ប្រែសម្រួល : កញ្ញាដាលីស (បាងកកប៉ុស្តិ៍) ៖ ប្រទេសឡាវ ដែលមានទុនបម្រុងជាសាច់ប្រាក់ស្រុតចុះជាលំដាប់និងអតិផរណាកើនឡើងឥតឈប់ កំពុងប្រឈមមុខនឹងបញ្ហាដូចគ្នាមួយចំនួនដែលបានរុញច្រានប្រទេសស្រីលង្កាឱ្យគ្មានលទ្ធភាពសងបំណុលទាន់ពេល និង គំរាមកំហែងដល់តុល្យភាពនៃការទូទាត់របស់ប្រទេសប៉ាគីស្ថាន។

កង្វះខាតប្រេងឥន្ធនៈនៅទូទាំងប្រទេសអាស៊ីអាគ្នេយ៍ ដែលមានប្រជាជនចំនួន ៧,៥ លាននាក់មួយនេះ គឺជាសញ្ញាចុងក្រោយនៃវិបត្តិ ដែលកើតចេញពីតម្លៃប្រេងខ្ពស់និងតម្លៃរូបិយវត្ថុធ្លាក់ចុះ។ អ្វី​ដែល​គួរឱ្យ​ព្រួយ​បារម្ភ​បំផុត​គឺ​បន្ទុក​បំណុល​ដែល​ធ្វើឱ្យ​គំនរ​សាច់​ប្រាក់​របស់ឡាវកាន់តែស្រកចុះ ដែលនេះជា​បញ្ហា​ប្រឈម​មួយ​សម្រាប់​របប​កុម្មុយនីស្ត​ឡាវ ​ដែល​បាន​កាន់​អំណាច​តាំងពី​ឆ្នាំ ១៩៧៥។

លោក អានូសកា សា (Anushka Shah) ជាអនុប្រធាននិងជាមន្ត្រីឥណទានជាន់ខ្ពស់នៅក្រុមហ៊ុន Moody’s Investors Service ដែលបានទម្លាក់ចំណាត់ថ្នាក់ឥណទានរបស់ឡាវមួយកាំមកនៅត្រឹមកម្រិត Caa3 កាលពីថ្ងៃអង្គារទី១៤មិថុនា ដោយលើកឡើងពីអភិបាលកិច្ចទន់ខ្សោយ បន្ទុកបំណុលខ្ពស់ និងទុនបម្រុងប្រាក់បរទេសមិនគ្រប់គ្រាន់ដើម្បីសងបំណុលជិតដល់កាលកំណត់ពីខាងក្រៅ បាននិយាយថា “ប្រទេសនេះកំពុងរកកល់ធ្លាក់ក្នុងភាពគ្មានលទ្ធភាពសងបំណុល”។

ប្រជាជនកំពុងតម្រង់ជួរចាំទិញសាំងនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវកាលពីថ្ងៃទី១៧ ឧសភា ឆ្នាំ២០២២

យោងតាមធនាគារពិភពលោក គិតត្រឹមខែធ្នូ ប្រទេសនេះមានទុនបម្រុងចំនួន ១,៣ ពាន់លានដុល្លារក្នុងដៃ ខណៈការសងបំណុលខាងក្រៅសរុបមានចំនួនដូចគ្នានេះដែរជារៀងរាល់ឆ្នាំរហូតដល់ឆ្នាំ ២០២៥ ដែលស្មើនឹងពាក់កណ្តាលនៃប្រាក់ចំណូលក្នុងស្រុកសរុប។

ក្រសួង​ហិរញ្ញវត្ថុ​មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​ការបំភ្លឺនោះ​ទេ។

អត្រាការប្រាក់ខ្ពស់មួយភាគពីររបស់សហរដ្ឋអាម៉េរិក ដែលធ្វើឱ្យរូបិយវត្ថុក្នុងស្រុកធ្លាក់ចុះធៀបនឹងប្រាក់ដុល្លារ និងធ្វើឱ្យការនាំចូលមានតម្លៃថ្លៃជាងមុន ព្រមទាំងតម្លៃប្រេងកើនឡើងខ្ពស់ដោយសារតែការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន បាននាំមកនូវផលវិបាកដល់បណ្តាប្រទេសកំពុងអភិវឌ្ឍដែលមានបំណុលខ្ពស់ ប្រាក់ចំណូលខ្សោយ និងទុនបម្រុងជាសាច់ប្រាក់មិនគ្រប់គ្រាន់។

កត្តាជាប់គាំងទាំងនោះបានរុញច្រានប្រទេសស្រីលង្កាចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចនិងនយោបាយនៅដើមឆ្នាំនេះ ដោយធ្វើឱ្យប្រទេសនេះគ្មានលទ្ធភាពនាំចូលប្រេងឥន្ធនៈ អាហារ និងថ្នាំពេទ្យ ដោយជំពាក់បំណុលគេគ្មានលទ្ធភាពសង និង កំពុងជួបការលំបាកក្នុងការស្វែងរកលុយបរទេស។

គណបក្សបដិវត្តន៍ប្រជាជនឡាវ (LPRP) ដែលគ្រប់គ្រងរដ្ឋឯកបក្សដ៏តឹងរ៉ឹងខ្លាំងមួយនេះ ត្រូវគេរំពឹងថានឹងព្យាយាមទប់ទល់នឹងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន។

លោក ហារីសុន ចេង (Harrison Cheng) នាយករងនៅក្រុមហ៊ុន Control Risks បាននិយាយថា ខណៈឡាវមិនទំនងជាជួបការតវ៉ាដែលនាំទៅដល់ការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រីស្រីលង្កាលោក ម៉ាហ៊ីនដា រ៉ាចាប៉ាក់សា (Mahinda Rajapaksa) ភាពមិនសប្បាយចិត្តក្នុងចំណោមប្រជាជនអាចមានផលវិបាកធ្ងន់ធ្ងរដល់ថ្នាក់ដឹកនាំបច្ចុប្បន្ន។

លោកបាននិយាយថា “អ្វីដែលទំនងជានឹងកើតឡើង ប្រសិនបើគណបក្ស LPRP ព្យាយាមផ្គាប់ចិត្តសាធារណជនដើម្បីស៊ីពេលរហូតដល់វិបត្តិសេដ្ឋកិច្ចថមថយ គឺការលះបង់មន្ត្រីកំពូលៗ រដ្ឋមន្ត្រី ឬសូម្បីនាយករដ្ឋមន្ត្រីលោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh)។ សំណួរគឺថាតើ LPRP អាចយកឈ្នះលើពេលវេលាបានទេ ដោយហេតុថាវិបត្តិបំណុលកាន់តែធ្ងន់ធ្ងរនិងអតិផរណាកើនឡើងហាក់គ្មានទីបញ្ចប់”៕