ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ អ្នកបើកឡានដឹកទំនិញនៅកូរ៉េខាងត្បូងបានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលកាលពីល្ងាចថ្ងៃអង្គារ ទី១៤ មិថុនា ដោយបញ្ចប់កូដកម្មរយៈពេលមួយសប្តាហ៍ ដែលបានបន្ថែមភាពតានតឹងលើខ្សែសង្វាក់ផ្គត់ផ្គង់របស់ពិភពលោក។

អ្នកបើកបរឡានដឹកទំនិញនឹងត្រឡប់ទៅធ្វើការវិញភ្លាមៗបន្ទាប់ពីបានយល់ព្រមក្នុងការពង្រីកប្រព័ន្ធអត្រាការដឹកទំនិញ ដែលធានានូវប្រាក់ឈ្នួលអប្បបរមា នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយពីសហជីពសាមគ្គីភាពនៃអ្នកបើកឡានដឹកទំនិញ ដែលជាផ្នែកមួយនៃសហភាពសេវាសាធារណៈនិងដឹកជញ្ជូនរបស់កូរ៉េ។

យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា នៅក្រោមកិច្ចព្រមព្រៀងនេះ ក្រសួងដឹកជញ្ជូននឹងផ្តល់ការឧបត្ថម្ភធនដើម្បីកាត់បន្ថយសម្ពាធលើការកើនឡើងថ្លៃប្រេងឥន្ធនៈ។

សហជីព​កំពុង​ទាមទារ​ឱ្យ​មាន​ការ​ពង្រីកប្រព័ន្ធ​អត្រា​ការ​ដឹក​ជញ្ជូន​ដើម្បី​ជួយ​អ្នកបើកបរ​ទប់ទល់​នឹង​ការ​ឡើង​ថ្លៃ​ប្រេងឥន្ធនៈ។

អ្នកបើកឡានដឹកទំនិញធ្វើកូដកម្មបិទផ្លូវកាលពីសប្តាហ៍មុន

ប្រព័ន្ធនេះត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ ២០២០ សម្រាប់កិច្ចដំណើរការរយៈពេលបីឆ្នាំ ក្នុងគោលបំណងទប់ស្កាត់ការអនុវត្តការបើកបរប្រកបដោយគ្រោះថ្នាក់ ដូចជាការផ្ទុកទំនិញលើសទម្ងន់ និងការធានានូវអត្រាប្រាក់ឈ្នួលអប្បបរមាសម្រាប់អ្នកដឹកទំនិញ។ វា​ត្រូវ​ផុត​កំណត់​នៅ​ឆ្នាំ​នេះ។

កូដកម្ម ដែលបានចាប់ផ្តើមនៅថ្ងៃទី ៧ ខែមិថុនា បានធ្វើឱ្យឧស្សាហកម្មមានភាពរញ៉េរញ៉ៃចំពេលមានការបារម្ភអំពីចំណាយខ្ពស់ និងចលាចលកាន់តែទូលំទូលាយចំពោះខ្សែសង្វាក់ផ្គត់ផ្គង់សកលបន្ទាប់ពីការបិទខ្ទប់ទប់ស្កាត់កូវីដនៅក្នុងប្រទេសចិន និងការលុកលុយរបស់រុស្ស៊ីនៅអ៊ុយក្រែន។

ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលរបស់កូរ៉េខាងត្បូងបានប៉ាន់ប្រមាណក្នុងសប្តាហ៍នេះថា ឧស្សាហកម្មសំខាន់ៗខាតបង់ប្រហែល ១,៦ ទ្រីលានវ៉ុន (១,៣ ពាន់លានដុល្លារ) ដោយសារតែការរំខានការដឹកជញ្ជូននេះ៕