ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ សូម្បីតែនៅក្រោមម្លប់ឆត្រដ៏ធំមួយនៅហាងកាហ្វេ Terraza Colon នៅកណ្តាលទីក្រុងម៉ាឌ្រីដក៏ក្តៅដែរ។ តុគឺទទេស្អាតគ្មានភ្ញៀវណាហ៊ានអង្គុយទេ។

អ្នកគ្រប់គ្រងឈ្មោះ ដានីញែល បេនីតូ (Daniel Benito) អាយុ ៤២ ឆ្នាំបាននិយាយថា “ខែមិថុនាគឺជាខែដ៏ល្អបំផុតសម្រាប់ពួកយើង ដូច្នេះរលកកម្តៅនាពេលនេះគឺមិនល្អសម្រាប់អាជីវកម្មនោះឡើយ” ខណៈគាត់ជួយអ្នកបម្រើម្នាក់រៀបចំកង្ហាធំៗនិងបាញ់ទឹកលើកម្រាលឥដ្ឋដើម្បីឱ្យវាត្រជាក់ជាងមុន។ លោកបន្តថា “វាមិនអាចទៅរួចទេក្នុងការរៀបចំផែនការនិងដំណើរការអាជីវកម្មជាមួយនឹងអាកាសធាតុដ៏អាក្រក់បែបនេះ”។

សីតុណ្ហភាពក្នុងរដ្ឋធានីនៃប្រទេសអេស្ប៉ាញបានឡើងដល់ជិត ៤០ អង្សាសេកាលពីថ្ងៃអង្គារ ទី១៤ មិថុនា ហើយរលកកម្តៅត្រូវបានព្យាករណ៍ថានឹងគ្របដណ្តប់ទ្វីបអឺរ៉ុបក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ អាកាសធាតុក្តៅគឺជារឿងធម្មតានៅក្នុងបណ្តាប្រទេសអឺរ៉ុបខាងត្បូង ប៉ុន្តែសីតុណ្ហភាពខ្ពស់បែបនេះរមែងកើតឡើងតែនៅចុងរដូវក្តៅប៉ុណ្ណោះ។

អាកាសធាតុក្តៅគឺជារឿងធម្មតានៅក្នុងបណ្តាប្រទេសអឺរ៉ុបខាងត្បូង ប៉ុន្តែសីតុណ្ហភាពខ្ពស់បែបនេះរមែងកើតឡើងតែនៅចុងរដូវក្តៅប៉ុណ្ណោះ

ប្រព័ន្ធសម្ពាធខ្ពស់មួយកំពុងសំកាំងក្នុងបរិយាកាសពាសពេញទ្វីបអឺរ៉ុប ដោយធ្វើឱ្យគាំងឥទ្ធិពលកម្តៅមួយ ដែលជួនកាលគេហៅថា “ក្រអូមកម្តៅ” (Heat Dome)។ ប្រជាជននៅទីក្រុងប៉ារីស ទីក្រុងរ៉ូម និងទីក្រុងឡុងដ៍ សុទ្ធតែកំពុងត្រៀមខ្លួនសម្រាប់ស្ថានភាពអាកាសធាតុក្តៅដ៏គួរឱ្យខ្លាចនេះ។

បណ្ឌិត មីកា រ៉ានតាណេន (Mika Rantanen) ជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថានឧតុនិយមហ្វាំងឡង់ បាននិយាយថា “រលកកម្តៅនឹងកាន់តែខ្លាំងឡើងពេញមួយសប្តាហ៍នេះ។ វានឹងកាន់តែអាក្រក់ទៅៗជារៀងរាល់ថ្ងៃ”។

អាកាសធាតុក្តៅនេះគឺជាឧទាហរណ៍ជាក់ស្តែងមួយទៀតនៃផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ ខណៈប្រទេសនានាពឹងផ្អែកលើការដុតចំហេះឥន្ធនៈហ្វូស៊ីល ជាហេតុធ្វើឱ្យភពផែនដីកាន់តែក្តៅ។ វាជាលើកទីពីរក្នុងរយៈពេលតិចជាងមួយខែដែលសីតុណ្ហភាពកើនឡើងលើសពី ៤០ អង្សាសេនៅក្នុងប្រទេសអេស្ប៉ាញ ដែលជាកម្តៅមិនធម្មតាសម្រាប់ពេលវេលានៃឆ្នាំនេះ ខណៈទីភ្នាក់ងារឧតុនិយមរបស់ប្រទេសនេះបានចេញការព្រមានរាប់សិបនៅទូទាំងប្រទេស។ ទីភ្នាក់ងារនេះបាននិយាយថា នៅទីក្រុងខ័រដូបា (Cordoba) សីតុណ្ហភាពអតិបរមាអាចឡើងដល់ ៤៣ អង្សាសេ៕