​ដោយៈ សុផល / ភ្នំពេញ​៖ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ (​ក​យ​កា​-KOICA) ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២២ បាន​បើក​ដំណើរការ កម្មវិធី​បណ្តុះបណ្តាល​មួយ តាម​ប្រព័ន្ធ​អន​ឡាញ ស្តីពី “​ការពង្រឹង​សមត្ថភាព លើ​យន្តការ​លើកកម្ពស់ និង​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​” ដែលមាន​ការចូលរួម ពី​សិក្ខាកាម មកពី គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​។

​គោលបំណង នៃ​វគ្គ​បណ្តុះបណ្តាល​នេះ​គឺ ដើម្បី​រួមចំណែក​សម្រេចបាន នូវ​សមត្ថភាព ផ្នែក​រដ្ឋបាល​របស់​ម​ន្ត្រី​ថ្នាក់​ការងារ របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​។​

​ឆ្នាំនេះ ក​យ​កា​-KOICA បានរៀបចំ​វគ្គ​បណ្តុះបណ្តាល ឆ្នាំ​ទី​៣​តាម​ប្រព័ន្ធ​អន​ឡាញ ស្តីពី “​ការពង្រឹង​សមត្ថភាព លើ​យន្តការ​លើកកម្ពស់ និង​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​” ចាប់ពី​ថ្ងៃទី ២០ ដល់ ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២២​។​

​វគ្គ​បណ្តុះបណ្តាល តាម​ប្រព័ន្ធ​អន​ឡាញ មាន​រយៈពេល ១០ ថ្ងៃនេះ គឺ​សម្រាប់​មន្ត្រី បច្ចេកទេស ចំនួន ២០ រូប​មកពី​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​។ វគ្គ​បណ្តុះបណ្តាល ដ៏​សំខាន់​នេះ ត្រូវបាន​រៀបចំឡើង ដើម្បីៈ ទី​១)- ផ្តល់នូវ​ឯកសារយោង អំពី​បទពិសោធន៍ របស់​ប្រទេស​កូរ៉េ សម្រាប់​ការធ្វើឱ្យ​ប្រសើរឡើង នូវ​ផ្នែក​សិទ្ធិមនុស្ស នៅ​កម្ពុជា។  ទី​២)- ជួយ​ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង និង​ទំនើបកម្ម​នៃ​សន្តិភាព និង​ការអប់រំ​សិទ្ធិមនុស្ស
​ទី​៣)- ពង្រឹងសមត្ថភាព​មន្ត្រី​ស៊ីវិល នៃ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ដើម្បី​ពង្រឹង​គោលនយោបាយ​ប្រព័ន្ធ​សិទ្ធិមនុស្ស​។​

​សិក្ខាកាម​ទាំងអស់ ត្រូវ​រៀបចំ​របាយការណ៍ ប្រចាំ​ប្រទេស (Country Report) ដោយ​ធ្វើ ការវិភាគ លើ​បញ្ហា​នាពេល​បច្ចុប្បន្ន និង​បញ្ហា​ប្រឈម​ធំៗ ដែល​ប្រទេស​កំពុង​ជួបប្រទះ​។ វា​គឺជា​ផ្នែក​មួយ នៃ​ដំណើរ​ការបង្កើត​ផែនការ​សកម្មភាព ដែល​សិក្ខាកាម នឹងចូលរួម​នៅក្នុង អំឡុងពេល នៃ​កម្មវិធី​បណ្តុះបណ្តាល​។​

​នៅ​ប្រទេស​កម្ពុជា ក​យ​កា​-KOICA ធ្វើការ​លើ​ផ្នែក​បច្ចេកទេស​ជាច្រើន ទៅលើ​កម្មវិធី និង​គម្រោង​ផ្សេងៗ ដែល​ជះឥទ្ធិពល​យ៉ាងខ្លាំង ដល់​ការអភិវឌ្ឍ​របស់ ប្រទេស​កម្ពុជា ដូចជា​ការកែលម្អ​អាហារូបត្ថម្ភ និង​សុខុមាលភាព​របស់​សិស្ស ការពង្រឹង​សមត្ថភាព​គ្រូបង្រៀន សុខភាព​សាធារណៈ កសិកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ និង​នាវា​នុ​វត្ត​។ ក​យ​កា​-KOICA នឹង​បន្ត​គាំទ្រ និង​អនុវត្ត​កម្មវិធី នៅ​កម្ពុជា ដែល​ផ្តោតលើ​ការអភិវឌ្ឍ ធនធានមនុស្ស​។​

​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ (​ក​យ​កា​-KOICA) ត្រូវបាន​បង្កើតឡើង នៅ​ឆ្នាំ​១៩៩១ ក្រោម​ក្រសួងការបរទេស នៃ​សាធារណរដ្ឋ​កូរ៉េ គឺជា​ទីភ្នាក់ងារ​រដ្ឋាភិបាល ដែល​បាន​ផ្តល់នូវ កម្មវិធី​ជំនួយឥតសំណង របស់​ប្រទេស​កូរ៉េ​។ ក​យ​កា មាន​គោលបំណង លើកកម្ពស់ ទំនាក់ទំនង​មិត្តភាព សហប្រតិបត្តិការ និង​ការផ្លាស់ប្តូរ​គ្នា​ទៅវិញទៅមក ជាមួយ​បណ្តា​ប្រទេស កំពុងអភិវឌ្ឍន៍ តាមរយៈ​កម្មវិធី​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ (ODA) សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​របស់​ពួកគេ​។​

​ដើម្បី​សម្រេច​គោលដៅ​នេះ ក​យ​កា (KOICA) បាន​ចូលរួម​ក្នុង​គម្រោង ជាច្រើន រួមទាំង កម្មវិធី​គម្រោង និង​កម្មវិធី​ផ្លាស់ប្តូរ​បទពិសោធន៍​ក្នុងការ​អភិវឌ្ឍ (Development Experience Exchange Program-DEEP) កម្មវិធី​អាហារូបករណ៍ មិត្តភក្តិ​កូរ៉េ​ពិភពលោក (​មាន​អ្នកស្ម័គ្រចិត្ត និង​ទីប្រឹក្សា​កូរ៉េ​) ជំនួយ​មនុស្សធម៌ និង​ជំនួយ​បន្ទាន់ សម្រាប់​គ្រោះមហន្តរាយ ភាពជា​ដៃគូ សាធារណៈ និង​ឯកជន (PPP) កិច្ចសហប្រតិបត្តិការ​ពហុភាគី និង​មូលនិធិ​ទប់ស្កាត់​ជំងឺឆ្លង ទូទាំង​ពិភពលោក​៕/V​