​ដោយៈ សុផល / ភ្នំពេញ​៖ កាកបាទក្រហមកម្ពុជា ដែលមាន​ហ្លួង​ម៉ែ នរោត្តម មុនិនាថ សីហនុ ជា​ព្រះប្រធាន​កិត្តិយស និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២២ នេះ បាន​ឧបត្ថម្ភ​ថវិកា ១​លាន​ដុល្លារ​អាមេរិក ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ជា​លើក​ទី​៥ ដែល​ត្រូវជា​លើក​ទី​១១ (​ឆ្នាំ​ទី​១១) សម្រាប់​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា គិត​ចាប់​តាំង ពី​ឆ្នាំ​២០១២ រៀងមក​។​

​ពិធី​ប្រគល់​-​ទទួល​ថវិកា ប្រព្រឹត្តទៅ​នៅ​ទីស្នាក់ការ​កណ្តាល កាកបាទក្រហមកម្ពុជា ក្រោម​វត្តមាន លោកស្រី ពុំ ចន្ទី​នី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និង លោក រស់ សីល​វ៉ា រដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជានា​យក​ប្រតិបត្តិ មូលនិធិ​គន្ធបុប្ផា​កម្ពុជា​។​

​ថវិកា​ចំនួន ១​លាន​ដុល្លារ​នេះ ក៏​ត្រូវបាន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ប្រគល់ជូន​មន្ទីរពេទ្យ កុមារ​គន្ធបុប្ផា ដែល​តំណាង​ដោយ លោក​វេជ្ជបណ្ឌិត Denis Laurent អគ្គនាយក និង​ជា​តំណាង មូលនិធិ​គន្ធបុប្ផា​ស្វី​ស ក្នុងពេល​នោះដែរ​។​

​មូលនិធិ​គន្ធបុប្ផា​កម្ពុជា និង​មូលនិធិ​គន្ធបុប្ផា​ស្វី​ស បាននិងកំពុង​ពិភាក្សា ពង្រឹង​កិច្ចសហប្រតិបត្តិការ ឱ្យបាន​កាន់តែ​រឹងមាំ គិតគូរ​ពី​ការពង្រីក​មន្ទីរពេទ្យ ពី​ការបំពាក់​គ្រឿង​បរិក្ខា​ពេទ្យ ទំនើប​ទាន់សម័យ និង​ការផ្តល់សេវា​សុខភាព​នានា ដើម្បី​បំពេញ​សេចក្តីត្រូវការ របស់​ប្រជាពលរដ្ឋ​៕/V​