ប្រែសម្រួល : កញ្ញាដាលីស (ឆានែលញូវអេស៊ា) ៖ ដោយសម្អាងលើទិន្នន័យថ្មីៗនេះ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់សហរដ្ឋអាម៉េរិក (CDC) បាននិយាយកាលពីថ្ងៃអង្គារទី១៤ មិថុនាថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Moderna អាចបង្កហានិភ័យខ្ពស់នៃការរលាកបេះដូងក្នុងក្រុមអាយុមួយចំនួនធៀបនឹងវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech ។

ទោះជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារនេះបាននិយាយថា ការរកឃើញលើជំងឺ Myocarditis និង Pericarditis ដែលជាប្រភេទនៃការរលាកបេះដូងផ្សារភ្ជាប់ទៅនឹងការចាក់ថ្នាំវ៉ាក់សាំង mRNA គឺមិនស៊ីសង្វាក់គ្នាទេនៅទូទាំងប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពវ៉ាក់សាំងរបស់សហរដ្ឋអាម៉េរិកទាំងអស់។

ដបវ៉ាក់សាំង Moderna

ការវិភាគរបស់ CDC បានកើតឡើង ខណៈដែលទីប្រឹក្សារដ្ឋបាលចំណីអាហារនិងឱសថសហរដ្ឋអាម៉េរិក (FDA) ជួបប្រជុំគ្នាកាលពីថ្ងៃអង្គារដើម្បីពិភាក្សាអំពីការអនុញ្ញាតដល់វ៉ាក់សាំង Moderna សម្រាប់កុមារនិងក្មេងជំទង់ដែលមានអាយុពី ៦-១៧ ឆ្នាំ។

ដោយផ្អែកលើទិន្នន័យពីប្រព័ន្ធទិន្នន័យបណ្តាញសុវត្ថិភាពវ៉ាក់សាំង (VSD) អត្រានៃការរលាកបេះដូងគឺ ៩៧,៣ ករណីក្នុងមួយលានដូសសម្រាប់បុរសដែលមានអាយុពី ១៨-៣៩ ឆ្នាំ បន្ទាប់ពីការចាក់វ៉ាក់សាំង Moderna ដូសទីពីរ ធៀបនឹង ៨១,៧ ករណីក្នុងមួយលានដូសនៃវ៉ាក់សាំង Pfizer ។

CDC បាននិយាយថា ព័ត៌មានដែលអាចរកបាន បានបង្ហាញថា មនុស្សភាគច្រើនដែលមានជំងឺរលាកសាច់ដុំបេះដូង បន្ទាប់ពីការចាក់វ៉ាក់សាំង mRNA គឺជាសះស្បើយតាមពេលវេលា៕