ដោយៈ ប​.​ខុន / ភ្នំពេញៈ បទល្មើស​នេសាទ នៅ​បឹង​ទន្លេសាប ពេលនេះ សឹងតែ​លែងមាន បន្ទាប់ពី​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ នៅ​បឹង​ទន្លេ សាប បាន​ចាត់វិធានការ​បង្ក្រាប​ដ​ល់​ឫសគល់ និង​បន្ត​ដាក់​កម្លាំង​ឃ្លាំមើល នៅតាម​គោលដៅ នៃ​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប ជាប្រចាំ​រួចមក​។​

​លោក ណៅ ធួ​ក រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជា​អនុប្រធាន​នៃ គណៈកម្មការ​អន្តរក្រសួង ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ នៅ​បឹង​ទន្លេសាប បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២២​ថាៈ បទល្មើស​នេសាទ នៅ​បឹង​ទន្លេសាប ពេលនេះ មិន​ហ៊ាន​និយាយថា​អស់ទាំង​ស្រុង​នោះទេ តែ​វា​បាន​ថយចុះ​ច្រើន ជាពិសេស​សកម្មភាព​ល្មើស ជា​រូបភាព​ធំដុំ ដូចជា​ការ​អូស​អូន​យប់​-​ថ្ងៃ ដោយ​ទូក​ម៉ាស៊ីន លែងមាន បន្ទាប់ពី​ក្រុមការងារ​ចម្រុះ បានធ្វើការ​បង្ក្រាប​ដល់​ឫសគល់ ជា​បន្តបន្ទាប់ ទាំង​អ្នកនេសាទ និង​អ្នកប្រមូល​ទិញ​ផល បានមកពី​ការនេសាទ ខុសច្បាប់ ឱ្យ​រត់​ខ្ចាត់ខ្ចាយ អស់​រួចមក​។​

​យុទ្ធនាការ​បង្ក្រាប់​បទ​ល្មើស​នេសាទ ដែល​នៅតែ​បន្តធ្វើ ដោយ​ក្រុមចម្រុះ នៅតាម​ខេត្ត ជុំវិញ​បឹង​ទន្លេសាប ទទួលបាន​លទ្ធផល​ល្អ​មកនេះ លោក ណៅ ធួ​ក បានបញ្ជាក់​ថាៈ ដោយសារ​យើង​បាន​ប្រើប្រាស់​កម្លាំង​ច្រើន ដាក់​នៅតាម​គោលដៅ របស់​ខេត្ត​នីមួយៗ ដើម្បី​ឃ្លាំមើល​សកម្មភាព​បទល្មើស តាម​ចាប់ខ្លួន​ជន ដែលមាន​ការពាក់ព័ន្ធ​នឹង​បទល្មើស មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ នៅ​មូលដ្ឋាន រាល់​ឧបករណ​ល្មើស ដែល​គេ​បានដាក់ នៅក្នុង​បឹង​ទន្លេសាប ត្រូវបាន​រុះរើ និង​បំផ្លាញចោល ជា​បន្តបន្ទាប់​។​

​លោក ណៅ ធួ​ក បាន​និយាយ​ឱ្យដឹងទៀតថាៈ ការបង្ក្រាប​បទល្មើស​នេសាទ​នេះ ខេត្តកំពង់ចាម ដែលមាន​ការពាក់ព័ន្ធ​ខ្លះ នៅតាម​ដង​ទន្លេសាប ត្រង់ចំណុច​ព្រំប្រទល់ នៃ​ខេត្តកំពង់ឆ្នាំង កណ្តាល និង កំពង់ចាម ក៏បាន​ណែនាំ​ឱ្យចេញ​ធ្វើ​សកម្មភាព​បង្ក្រាប នៅតាម​ដង​ទន្លេសាប​ដែរ​។ បទល្មើស​នេសាទ នៅ​ដង​ទន្លេសាប និង​បឹង​ទន្លេសាប នៅពេល នេះ អាច​និយាយបានថា មិនមាន​សកម្មភាព​ធំដុំ កើតឡើង​ទេ​។​

​លោក អ៊ុក ណារិន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល កំពង់ចាម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា ដឹង​នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២២​ថាៈ បទល្មើស​នេសាទ តាម​ដង​ទន្លេសាប ក្នុងភូមិ សាស្ត្រ​ខេត្តកំពង់ចាម ម្តុំ​ខ្លា​គ្រហឹម (​ព្រំប្រទល់ ខេត្តកណ្តាល កំពង់ឆ្នាំង និង កំពង់ចាម​) តាំងពី​រាជរដ្ឋាភិបាល ចេញ​បទបញ្ជា រហូតមកដល់​ត្រឹម​ថ្ងៃទី​១៤ ខែមិថុនា មិន​នៅមាន​ទៀត​ទេ ដោយសារ​យើង​បាន​ចុះ​ធ្វើការ​បោសសម្អាត​ជាប្រចាំ ដោយមាន​ការចូលរួម​ពី អាជ្ញាធរ​មូលដ្ឋាន​។
​បទល្មើស​នេសាទ នៅតាម​ដង​ទន្លេសាប នៅ​រដូវ​នេះ មានតែ​ការដាក់​របាំង​ស្បៃ មុង​តូចៗ តាម​មាត់ទន្លេ ដើម្បី​ចាប់​កូន​ត្រី ក្នុងពេល​ទឹក ចាប់ផ្តើម​ហូរ​ចូល​បឹង​ទន្លេសាប​៕/V​