ប្រែសម្រួល : កញ្ញាដាលីស (ប៊ីប៊ីស៊ី) ៖ ប្រទេសស្រីលង្កាកំពុងផ្តល់ឱ្យមន្ត្រីរដ្ឋាភិបាលនូវថ្ងៃឈប់សម្រាកបន្ថែមមួយថ្ងៃក្នុងមួយសប្តាហ៍ដើម្បីលើកទឹកចិត្តពួកគេឱ្យដាំដុះបន្លែបង្ការ ចំពេលមានការបារម្ភអំពីកង្វះស្បៀងអាហារ។

ប្រទេសនេះមានបុគ្គលិកសាធារណៈប្រហែលមួយលាននាក់។

រឿងនេះកើតឡើងនៅពេលដែលប្រទេសកោះដែលមានប្រជាជនប្រហែល ២២ លាននាក់នេះកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតក្នុងរយៈពេលជាង ៧០ ឆ្នាំ។

ស្រីលង្កាកំពុងជួបការលំបាកខ្លាំងក្នុងការចំណាយសម្រាប់ការនាំចូលសំខាន់ៗដូចជាអាហារ ប្រេងឥន្ធនៈ និងថ្នាំពេទ្យ ដោយសារប្រទេសនេះប្រឈមមុខនឹងកង្វះរូបិយប័ណ្ណបរទេសយ៉ាងធ្ងន់ធ្ងរ។

ការឈប់សម្រាកបន្ថែមនេះកើតឡើងខណៈតម្លៃស្បៀងអាហារនៅស្រីលង្កាកើនឡើងខ្ពស់

កាលពីយប់ថ្ងៃចន្ទកន្លងទៅ រដ្ឋាភិបាលបានអនុម័តលើសំណើសម្រាប់បុគ្គលិកក្នុងវិស័យសាធារណៈទទួលបានការឈប់សម្រាករៀងរាល់ថ្ងៃសុក្រសម្រាប់រយៈពេលបីខែបន្ទាប់។

រដ្ឋាភិបាលនិយាយ​ថា ការ​សម្រេច​ចិត្ត​នេះ​គឺ​ធ្វើឡើងមួយ​ផ្នែក​ដើម្បី​ជួយបុគ្គលិករដ្ឋ​ដែល​ជួប​ការ​លំបាក​ក្នុង​ការ​ចូល​ធ្វើ​ការ​ដោយ​សារ​កង្វះ​ខាត​ប្រេង​ឥន្ធនៈ ព្រម​ទាំង​ជំរុញ​ឱ្យ​ពួក​គេ​ដាំ​បន្លែនិង​ផ្លែ​ឈើ ដើម្បី​ជួយ​ចិញ្ចឹម​ខ្លួនឯង​និង​ក្រុម​គ្រួសារ។

រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើវេបសាយរបស់ខ្លួនថា “វាហាក់សមរម្យក្នុងការអនុញ្ញាតឱ្យមន្ត្រីរដ្ឋាភិបាលឈប់សម្រាកមួយថ្ងៃក្នុងមួយសប្តាហ៍ ហើយផ្តល់ឱ្យពួកគេនូវសម្ភារៈចាំបាច់សម្រាប់ចូលរួមក្នុងសកម្មភាពកសិកម្មនៅក្នុងទីធ្លាផ្ទះរបស់ពួកគេ ឬកន្លែងផ្សេងទៀតដែលជាដំណោះស្រាយចំពោះកង្វះខាតស្បៀងអាហារដែលរំពឹងកើតឡើងនាពេលអនាគត”។

កាល​ពី​ថ្ងៃ​ចន្ទ​ផង​ដែរ សហរដ្ឋ​អាម៉េរិក​បាន​និយាយ​ថា ខ្លួន​បានត្រៀម​​ជា​ស្រេច​ក្នុង​ការ​ជួយ​ស្រីលង្កា។

បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីស្រីលង្កា លោក រ៉ានីល វីកក្រេមេស៊ីងហេ (Ranil Wickremesinghe) រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក អានថូនី ប្លីងកិន បាននិយាយថា សហរដ្ឋអាម៉េរិក “ត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយស្រីលង្កា”៕