ប្រែសម្រួល : កញ្ញាដាលីស (ប៊ីប៊ីស៊ី) ៖ ប្រជាជនប៉ាគីស្ថានត្រូវបានស្នើឱ្យកាត់បន្ថយបរិមាណទឹកតែដែលពួកគេផឹក ដើម្បីរក្សាលំនឹងសេដ្ឋកិច្ចរបស់ប្រទេស។

រដ្ឋមន្ត្រី​ជាន់​ខ្ពស់​លោក អាសាន អ៊ីកបាល់ (Ahsan Iqbal) បាន​និយាយនៅថ្ងៃពុធទី១៥មិថុនានេះ​ថា ការផឹកតែ​តិចតួច​ក្នុង​មួយ​ថ្ងៃ​នឹង​ជួយកាត់​បន្ថយ​ការចំណាយ​នាំ​ចូលដ៏​ខ្ពស់​របស់​ប៉ាគីស្ថាន។

ទុនបម្រុងរូបិយប័ណ្ណបរទេសទាបរបស់ប្រទេសនេះ ដែលបច្ចុប្បន្នគ្រប់គ្រាន់សម្រាប់ការនាំចូលរយៈពេលតិចជាងពីរខែ បានធ្វើឱ្យប៉ាគីស្ថានត្រូវការមូលនិធិយ៉ាងបន្ទាន់បំផុត។

ប៉ាគីស្ថានគឺជាប្រទេសនាំចូលតែធំបំផុតរបស់ពិភពលោក ដោយបានទិញតែក្នុងតម្លៃជាង ៦០០ លានដុល្លារកាលពីឆ្នាំមុន

ប៉ាគីស្ថានគឺជាប្រទេសនាំចូលតែធំបំផុតរបស់ពិភពលោក ដោយបានទិញតែក្នុងតម្លៃជាង ៦០០ លានដុល្លារកាលពីឆ្នាំមុន។

លោកអ៊ីកបាល់បាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា “ខ្ញុំសូមអំពាវនាវដល់ប្រជាជាតិឱ្យកាត់បន្ថយការទទួលទានតែពីមួយទៅពីរពែង ពីព្រោះយើងនាំចូលតែដោយជំពាក់លុយគេទេ”។

លោកក៏​បាន​ស្នើ​ឱ្យអាជីវករទាំងអស់​បិទ​តូបលក់ដូរនៅ​ផ្សារ​នៅ​ម៉ោង​២០៖​៣០​នាទីផងដែរដើម្បី​សន្សំសំចៃ​អគ្គិសនី។

ការអង្វរករនេះបានកើតឡើងនៅពេលដែលទុនបំរុងរូបិយប័ណ្ណបរទេសរបស់ប៉ាគីស្ថានបន្តធ្លាក់ចុះយ៉ាងឆាប់រហ័ស ដោយដាក់សម្ពាធលើរដ្ឋាភិបាលឱ្យកាត់បន្ថយការចំណាយលើការនាំចូលខ្ពស់និងរក្សាមូលនិធិនៅក្នុងប្រទេស៕