកចម្រើន ទៅរកភាពជោគជ័យបាន។

រំលឹកថា កម្ពុជា បានចាញ់ ២ ប្រកួតហើយ ក្នុងពាន រង្វាន់ខាងលើ ពោលគឺ ចាញ់ឥណ្ឌា កាលប្រកួតបើកឆាក ០ទល់២ និងប្រកួតទី២ ចាញ់ហុងកុង ០ទល់៣ ដូច្នេះកម្ពុជា បានធ្លាក់ចេញពីពានរង្វាន់មួយនេះហើយ ហើយការប្រកួតល្ងាចនេះ គ្រាន់តែជាការប្រកួតបង្គ្រប់កិច្ចប៉ុណ្ណោះ៕/V