ប្រែសម្រួល : កញ្ញាដាលីស (ឆានែលញូវអេស៊ា) ៖ ក្រុមធុរកិច្ចមួយបាននិយាយនៅថ្ងៃពុធទី១៥ មិថុនានេះថា ការបិទខ្ទប់ទីក្រុងសៀងហៃយូរៗពេកដើម្បីទប់ស្កាត់កូវីដ១៩ បានជំរុញឱ្យក្រុមហ៊ុនអាម៉េរិកមួយភាគបួននៅក្នុងទីក្រុងកាត់បន្ថយផែនការវិនិយោគ និងស្ទើរតែទាំងអស់ទម្លាក់ចោលការព្យាករណ៍អំពីប្រាក់ចំណូលរបស់ខ្លួន។

លទ្ធផលរកឃើញដ៏អវិជ្ជមាននៃការស្ទាបស្ទង់របស់សភាពាណិជ្ជកម្មអាម៉េរិកប្រចាំទីក្រុងសៀងហៃ (AmCham Shanghai) គឺជាសញ្ញាចុងក្រោយបំផុតនៃផលប៉ះពាល់នៃការគ្រប់គ្រងមេរោគកូរ៉ូណានៅក្នុងប្រទេសចិន ដែលជាសេដ្ឋកិច្ចដ៏សំខាន់តែមួយគត់ដែលនៅតែបន្តយុទ្ធសាស្រ្តកូវីដសូន្យ ដោយប្រើការបិទខ្ទប់តឹងរ៉ឹងនិងការធ្វើតេស្តិ៍ទ្រង់ទ្រាយធំដើម្បីលុបបំបាត់ការផ្ទុះឡើងនៃមេរោគទាំងអស់។

ប៉ុន្តែវិធានការបែបនេះបានធ្វើឱ្យទីក្រុងសៀងហៃដ៏ធំបំផុតរបស់ខ្លួនបិទជិតពីរខែ អមជាមួយនឹងកង្វះខាតនៃអ្នកបើកឡានដឹកទំនិញបានបណ្តាលឱ្យទំនិញណែនប៉ែសពេញកំពង់ផែរបស់ខ្លួននិងនាំទៅដល់ការបិទអាជីវកម្មជាច្រើន។

ការបិទខ្ទប់យូរៗរបស់ទីក្រុងសៀងហៃបានធ្វើឱ្យគាំងអាជីវកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់

AmCham Shanghai បាននិយាយនៅក្នុងរបាយការណ៍មួយនៅថ្ងៃពុធនេះថា ក្រុមហ៊ុនអាម៉េរិកជាង ៩០ ភាគរយនៅក្នុងទីក្រុង ដែលអង្កេតដោយ AmCham Shanghai បានកាត់បន្ថយការព្យាករណ៍ប្រាក់ចំណូលរបស់ពួកគេសម្រាប់ឆ្នាំនេះ។

ការស្ទាបស្ទង់លើក្រុមហ៊ុនចំនួន ១៣៣ ក៏បានរកឃើញដែរថា ក្រុមហ៊ុនចំនួនមួយភាគបីរំពឹងថាប្រាក់ចំណូលនឹងទាបជាងការព្យាករណ៍ ២០ ភាគរយ។

AmCham Shanghai បាននិយាយថា ជិត ២៥ ភាគរយនៃក្រុមហ៊ុន ដែលត្រូវបានស្ទាបស្ទង់ បានកាត់បន្ថយផែនការវិនិយោគ។

មជ្ឈមណ្ឌលពាណិជ្ជកម្មដែលមានប្រជាជន ២៥ លាននាក់នេះត្រូវបានបិទខ្ទប់ចាប់ពីចុងខែមីនា នៅពេលដែលមេរោគអូមីក្រុងបានជំរុញឱ្យមានការផ្ទុះឡើងករណីឆ្លងដ៏អាក្រក់បំផុតនៅប្រទេសចិនក្នុងរយៈពេលពីរឆ្នាំ៕