ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ចូលរួម​ក្នុង​កម្មវិធី​ពិភាក្សា​ស្ដីពី​កម្មវិធី​ពង្រឹង​ក្របខ័ណ្ឌ​សមាហរណកម្ម (Enhanced Integrated Framework – EIF) ដែល​បាន​រៀបចំឡើង​ក្នុងអំឡុងពេល​នៃ​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​១២ (MC12) នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។​

​ក្នុង​កម្មវិធី​នេះ លោក រដ្ឋមន្ត្រី ក៏បាន​ចូលរួម​ថ្លែង​បទ​អន្តរាគមន៍ ដោយបាន​កោតសរសើរ និង​ចាត់ទុក​កម្មវិធី EIF ជា​ដៃគូ​ដ៏​សំខាន់​មួយ​ដែល​ផ្តល់ជំនួយ​បច្ចេកទេស​សម្រាប់​កសាង​សមត្ថភាព និង​ការអភិវឌ្ឍន៍​សមត្ថភាព​ផលិត​។​

​លោក រដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​គោលការណ៍​នៃ​ភាពជា​ដៃគូ និង​ភាពជា​ម្ចាស់ការ​នៃ​ប្រទេស​ទទួល​ជំនួយ​របស់​កម្មវិធី EIF ថា​ជា​កត្តា​សំខាន់​ក្នុងការ​អនុវត្ត​ជំនួយ​បច្ចេកទេស​ទាំងនេះ ដែល​បានផ្តល់​អត្ថប្រយោជន៍​ដោយផ្ទាល់ និង​ដោយ​ប្រយោល​ដល់​គ្រប់​វិស័យ​គោលដៅ​ទាំងអស់​។​

​ក្នុងឱកាស​នេះដែរ លោក រដ្ឋមន្ត្រី បាន​រំលេច​ពី​លទ្ធផល​វិជ្ជមាន​នៃ​ជំនួយ​របស់​កម្មវិធី EIF ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​ប្រកបដោយ​ផលិតភាព ក្នុង​វិស័យ​ស្រូវ​អង្ករ ដំឡូង​មី សូត្រ ជលផល​សមុទ្រ និង​ការបង្កើត​វិទ្យាស្ថាន​ម្ហូបអាហារ​កម្ពុជា​។

​លោក រដ្ឋមន្ត្រី ក៏បាន​លើកឡើង​ដែរ​ថា បច្ចុប្បន្ន ប្រទេស​កម្ពុជា កំពុង​អនុវត្ត​គម្រោង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច ជាមួយ​កម្មវិធី EIF ហើយ​តាមរយៈ​ការបង្កើត​ផ្សារ​ខេ​ម​បូ​ត្រេ​ដ “Cambodiatrade.com” ដែលជា​ផ្សារ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ឯកឧត្តម​រដ្ឋមន្ត្រី សង្ឃឹម​យ៉ាង​មុតមាំ​ថា សហគ្រាស​ធុន​តូច និង​មធ្យម នឹង​ទទួលបាន​អត្ថប្រយោជន៍​ដ៏​ច្រើន​ពី​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នេះ​។​

​សូមបញ្ជាក់​ជូន​ផងដែរ​ថា តាមរយៈ​កិច្ចសហការ​ជាមួយ​កម្មវិធី EIF ប្រទេស​កម្ពុជា អាច​គៀងគរ​ជំនួយ​បន្ថែម​ពី​អង្គការ​អន្តរជាតិ​ផ្សេងៗ​ដូចជា ITC, IFC, UNDP, UNIDO, UNCTAD, Swisscontact និង​វិស័យ​ឯកជន យកមកប្រើ​ប្រាស់​សម្រាប់​បង្កើន​ការនាំចេញ បង្កើត​ការងារ ជាពិសេស សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម ស្ត្រី យុវជន និង​ការលើកកម្ពស់​បរិស្ថាន​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម និង​ការវិនិយោគ​៕​