ដោយ៖ សុវណ្ណកុម្ភៈ /ភ្នំពេញ៖ បន្តាប់ពីអាក់ខានការប្រណាំង រយៈពេល ២ឆ្នាំ ដោយសារកូវីដ ១៩ នោះ ការប្រណាំងយានយន្តពានរង្វាន់ GCC ជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២២ ដែលរៀបចំដោយសហព័ន្ធកីឡាយានយន្តកម្ពុជា បានចាប់ផ្ដើមឡើងវិញ នៅទីលានយ៉ាម៉ាម៉ូតុ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង។

កីឡាករ ក្រាញ់ សុធិន បានបញ្ជាក់ថា: ការៀបចំរបស់សហព័ន្ធកីឡាយានយន្ត គឺបានល្អច្រើន បើទោះបីមានចំណុចខ្វះខាត ផ្នែកបច្ចេកទេសមួយចំនួនក្តី។

សុធិន បានបន្តថា: ការចូលរួមប្រណាំងជាលើកដំបូងធ្វើឱ្យរូបគេ មានអារម្មណ៍រីករាយ ទោះមិនទទួលបានលទ្ធផលល្អ តែប្តេជ្ញាប្រឹងប្រែងស្វែងរកចំណាត់ថ្នាក់ល្អ សម្រាប់ការប្រណាំងលើកក្រោយៗទៀត។

ម្តាយបង្កើតរបស់កីឡាករ ក្រាញ់ សុធិន បានបង្ហាញអារម្មណ៍រីករាយ និងគាំទ្រ ដោយសារកូនខ្លួន ស្រឡាញ់វិស័យកីឡាប្រណាំងម៉ូតូមួយនេះ បានទាំងបានសន្យាបន្តការលើកទឹកចិត្តកូន ឱ្យប្រឹងប្រែងឈានដល់ការប្រណាំងថ្នាក់ជាតិ និងអន្តរជាតិ តំណាងឱ្យកម្ពុជាថែមទៀតផង។

សូមបញ្ជាក់ថា កីឡាប្រណាំងយានយន្តពានរង្វាន់ GCC ជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២២ មានការអញ្ជើញចូលរួមជាអធិបតីពីលោក មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា អ្នកឧកញ្ញ៉ា ម៉ុង ឬទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប លោក វី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងតំណាងក្រុមហ៊ុនឧបត្ថម្ភធំ GCC និងក្រុមហ៊ុន Nine Swing រួមជាមួយដៃគូសហការជាច្រើនទៀតផងដែរ។

ចំពោះលទ្ធផលវិញ Class A លេខ១ បានលើកីឡាករ គុណ សុខហេង លេខ២ កីឡាករ ម៉ម សុវណ្ណហេង និងលេខ៣ កីឡាករ សួន សុចិត្រា ចំណែក Class B វិញ លេខ១ កីឡាករ នី សុខនី លេខ២ សួន សុថារិទ្ធ និងលេខ៣ មឿន សុខនី៕/V