ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ TVET DAY កំពុង​ជំរុញ​កាលានុវត្តភាព ដ៏​ប្រសើរ​ថ្មី​មួយទៀត ក្នុងការ​ធ្វើឱ្យ​កម្ពុជា ប្រែក្លាយជា​ប្រទេសមួយ សម្បូរ​ធនធានមនុស្ស​ប្រកបដោយ​កម្លាំង​ពលកម្ម​ជំនាញ ចំណេះដឹង សមត្ថភាព ជំនាញ សីលធម៌​វិជ្ជាជីវៈ និង​ផលិតភាព​ខ្ពស់ ព្រមទាំង​ជា​ប្រទេស​ដែលមាន​សក្តានុពល ក្នុងការ​ទាក់ទាញ​អ្នកវិនិយោគ​ទាំង​ក្នុង​និង​ក្រៅ​ស្រុក ជាពិសេស​ក្រុមហ៊ុន​ផលិត​ធំៗ ឱ្យមក​វិនិយោគ​នៅ​កម្ពុជា​។ នេះ​ជាការ​ថ្លែង​បញ្ជាក់​ពី​សំណាក់ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​។

​គួរ​បញ្ជាក់ថា ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​ឆ្នាំនេះ បានធ្វើ​ការតាំង​បង្ហាញ​ពី​សមិទ្ធផល នវានុវត្តន៍ និង​ការបង្កើត​ថ្មី ដែលមាន​ភាពលេច​ធ្លោ​ដោយ​ការប្រើប្រាស់​ការច្នៃប្រឌិត និង​បច្ចេកវិទ្យា​ថ្មីៗ ដូច​ជាការ​បង្ហោះ​ដ្រូ​ន​ជា​ក្រុម ចំនួន ១៥០, រ៉ូ​បូត​ដែលមាន​បញ្ញា​និម្មិត (AI) កាន់តែ​ខ្ពស់ និង​អាច​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស ដែលជា​ស្នាដៃ​ផ្ទាល់​របស់​សិស្ស និស្សិត​ផ្នែក​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​។

​ថ្លែង​ក្នុងឱកាស​ប្រារព្ធ​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​លើក​ទី​៥ ឆ្នាំ​២០២២ ក្រោម​ប្រធានបទ “TVET បង្កើន​ផលិតភាព​ការងារ និង​ភាព​ប្រកួតប្រជែង​ខ្ពស់​” នា​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២២ នៅ​មជ្ឍមណ្ឌល​ពិ​ព័ណ៌​ពាណិជ្ជកម្ម កោះ​ពេជ្រ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ បានឱ្យដឹងថា​: ការរៀបចំ​ទិវា​ជាតិ​នេះ ក្រៅពី​ផ្សព្វផ្សាយ​បង្កើន​ការយល់ដឹង អំពី​សារសំខាន់ នៃ​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ការណែនាំ​មុខជំនាញ​បច្ចេកទេស និង​ព័ត៌មាន​អាហារូបករណ៍ និង​ព័ត៌មាន​ការងារ ជំរុញ​ការផ្លាស់ប្តូរ​ផ្នត់គំនិត​របស់​សិស្សានុសិស្ស យុវជន កម្មករ និយោជិត និង​មហាជន​ទូទៅ ឱ្យមើល​ឃើញ​ពី​តម្លៃ និង​ងាក​មក​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដែល​ទីផ្សារការងារ កំពុងមាន​តម្រូវការ​ខ្ពស់ ព្រមទាំង​ការធានា​ជាមុន សឹងតែ​ពេញលេញ ក្នុង​ការទទួល​បានកា​រងារ​ធ្វើ​ប្រកបដោយ​ប្រាក់ចំណូល​ល្អ​សមរម្យ​។

​លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា​: TVET អាច​ប្រែក្លាយ​ក្តី​សុ​បិ​ន្ត​ប្រជាពលរដ្ឋ​គ្រប់រូប ទទួលបាន​ការសិក្សា​ពេញ​មួយជីវិត ដោយមាន​ប្រព័ន្ធ​ឯកភាព អាច​ឆ្លងទៅ​-​មក​បាន​ដោយ​ងាយស្រួល និង​បើកឱកាស​ឱ្យ​អាចធ្វើ​ការសម្រេចចិត្ត ក្នុងការ​សិក្សា នៅពេលណា ទីកន្លែង​ណា និង​វិធី​ណា​ក៏បាន ស្របទៅតាម​ស្ថានភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ម្នាក់ៗ តាមរយៈ​ក្របខ័ណ្ឌ​គុណវុឌ្ឍិ​ជាតិ​កម្ពុជា ដែលមាន​កម្មវិធី​បណ្ដុះ​បណ្ដាល​ថ្មី ផ្អែកលើ​សមត្ថភាព សម្រាប់​គុណវុឌ្ឍិ​ជាតិ កម្រិត ១, ២, ៣, ៤ និង​៥ សម្រាប់ ៥ វិស័យ រួមមាន សំណង់ អគ្គិសនី និង​ឋា​ម​ពល អេឡិចត្រូនិក មេកា​និក កម្មន្តសាល បរិក្ខារ​ត្រជាក់​និង​កំដៅ និង​ធុរកិច្ច​/ICT, បាន​ដាក់ឱ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​ធ្វើតេស្ត​សមត្ថភាព និង​ផ្តល់​វិញ្ញាបនបត្រ​ទទួលស្គាល់​ការសិក្សា​ពីមុន ដែល​នឹងធ្វើ​សមាហរណកម្ម​អ្នក​បានទទួល​។

​គួរ​បញ្ជាក់ដែរថា ការរៀបចំ​ប្រារព្ធ​រៀបចំ​ទិវា​ជាតិ នៅ​រាជធានី​ភ្នំពេញ គឺ​រៀបចំ​នៅ​មជ្ឍមណ្ឌល​ពិ​ព័ណ៌​ពាណិជ្ជកម្ម កោះ​ពេជ្រ មាន​រយៈពេល​មួយថ្ងៃ​ពេញ​ចាប់ពី​ម៉ោង ៨:០០ នាទី​ព្រឹក ដល់​ម៉ោង ៨:០០ នាទី​យប់ ដោយមាន​បញ្ជរ​សរុប​ចំនួន ៥៥ ហើយ​ត្រូវប៉ាន់​ស្មាន​ជាមុន​ថា នឹងមាន​អ្នកចូលរួម​ប្រមាណ​ជាង ១​ម៉ឺន ៥​ពាន់​នាក់ រួមទាំង​មានការ​បង្ហោះ​ដ្រូ​ន​ជា​ក្រុម នៅពេល​យប់​ចំនួន ១៥០ ផងដែរ​៕/V​.mara