ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ កីឡាករជនពិការ ហេង សាវឿន បាននិយាយថា គេកំពុងហ្វឹកហាត់លើ ៣ វិញ្ញាសា គឺវិញ្ញាសាប្រណាំងរទេះ ៤០០ ម៉ែត្រ ៨០០ ម៉ែត្រ និង១.៥០០ ម៉ែត្រ ប៉ុន្តែវិញ្ញាសា ជាក្តីសង្ឃឹមដណ្តើមបានមេដាយ គឺ ៤០០ម៉ែត្រ និង៨០០ម៉ែត្រ។

ម្ចាស់មេដាយប្រាក់ និងសំរិទ្ធ នៅមីយ៉ាន់ម៉ា បានបញ្ជាក់ថា: ឧបសគ្គសម្រាប់កម្ពុជា គឺប្រទេសថៃ ដោយសារតែគេមានសម្ភារគ្រប់គ្រាន់ និងមានទីលានហ្វឹកហាត់ត្រឹមត្រូវ តាមស្តង់ដា មុនកម្ពុជា។

អត្តពលិកជនពិការកម្ពុជាទាំងអស់ មានការរីកចំរើនបន្ទាប់ពីទទួលបានការយកចិត្តទុកដាក់ យ៉ាងខ្ពង់ខ្ពស់និងគាំទ្រយ៉ាងខ្លាំង ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា គណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍ កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ នៅកម្ពុជា (Camsoc) ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងលោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា លើការស្នាក់នៅ អាហារូបត្ថម្ភ សម្ភារ និងទីលានហ្វឹកហាត់។

កីឡាករប្រណាំងរទេះជនពិការ ហេង សាវឿន បានលើកឡើងថា: ដោយសារកត្តាជំរុញលើកទឹកចិត្ត ច្រើនបែបនេះ ទាំងរូបគេផ្ទាល់ និងអត្តពលិកជនពិការផ្សេងៗទៀត បានប្តេជ្ញាប្រឹងប្រែងហ្វឹកហាត់ យ៉ាងខ្លាំងទោះបីមានបញ្ហាប្រឈមខ្លះៗ ដូចជា រទេះចាស់ ការធ្វើដំណើរផ្លូវឆ្ងាយ ទៅកន្លែងហ្វឹកហាត់ក៏ដោយ។ ពីព្រោះថា ឆន្ទៈដណ្តើមមេដាយ ជូនកម្ពុជា នៅតែមាន គឺមេដាយមាស។ កន្លងមក កីឡាករជនពិការរូបនេះ ធ្លាប់ដណ្តើមបានត្រឹមមេដាយប្រាក់ និងសំរិទ្ធប៉ុណ្ណោះ។

លោក យី វាសនា អគ្គលេខាធិការ គណ:កម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានបញ្ជាក់ថា: អាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅប្រទេសឥណ្ឌូនេស៊ី គឺជាឱកាសដ៏ល្អមួយ និងចាំបាច់ដែលកម្ពុជា ត្រូវរៀបចំកីឡាករ កីឡាការិនី គ្រូបង្វឹក មន្រ្តីបច្ចេកទេស ឲ្យមានសក្តានុពល ដើម្បីចូលរួមដុសខាត់យុទ្ធសាស្រ្ត ចិត្តសាស្ត្រ សមត្ថភាព ជំនាញ វិជ្ជាជីវៈ ជាមួយបណ្តាប្រទេសអាស៊ាន ជាព្រឹត្តការណ៍ចុងក្រោយ មុននឹងកម្ពុជា ធ្វើជាម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដើម្បីយកចំណេះដឹង មកដឹកនាំធ្វើ នៅឆ្នាំ២០២៣ ជាគន្លឹះ និងចំណុចខ្លាំង ឲ្យទទួលបានជោគជ័យ ទាំងការរៀបចំ និងការដណ្តើមមេដាយជូនជាតិ។

សូមបញ្ជាក់ថា ហេង សាវឿន ធ្លាប់ដណ្តើមបានមេដាយជាច្រើនគ្រឿង ក្នុងនោះ វិញ្ញាសា២០០ម៉ែត្រ ឈ្នះមេដាយសំរិទ្ធ១ នៅសិង្ហបូរី។ វិញ្ញាសា៨០០ម៉ែត្រ ធ្លាប់ឈ្នះមេដាយប្រាក់១ នៅឥណ្ឌូនេស៊ី និងអាស៊ានប៉ារ៉ាហ្គេម លើកទី៧ នៅប្រទេសមីយ៉ានម៉ា ឈ្នះបានមេដាយ ៣ គ្រឿង គឺមេដាយសំរិទ្ធ១ សម្រាប់វិញ្ញាសាឯកត្តជន ១០០ម៉ែត្រ និងមេដាយប្រាក់១ សម្រាប់វិញ្ញាសាបណ្តាក់១០០ម៉ែត្រ ៤ដង ព្រមទាំងមេដាយប្រាក់១ សម្រាប់វិញ្ញាសាបណ្តាក់ ៤០០ម៉ែត្រ ៤ដង។

សូមជម្រាបថា ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី នឹងប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ក្រោយវៀតណាម សម្រេចលុបចោល។

កម្ពុជា នឹងបញ្ជូន ១១ ប្រភេទកីឡា រួមមាន អត្តពលកម្ម ហែលទឹក បាល់ទះអង្គុយបុរស និងនារី បាល់បោះរទេះបុរស និងនារី បាល់បោះជនពិការភ្នែក បាល់ទាត់៧ម្ខាង (ចលករខួរក្បាល) វាយកូនឃ្លីលើតុ វាយសី លើកទម្ងន់ អុក និងបូស្យា។

ចំពោះព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី៩ នៅប្រទេសម៉ាឡេស៊ី កម្ពុជា ដណ្តើមបានមេដាយសរុប ១០ គ្រឿង គឺ ប្រាក់៥ និង ៥សំរិទ្ធ៕/V